ខេត្តកំពង់ឆ្នាំង និងទីក្រុងជីងទ័រចិនប្រទេសចិន បានចុះអនុសារនៈយោគយល់គ្នា ស្តីពីការ បង្កើតទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
ខេត្តកំពង់ឆ្នាំង៖ អនុលោមតាមគោលការណ៍ ស្តីពីការបង្កើតទំនាក់ទំនងការទូត រវាងសាធារណៈរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងនៃការលើកកំពស់ការយល់ដឹងពីគ្នាទៅវិញទៅមក និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តការដើម្បីអភិវឌ្ឍន៍ទទួលបានអត្ថប្រយោជន៍ទៅវិញទៅមក នៅក្នុងសាលាខេត្តកំពង់ឆ្នាំង នាល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ លោកលេខាបក្សទីក្រុងជីងទ័រចិន បានចុះអនុសារនៈជាមួយលោកអភិបាលខេត្តកំពង់ឆ្នាំង។
នៅក្នុងកិច្ចប្រជុំចុះអនុសារនៈខាងលើនេះ លោក ហ៊ី ណាត អភិបាលរងខេត្តកំពង់ឆ្នាំងបានលើកឡើងអោយដឹងថា៖ការចុះអនុសារនៈនៃការយោគយល់គ្នាស្តីពីការបង្កើតទំនាក់ទំនងមិត្តភាពរវាងទីក្រុងជីងទ័រចិន ខេត្តហ្សាំងស៊ី នៃសាធារណៈរដ្ឋប្រជាមានិតចិន និងខេត្តកំពង់ឆ្នាំង នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណង៖ ១.ផ្តល់ផលប្រយោជន៍ទៅវិញទៅមកក្នុងការផ្លាស់ប្តូរកិច្ចសហប្រតិបត្តការយ៉ាងសកម្មក្នុងវិស័យ សេដ្ឋកិច្ច,ពា ណិជ្ជកម្ម,សេរ៉ាម៉ិច,ទេសចរណ៍,និងវិស័យមួយចំនួនទៀត ដើម្បីលើកកំពស់បង្កើនភាពរុងរឿង និងការអភិវឌ្ឍន៍រួម។ ២.ថ្នាក់ដឹកនាំនៃភាគីទាំង២ និងមន្ទីរពាក់ព័ន្ទត្រូវរក្សាទំនាក់ទំនងជាទៀងទាត់ ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តការ និងដោះស្រាយបញ្ហានានា រួមគ្នាលើកកំពស់ការផ្លាស់ប្តូរបទពិសោធន៍ និងការអភិវឌ្ឍន៍សហគ្រាសរវាងភាគីទាំង២។
ដោយឡែកលោក លីវ ចាងលីន លេខាបក្សទីក្រុងជីងទ័រចិន បានគូសបញ្ជាក់អោយដឹងថា៖ខេត្តកំពង់ឆ្នាំងមានតំបន់ទេសចរណ៍ធម្មជាតិ ព្រៃភ្នំជាច្រើនកន្លែង ក្នុងនោះដែរក៍មានបឹងទន្លេសាប ដែលសំបូរដោយត្រី និងដែលពិភពលោកទទួលស្គាល់។ការចុះអនុសារនៈខាងលើនេះ ភាគីទាំង២នឹងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកលើគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍។ ខាងមុខនេះទីក្រុងជីងទ័រ នឹងទទួលយកប្រជាពលរដ្ឋខេត្ត កំពង់ឆ្នាំងជាអ្នក ផលិតសេរ៉ាម៉ិចទៅសិក្សាផ្លាស់ប្តូរបទពិសោធន៍យកចំណេះដឹងនៅទីក្រុងជីងទ័ចិនរ។
លោក លីវ ចាងលីន បានបញ្ជាក់អោយដឹងទៀតថា៖នៅឆ្នាំ២០១៥ខាងមុខនេះ ទី ក្រុងជីងទ័រចិន និងខេត្តកំពង់ឆ្នាំង នឹងធ្វើពិធីតាំងពិពណ៌មួយបង្ហាញអំពីផលិតផលរបស់ ប្រជាជននៃខេត្តទាំង២ ដើម្បីបង្ហាញអំពីស្នាដៃ និងគុណភាពផលិតផលក្នុងបំណងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក។ លោកសង្ឃឹមថា ការចុះអនុសារណៈយោគយល់គ្នា ក្នុងថ្ងៃនេះ នឹងធ្វើអោយទីក្រុង និងខេត្តទាំង២ទទួលបានអត្ថប្រយោជន៍ទៅវិញទៅមករួម ចំណែកលើកស្ទួយជីវភាពប្រជាពលរដ្ឋនៃខេត្តទាំង២អោយមានការរីកចំរើនដូចគ្នា៕ ដោយ រិទ្ធិ ជ័យ