រថយន្តដឹកដីជ្រុះរប៉ាត់រប៉ាយតាមផ្លូវ សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងចាប់ប្រៀនប្រដៅ
ខេត្តកំពង់ឆ្នាំង៖ រថយន្តបែនដឹកដី២គ្រឿង ដឹកដីហៀរទ្រុងមកពីគ្មានគំរបត្រឹមត្រូវ ធ្វើអោយដីជ្រុះធ្លាក់រប៉ាត់រប៉ាយតាមផ្លូវជាតិ ក្នុងក្រុងកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងស្ទាក់ចាប់យកមកអប់រំធ្វើកិច្ចសន្យា ពិន័យទៅតាមច្បាប់កំណត់ និងតំរូវអោយម្ចាស់រថយន្តដឹកដីទាំងនោះយកទឹកទៅលាងសំអាតតាមទីតាំងដែលមានដីជ្រុះរប៉ាយទាំងនោះវិញ ដើម្បីអោយពួកគេរាងចាលបញ្ឈប់ការដឹកជញ្ជូនដីមិនមានគំរប។ ការឃាត់ចាប់រថយន្តខាងលើនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅចំណុចផ្លូវត្រពាំងគងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។
លោក ហង្ស ប៊ុនហាក់ អធិការរងទទួលបន្ទុកចរាចរណ៍ និងសណ្តាប់ធ្នាប់នៃអធិការដ្ឋានក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋ និងបញ្ជារពីលោកស្នងការនគរបាលខេត្តទាក់ទងនឹងករណីខាងលើនេះ សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងបានដាក់កំលាំងស្ទាក់ចាប់រថយន្តដឹកដីគ្មានគំរប ធ្វើអោយជ្រុះដីរាយប៉ាយតាមផ្លូវបាន២គ្រឿង ដែលជារបស់លោក ហែម ហៀង និងលោក ចាយ ហេង នាំយកមកកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីធ្វើការព្រមានណែនាំអប់រំពិន័យ និងធ្វើកិច្ចសន្យាបញ្ឈប់បាតុភាពខុសប្រក្រតីខាងលើនេះបើពេលក្រោយពួកគេនៅតែបំពាន ច្បាប់ដូចករណីនេះទៀតសមត្ថកិច្ចនឹងមិនអត់អោនទៀតអោយនោះឡើយ។
ដោយឡែកប្រជាពលរដ្ឋមានលំនៅដ្ឋានតាមដងផ្លូវ ដែលជាកន្លែងធ្លាក់ដីរាយប៉ាយនោះបានធ្វើការរិះគន់ថា៖ រថយន្តដឹកដី ដឹកថ្ម ដឹកខ្សាច់ជាច្រើនគ្រឿងនៅក្នុងខេត្ត និងក្រៅខេត្តបាននឹងកំពុងធ្វើសកម្មភាពដឹកជញ្ជូនដោយគ្មានការគ្រប និងហៀរទ្រុងលើសទម្ងន់បណ្តាលអោយដី និងថ្មទាំងនោះកំពប់ជ្រុះរប៉ាត់រប៉ាយនៅតាមផ្លូវក្នុងក្រុង និងផ្លូវជាតិលេខ៥៣ ដែលធ្វើអោយផ្លូវកៅស៊ូពណ៌ខ្មៅក្លាយទៅជាផ្លូវដីពណ៌សដូចផ្លូវដីលំទៅវិញ ដោយមិនទាន់ឃើញសមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការចាប់ឃាត់ និងផាកពិន័យអោយបានម៉ឺងម៉ាត់នោះឡើយ ដែលករណីនេះបានធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់ផ្លូវ សុខមាល ភាពរបស់ប្រជាពលរដ្ឋដែលរស់នៅតាមសងខាងផ្លូវ ព្រមទាំងធ្វើអោយបាត់នូវសោភ័ណ្ឌភាពផ្លូវនៅក្នុងក្រុងកំពង់ឆ្នាំងទៀតផង។ចំណែកម្ចាស់រថយន្តបែនដឹកដីទាំងនោះក៍គួរតែមាន ការខ្មាស់អៀនចំពោះអង្គការចៃកាជប៉ុនផង ដែលគេខំធ្វើអោយយើងស្អាតបាតមិនបានប៉ុន្មានផង អស់លោក បែរជានាំគ្នាដឹកដីជ្រុះពង្រាយពេញផ្លូវបង្ខូចបរិស្ថាននៅក្នុងក្រុងយ៉ាងអាក្រក់បំផុត។
ប្រជាពលរដ្ឋសំណូមលោកអភិបាលខេត្ត មេត្តាចាត់វិធានការណ៍អោយបានម៉ឺងម៉ាត់ដល់មន្ទីរអង្គភាពពាក់ព័ន្ធ ធ្វើការបង្ក្រាប និងពិន័យរថយន្តទាំងនោះអោយបានរៀងចាល ដើម្បីការពារផ្លូវថ្នល់សាធារណៈការពារអាយុជីវិតអ្នកប្រើប្រាស់ផ្លូវ និងសុខមាលភាពរបស់ប្រជាពលរដ្ឋយើង ចៀសវាងជនកំហូចមួយក្តាប់តូចធ្វើឲ្យប៉ះពាល់ដល់ភាពស្អាតបាត និងសណ្តាប់ធ្នាប់ក្នុងក្រុង៕ ដោយ រិទ្ធិ ជ័យ