ប្រជាពលរដ្ឋ ឃុំបន្ទាយព្រាល ស្នើសុំជួយជួសជុលផ្លូវ និងស្ពាន
ខេត្តកំពង់ឆ្នាំង៖ នៅក្នុងវេទិកាសាធារណៈដែលដឹកនាំដោយលោកស្រី ម៉ាត់ ម៉ារ៉ា ដែលជាប្រធានក្រុមការងារថ្នាក់ជាតិ ជួយស្រុករលាប្អៀរ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ នៅក្នុងឃុំបន្ទាយព្រាល លោកមេឃុំ និងប្រជាពលរដ្ឋបានស្នើសុំក្រុមការងារជួយដោះស្រាយការជួសជុលផ្លូវលំក្រាល គ្រួសក្រហមប្រវែងជាង១០គីឡូម៉ែត្រ និងស្ពានឈើទ្រុឌទ្រោមចំនួន៦កន្លែងនៅចំណុចដង្កៀប ក្តាម និងអូរលាជមានប្រវែងជាង១៤០ម៉ែត្រ ដើម្បីសំរួលដល់ការធ្វើចរាចរណ៍នៅក្នុងមូលដ្ឋាន។
លោក ឈឹម សុង មេឃុំបន្ទាយព្រាលបានឡើងសំណូមពរដល់ក្រុមការងារថា៖ នៅក្នុងឃុំបន្ទាយព្រាលមានផ្លូវលំមួយខ្សែមានប្រវែងជាង១០គីឡូម៉ែត្រកំពុងរងការខូចខាត ដែលផ្លូវ១ខ្សែ នេះត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទកសាងជាង៥ឆ្នាំមកហើយ ពុំមានការថែទាំជួសជុល ក្នុងនោះដែរផ្លូវលំប្រវែង២០០ម៉ែត្រ នៅរដូវវស្សាបានលិចទឹកបាត់មិនអាចធ្វើដំណើរបាន ត្រូវការចាក់ដីលើផ្លូវនោះបន្ថែមទៀត ទើបអាចធ្វើចរាចរណ៍ទៅមកបាន។ ដោយ ឡែកស្ពានឈើទ្រុឌទ្រោមចំនួន៦កន្លែងមានប្រវែងប្រមាណ១៤០ម៉ែត្រ កំពុងទ្រុឌទ្រោមយ៉ាងខ្លាំងកសាងតាំងពីឆ្នាំ១៩៨០ មិនអាចអោយគោយន្ត ឬរថយន្តបើកបរឆ្លងកាត់បានឡើយ។
លោក លៀង សេង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានបញ្ជាក់អោយដឹងថា៖នៅក្នុងគំរោងថវិកាថែទាំជួសជុលផ្លូវលំប្រចាំឆ្នាំក្នុងខេត្ត ក្រសួងបានទំលាក់ថវិកាអោយខេត្តតែ១៤គីឡូម៉ែត្រសំរាប់ការជួសជុលថែទាំក្នុង១ឆ្នាំៗប៉ុណ្ណោះ។ដោយឡែកផ្លូវលំក្រាលគ្រួសក្រហមនៅក្នុងខេត្តកំពង់ឆ្នាំងសរុបមានប្រវែងរហូតដល់ជាង២ពាន់គីឡូម៉ែត្រឯណោះ ចំពោះសំណើខាងលើនេះ មន្ទីរនឹងធ្វើរបាយកាណ៍ ដាក់ជូនទៅក្រសួងដើម្បីសុំគោលការណ៍ដោះស្រាយ។
ទាក់ទងនឹងបញ្ហាផ្លូវ និងស្ពាន លោក អ៊ុន សំអុល អភិបាលរងខេត្តកំពង់ឆ្នាំងបានសំណូមពរ ដល់ប្រជាពលរដ្ឋនៅក្នុងឃុំបន្ទាយព្រាលថា៖ ការជួសជុលផ្លូវខាងលើនេះទៅបានអាស្រ័យដោយ មានការចូលរួមពីប្រជាពលរដ្ឋដែលមានលំនៅដ្ឋានតាមដងផ្លូវ និងអាជ្ញាធរមូលដ្ឋានដូចជា ត្រូធ្វើសម្បទានដីមួយចំនួនដែលតំរូវក្នុងការជួសជុល និងពង្រីកផ្លូវ។ ដោយឡែកការស្នើសុំជួសជុល ស្ពានឈើទ្រុឌទ្រោមចំនួន៦កន្លែងនៅក្នុងចំណុចទាំង២ខាងលើ អាជ្ញាធរខេត្តនឹងធ្វើការសិក្សាជា មួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តដើម្បីធ្វើគំរោងស្នើសុំទៅថ្នាក់លើជួយដោះស្រាយ។
លោកជំទាវ ម៉ាត់ ម៉ារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិជួយស្រុករលាប្អៀរ និងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានប្រសាសន៍ថា៖ ទាក់ទងនឹងសំណើទាំងអស់ខាងលើនេះ លោកជំ ទាវនឹងធ្វើការសិក្សាជាមួយក្រុមការងារជួយស្រុករលាប្អៀរធ្វើគំរោងស្នើសុំទៅក្រសួង និងប្រមុខ រាជរដ្ឋាភិបាលដើម្បីជួយដោះស្រាយការលំបាក និងសំណូមពរជូនប្រជាពលរដ្ឋនៅក្នុងឃុំ។
ដោយឡែកសំណូមពរមួយចំនួនទៀតរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរឃុំ អាជ្ញាធរខេត្តបាន ប្រគល់ជូនមន្ទីរពាក់ព័ន្ធក្នុងខេត្តធ្វើការដោះស្រាយ ហើយមានអ្វីលំបាកត្រូវរាយការណ៍សុំយោ បល់ថ្នាក់លើរបស់ខ្លួនជួយដោះស្រាយ៕ ដោយ រិទ្ធិ ជ័យ