យុវជនវ័យ១៨ឆ្នាំ ២នាក់បានស្លាប់ភ្លាមៗ ដោយសារជិះម៉ូតូលឿនទៅបុករ៉ឺម៉កពីក្រោយបោកក្បាលនឹងថ្នល់
ខេត្តកណ្ដាល ៖ យុវជនវ័យ២នាក់ បានស្លាប់ភ្លាមមួយរំពេចក្នុងហេតុគ្រោះថ្នាក់ចរាចរណ៍ ដោយសារបើកម៉ូតូក្នុងល្បឿនលឿនស្ទើហោះបានជ្រុលទៅបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉កដឹកគ្រែលក់ចំយ៉ាងពេញទំហឹង លាន់ស្នូរដូចរន្ទះបាញ់នៅខេចែត្រធ្វើឲ្យម៉ូតូ និងសាកសពខ្ទាតរប៉ាត់រប៉ាយពេញថ្នល់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៤ និង៤០នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ២ស្ថិតនៅភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ភ្លាមនោះបើទោះជាម៉ូតូបុករឺម៉កពីក្រោយ ក៏អ្នកបើករ៉ឺម៉កភ័យបានចុះរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកម៉ូតូរ៉ឺម៉កដឹកគ្រែនៅកន្លែងកើតហេតុ។
សពជនរងគ្រោះទី១-ឈ្មោះ សាំង បញ្ញារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្ស បើកម៉ូតូម៉ាក SuSUki Lat ពណ៌ស ពាក់ស្លាកលេខកណ្ដាល 1R-1319 មានទីលំនៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។ សពទី២-ឈ្មោះ ឃុត ភក្ត្រា ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្ស មានទីលំនៅភូមិតាដោល ឃុំអំពៅព្រែ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ជាអ្នកជិះពីក្រោយ។ សូមបញ្ជាក់ថាជនរងគ្រោះទាំងពីរនាក់មិនបានពាក់មួកសុវត្ថភាពទេ។
តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូជនរងគ្រោះខាងលើបើកយ៉ាងលឿន ដោយជិះពីត្បូងទៅជើង ស្រាប់តែឃើញម៉ូតូសណ្ដោងរ៉ឺម៉កដឹកគ្រែមិនប្រកាន់ស្តាំបានបុកចំពីក្រោយពេញទំហឹង បណ្ដាលឲ្យយុវជនទាំង២នាក់ បោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ចំណែកអ្នកបើកម៉ូតូរ៉ឺម៉កបានចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង។ បច្ចុប្បន្នវត្ថុតាងម៉ូតូទាំង០២គ្រឿង ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់ ដោយឡែកសពជនរងគ្រោះទាំង២នាក់ សមត្ថកិច្ចបានប្រគល់គ្រួសារដឹកយកទៅលំនៅដ្ឋានរៀងៗខ្លួន ដើម្បីធ្វើបុណ្យតាមប្រពៃ ណី៕