តុលាការខេត្តរតនគិរីឃុំខ្លួននាយប៉ុស្តិ៍រដ្ឋបាលភូមិភិៈ២រូបពាក់ព័ន្ធ បទល្មើសព្រៃឈើតាមបន្ទាត់ព្រំដែន
ខេត្តរតនគិរី៖ នាយនគរបាលប៉ុស្តិ៍រដ្ឋបាលភូមិភិៈ ចំនួន២រូបបានជាប់ពាក់ព័ន្ធក្នុងករណីបទល្មើសព្រៃឈើនៅតាមជួរបន្ទាត់ព្រំដែនកម្ពុជា វៀតណាមត្រូវបានលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរីធ្វើលិខិតអញ្ជើញអោយចូលខ្លួនមកធ្វើការស្រាយបំភ្លឺនៅសាលាដំបូងហើយឃាត់ខ្លួនតែម្តង។
ការឃាត់ខ្លួននាយប៉ុស្តិ៍ទាំងពីររូបនេះបានប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤នេះ ហើយនាំខ្លួនទៅបន្ទាយកងរាជអាវុធហត្ថខេត្តភ្លាមៗដើម្បីធ្វើការស៊ើបអង្កេតជាបន្តទៅតាមនិតិវិធិច្បាប់។ តាមការអោយដឹងពីលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានអោយខ្មែរអង្គរដឹកតាមទូរ ស័ព្ទ កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ នេះថា៖ នាយប៉ុស្តិ៍ដែលជាប់ពាក់ក្នុងករណីបទល្មើសព្រៃឈើទាំងពីររូបរួមមានទី១ឈ្មោះ រចំ អែន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរនាយនគរបាលប៉ុស្តិ៍អនុសេនាតូចលេខ៤ ព្រំដែនលេខ១០២ មានទីលំនៅភូមិប៉កធំ ឃុំប៉កញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ទី២ឈ្មោះ ប៉ូយ ច្រក ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរនាយនគរបាលប៉ុស្តិ៍រដ្ឋបាល និងមានទីលំនៅភូមិប៉កធំ ឃុំប៉កញ៉ៃ ស្រុកអូរយ៉ាដាវ។
លោកបន្តទៀតថា៖ មុននឹងឈានទៅធ្វើការឃាត់ខ្លួនជនទាំង២រូបខាងលើ គឺមានការស៊ើបអង្កេតតាមដានជាយូរមកហើយដែរក្នុងករណីអោយឈ្មួញហូរចូលកាប់បំផ្លាញព្រៃឈើតាមជួរបន្ទាត់ព្រំដែនកម្ពុជាវៀតណាម តាមបង្គោលសីម៉ាចន្លោះលេខទី៨ និង៩។ បច្ចុប្បន្នជនទាំង២រូបខាងលើកំពុងធ្វើការស៊ើបអង្កេតនិងសាកសួរបំភ្លឺបន្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តក្នុងពេលឆាប់ៗខាងមុខនេះ៕ ដោយ លី វណ្ណៈ