ប្រជុំបូកសរុបលទ្ធផលការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្តិភាពឆ្នាំ២០១៤ និងលើកទិសដៅឆ្នាំ២០១៥ របស់ខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ « ការពង្រឹងនិងពង្រីកប្រជាការពារគឺជាការងារសំខាន់ណាស់ សំរាប់អនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្តិភាពនៅតាមមូលដ្ឋាន ដែលជាកម្លាំងជំនួយដល់សមត្ថកិច្ចមូលដ្ឋាន » នេះជាការលើកឡើងរបស់លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំការងារត្រួតពិនិត្យលទ្ធផលការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពប្រចាំ ឆ្នាំ២០១៤ និងលើកទិសដៅអនុវត្ត ឆ្នាំ២០១៥របស់ខេត្តកំពង់ឆ្នាំង ដែលបានធ្វើឡើងនៅក្នុងសាលប្រជុំសាលាខេត្តនាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤។ ដោយមានវត្តមានចូល រួមពី លោក ឈួរ ចន្ទ័ឌឿន អភិបាលខេត្ត លោកលោកស្រីអភិបាលរងខេត្តប្រធានមន្ទីរ អង្គភាពជុំវិញខេត្តអភិបាល ស្រុកមេឃុំ ចៅសង្កាត់ចូលរួមចំនួន៣២៣នាក់មកពីតាមបណ្តា ក្រុង ស្រុក ឃុំ សង្កាត់ក្នុងខេត្តទាំងមូល។
នៅក្នុងកិច្ចប្រជុំក្នុងថ្ងៃនេះលោក ឈួរ ចន្ទ័ឌឿន អភិបាលខេត្តបានបូកសរុបលទ្ធផលការងារសំរេចបាន ប្រចាំ ឆ្នាំ២០១៤ និងទិសដៅឆ្នាំ២០១៥ ក្នុងនោះមានការបង្ក្រាបមានបទល្មើសគ្រឿងញៀន បទល្មើសជួញដូរ មនុស្ស បញ្ហាក្មេងទំនើង ការប្រើប្រាស់អាវុធខុសច្បាប់ ការបង្ក្រាបបទល្មើសព្រៃឈើ បទល្មើសនេសាទ ករណីគ្រោះថ្នាក់ចរាចណ៍ គ្រោះថ្នាក់ដោយយុទ្ធភណ្ឌ័មិនទាន់ផ្ទុះ និងការទប់ស្កាត់គ្រប់គ្រងចំពោះគ្រោះមហន្តរាយកើតមានកន្លងមក។ ការបំផុសប្រជាពលរដ្ឋចូលរួមក្នុងចលនាការពារភូមិឃុំដោយចងក្រងប្រជាការពារក្នុងឃុំ និងធ្វើការពង្រឹង ការកែទម្រង់ប៉ុស្តិនគរបាលរដ្ឋបាលធ្វើការវាយចំណុចខ្លាំង ខ្សោយ និងបទពិសោធន៍បញ្ហាប្រឈម និងលទ្ធផល ចលនាប្រឡងប្រណាំងដែលបានធ្វើកន្លងមក ។នៅក្នុងពិធីនេះលោកមេឃុំមួយចំនួនបានលើក ឡើងពីបទ ពិសោធន៍ បញ្ហាប្រឈមនិងក្តីកង្វល់នានារបស់ប្រជាពលរដ្ឋក្នុងការអនុវត្តន៍ ការងារកន្លងមក នៅតាម មូលដ្ឋាន ដើម្បីសំណូមពរដាក់ជូនគណះអធិបតីក្នុងអង្គប្រជុំជ្រាបនិងជួយដោះស្រាយ។
លោកលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានបញ្ចាក់ថា៖ ត្រូវយកចិត្តទុកដាក់ធ្វើការ ពង្រីក ពង្រឹងប្រជាការពារដែលជាកម្លាំងជំនួយដល់សមត្ថកិច្ចនគរបាលនៅតាមមូលដ្ឋាននិងបំផុសផ្សព្វផ្សាយដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ អនុវត្តន៍ចលនាភូមិឃុំមានសុវត្ថិភាពការពារមូលដ្ឋានទប់ស្កាត់ ការលួច ឆក់ ប្លន់ ដែល ជាក្តីបារម្មណ៍របស់ប្រជាពលរដ្ឋរាល់កិច្ចការទាំងអស់ខាងលើនេះបើគ្មានការចូលរួមពីប្រជាកាពារ ប្រជាពលរដ្ឋ និងក្រុមយុវជននោះទេការអនុវត្តន៍ចលនាភូមិឃុំមានសុវត្ថិភាពគឺពិតជាពុំអាច ដំណើរការទៅបានល្អឡើយ។
នៅរសៀលថ្ងៃនេះដែរលោកជំទាវរួម និងគណះប្រតិភូបានចូលរួមសំណេះសំណាលជាមួយប្រជាការពារ របស់មកពីសង្កាត់ទាំង៤ក្នុងក្រុងកំពង់ឆ្នាំងចំនួន៣០៤នាក់ ដោយលោកជំទាវបានសំណូមពរ ដល់ប្រជាការពារ ទាំងអស់ត្រូវពង្រឹងគុណធម៌ សមត្ថភាពទទួលខុសត្រូវយកចិត្តទុកដាក់ការពារមូលដ្ឋានរបស់ខ្លួន ក្នុងការអនុវត្តន៍ ចលនាភូមិឃុំមានសុវត្ថិភាពទប់ស្កាត់រាល់បាតុភាពកើតមានឡើង ដោយសហការជាមួយកំលាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលអោយបានទាន់ពេលវេលា។ ក្នុងឱកាសនោះក៍មានការឧបត្ថម្ភថវិកាលើកទឹកចិត្តជូនប្រជាការពារក្នុង ម្នាក់ទទួលបានប្រាក់ចំនួន១ម៉ឺនរៀលផងដែរ៕ ដោយ រិទ្ធិ ជ័យ