គោមេ៣ក្បាល ១ក្បាលងាប់ ២ក្បាលទៀតបាក់ជើង ដោយសាររថយន្តធុនធំ១គ្រឿង បើកបុក
ខេត្តកំពង់ឆ្នាំង៖ រថយន្តធុនធំ១គ្រឿង ដឹកលូជ័រអោយអង្គការចៃការពីភ្នំពេញមកនៅក្រុងកំពង់ឆ្នាំង បានបើកបុកគោទាំងព្រឹកព្រលឹម បណ្តាលអោយងាប់១ក្បាល និងរបួសបាក់ជើង២ក្បាល នៅពេលដែលម្ចាស់របស់គោដេញឆ្លងផ្លូវទៅឃ្វាលនៅឯមាត់បឹង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦ និង១៨នាទីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤ នៅចំណុចផ្លូវបំបែកជាប់របងសាលាវិទ្យាល័យសុរាម្រិត ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
ស្ត្រី ឈ្មោះ ញឹក ចាន់ឌី ភេទស្រី អាយុ៥០ឆ្នាំ មានទីលំនៅក្នុងភូមិធម្មយុទ្ធ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំងជាម្ចាស់គោបានអោយដឹងថា៖ នៅព្រឹកកើតហេតុប្តីរបស់គាត់ឈ្មោះ គឹម ឆៃ បានដេញគោទាំងអស់៧ក្បាលឆ្លងផ្លូវ ដើម្បីយកទៅឃ្វាលនៅឯមាត់បឹងធំពេលដេញឆ្លងផ្លូវជិតផុតទៅហើយ ក៏ស្រាប់តែមានរថយន្តធន់ធំ១គ្រឿង ដឹកលូជ័រមកបុកហ្វូងគោរបស់គាត់ បណ្តាលអោយគោមេ១ក្បាលបុកចំកាងរថយន្តពីមុខងាប់ភា្លមៗ និងគោមេ២ក្បាលទៀតរងរបួសបាក់ជើងទាំង២ក្បាល។
ករណីនេះប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានអោយដឹងថា៖ ករណីនេះរថយន្តជាអ្នកខុសពីព្រោះនៅចំណុចកើតហេតុខាងលើ គឺមានផ្លាកសញ្ញានៅទីនោះ ដែលបញ្ជាក់ថាទីនេះមានសត្វពាហនៈ ឆ្លងកាត់ ដូច្នេះអ្នកធ្វើដំណើរតាមយានយន្តគ្រប់ប្រភេទពេលឃើញផ្លាកសញ្ញានេះត្រូវតែបង្អង់ល្បឿន ប្រុងប្រយ័ត្នជានិច្ច។ តែបើគោវាដើរឆ្វេងឆ្វាចគ្មានម្ចាស់ដេញឬដឹក ពេលជួបគ្រោះថ្នាក់ខាងគោត្រូវតែសងការខូចខាតទៅខាងយាន្តយន្ត ក្នុងករណីខាងលើនេះ គឺម្ចាស់គោកំពុងតែដេញគោឆ្លងផ្លូវហើយរថយន្តមកបុករះបែបនេះ។
សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖ ក្រោយពីភាគីទាំង២ ចរចាគ្នារួមមកនៅចំពោះមុខសមត្ថកិច្ចក្នុងអធិការនគរបាលក្រុងកំពង់ឆ្នាំង ភាគីទាំង២បានស្រុងស្រួលគ្នាដោយសុខចិត្ត ជូលជុលការខូចខាតរៀងៗខ្លួនគ្មានអ្នកណាសងអ្នកណានោះឡើយ ដែលគេយល់ថាមានកំហុសរៀងខ្លួន មកពីមិនយល់អធ្យាស្រ័យគ្នាទើបមានគ្រោះថ្នាក់បែបនេះ៕ ដោយ រិទ្ធិ ជ័យ