សាលាក្ដីខ្មែរក្រហម បញ្ជូនកំហុសវិជ្ជាជីវៈមេធាវីលោក ខៀវ សំផន ទៅអង្គភាពមានសមត្ថកិច្ច
Monday 22/12/2014 Time : 08 : 50 am
ភ្នំពេញ៖សេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហម ចុះថ្ងៃទី១៩ ធ្នូឲ្យដឹងថា កំហុសវិជ្ជាជីវៈរបស់សហមេធាវីជាតិការពារក្តី លោក ខៀវសំផន គឺលោក គង់ សំអុនត្រូវបានបញ្ជូនទៅប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។រីឯកំហុសវិជ្ជាជីវៈរបស់សហមេធាវីអន្តរជាតិការពារក្តី លោក ខៀវ សំផន២រូបផ្សេងទៀត គឺមេធាវី អាធួ វើខេន (Arthur Vercken) និងមេធាវី អានតាហ្គីស្ស (Anta Guisse) ត្រូវបានបញ្ជូនទៅប្រធានមេធាវីទីក្រុងប៉ារីសនិងអគ្គរដ្ឋអាជ្ញានៃសាលាឧទ្ធរណ៍ទីក្រុងប៉ារីស។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ក្រុមមេធាវីការពារក្តី លោក ខៀវសំផន បានរំលោភបំពានលើដីកាបង្គាប់របស់តុលាការម្តងហើយម្តងទៀតក្នុងការចូលរួមកិច្ចដំណើរការនីតិវិធីសវនាការនៅក្នុងសំណុំរឿង០០២វគ្គ០២ ដែលតុលាការយល់ថា ទង្វើនេះគឺជាចេតនាធ្វើឲ្យរាំងស្ទះយ៉ាងធ្ងន់ធ្ងរដល់កិច្ចដំណើរការនីតិវិធី។ តុលាការអះអាងថាផលវិបាកដោយផ្ទាល់ដែលកើតចេញពីការប្រព្រឹត្តកំហុសវិជ្ជាជីវៈនេះគឺសវនាការចំនួន ២៥ថ្ងៃ ក្នុងរយៈពេល ១០សប្ដាហ៍ ត្រូវបានលុបចោលនិងបង្កើតឲ្យមានការលំបាកដល់សាក្សី និងដើមបណ្ដឹងរដ្ឋប្បវេណីការរំខានដល់ភាគីនានានិងការចំណាយជាច្រើនបន្ថែមទៀតដល់សាលាក្តីខ្មែរក្រហម។
ភាពចម្រូងចម្រាសក្នុងសំណុំរឿង០០២ វគ្គ២ នេះកើតឡើងដោយសារក្រុមមេធាវីការពារក្តី លោក ខៀវ សំផនធ្វើពហិការមិនព្រមចូលសវនាការ។ ភាគីមេធាវីការពារក្តី លោក ខៀវ សំផនធ្លាប់លើកឡើងថាពួកគេត្រូវការពេលវេលាដើម្បីរៀបចំសារណាបណ្ដឹងសារទុក្ខការពារកូនក្តី។ ពួកគេថាពួកគេមិនអាចចូលរួមធ្វើការការពារកូនក្តីក្នុងសំណុំរឿង ០០២វគ្គ២ ផងនិងធ្វើសារណាប្ដឹងសារទុក្ខការពារកូនក្តីផងក្នុងពេលតែមួយបានទេ។ មួយវិញទៀត លោក ខៀវ សំផន ដែលជាកូនក្តីនោះក៏មិនព្រមឲ្យពួកគេចូលសវនាការការពារក្តីក្នុងសំណុំរឿង ០០២វគ្គ២ នេះដែរ៕
ដោយៈ សូសៀង
រៀបចំដោយៈ សុខុម
By: khmeronlinenews.com
http://ift.tt/eA8V8J