គាស់ទ្វារចូលក្នុងបន្ទប់លួចបានទ្រព្យសម្បត្តិ មិនទាន់បានចាយមួយសេនផងសមត្ថកិច្ចចាប់វាយខ្នោះ
ខេត្តព្រះសីហនុ៖ យុវជនចំនួន៣នាក់ជាជនជាតិខ្មែរ ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានសង្កាត់កោះរ៉ុង ធ្វើការឃាត់ខ្លួននៅចំណុចបឹងហ្គាឡូ ផារ៉ាដាយ ស្ថិតក្នុងភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ កាលពីវេលាម៉ោង១៥ និង៤៥នាទីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៤ បន្ទាប់ពីយុវជនទាំង៣ ធ្វើសកម្មភាពគាស់ទ្វារចូលក្នុងបន្ទប់លួចទ្រព្យសម្បត្តិរបស់ជនបរទេសដែលជាភ្ញៀវទេសចរណ៍ ខណៈចាក់សោរហើយចេញទៅកម្សាន្តតាមឆ្នេរសមុទ្របាត់នោះ។
លោកវរៈសេនីយ៍ត្រី ភុល ភ័ស្តា អធិការនគរបាលក្រុងព្រះសីហនុ បានបញ្ជាក់អោយដឹងថា៖ នៅល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៤ នៅលើដែនដីកោះ កម្លាំងរបស់លោក បានធ្វើការឃាត់ខ្លួនភ្លាមៗបន្ទាប់ពីយុវជនចំនួន៣នាក់ ធ្វើសកម្មភាពចូលលួចសម្ភារៈជនបរទេស ខណៈពេលជនបរទេសម្ចាស់សម្ភារៈចេញដើរកម្សាន្តនៅតាមឆ្នេរ។ ដោយយកបាន សម្ភារៈរួមមាន៖ ១-ទូរស័ព្ទដៃអាហ្វូន៥ចំនួន០១គ្រឿង ២-អាយផេត០១គ្រឿង ៣-ឡែបថម០១គ្រឿង ៤-ប្រាក់ដុល្លា៤៥ដុល្លា ៥-លុយបាតចំនួន៤០បាត ៦-លុយខ្មែរ១១០០០រៀល៧-លុយមាឡេ និង វៀតណាមមួយចំនួន -វីសារកាតនិងកាបូបតូចចំនួន០១។
លោកបន្តថា៖ យុវជនសង្ស័យទាំង៣នាក់មានៈឈ្មោះ ទី១-ឈ្មោះ ឃាង សីហា ភេទ ប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកសំណង់ ទី២-ឈ្មោះ សាង វាសនា ភេទ ប្រុសអាយុ១៦ឆ្នាំមុខរបរកម្មកសំណង់ ទី៣-ឈ្មោះ ជ្រី ចិត្ត ភេទ ប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មកសំណង់ អ្នកទាំង៣បច្ចុប្បន្នមានទីលំនៅ មានទីលំនៅកោះរ៉ុង ក្រុងព្រះសីហនុ។ ចំពោះជនរងគ្រោះជាជនបរទេស សមត្ថកិច្ច នៅពុំទាន់ទទួលឈ្មោះបាននៅឡើយទេ ព្រោះខណះពេលឃាត់ខ្លួនជនបរទេសមិនបាននៅកន្លែងកើតហេតុនោះ ដោយបានចាក់សោរទុកសម្ភារៈក្នុងបន្ទប់ ហើយបានបន្តដើរ នៅតាមតំបន់ទេសចរណ៍មួយចំនួននៅលើកោះរ៉ុង។
បច្ចុប្បន្ន យុវជនសង្ស័យទាំង៣ ត្រូវបានកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមច្បាប់។ ចំណែកសម្ភារៈនឹងប្រគល់ជូនជនរងគ្រោះវិញនៅល្ងាចថ្ងៃទី២២ ខែធ្នូ ខណៈពេលជនបរទេសជាជនរងគ្រោះឡើងទឹកដីកោះរ៉ុងវិញ៕ ដោយ កោះរ៉ុង