យុវជនពេញកម្លាំងចំនួន១៦នាក់ អត់ការងារធ្វើ បានប្រមូលផ្តុំគ្នាជក់ថ្នាំញៀនយ៉ាងសប្បាយរីករាយស្ទើឆ្កួត តែត្រូវនគរបាលចាប់ខ្លួនបញ្ជូនទៅតុលាការ
ខេត្តបន្ទាយមានជ័យ ៖ យុវជនពេញកម្លាំងតែញៀនថ្នាំ ចំនួន១៦នាក់ ខណៈកំពុងប្រមូលផ្តុំ ជក់គ្រឿងញៀនយ៉ាងសប្បាយរីករាយស្ទើរឆ្កួត នៅចំណុច រ៉ា រថភ្លើង ភូមិសែនសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ត្រូវបាននគរបាល ការិយាល័យ ប្រឆាំងបទល្មើស គ្រឿង ញៀនខេត្ត ចុះទៅឃាត់ខ្លួន យកមកសួរនាំ ដើម្បីមាន វិធានការតាមផ្លូវច្បាប់ ធ្វើឲ្យការសប្បាយរីករាយនោះប្រែក្លាយជាមានទុក្ខមួយរំពេច។
ជនសប្បាយនឹងថ្នាំញៀនទាំងនោះ ត្រូវបានធ្លាក់ និងជាឈ្នាន់ និងជាជនបំរើប្រយោជន៍ឲ្យរបស់មុខសញ្ញា ជួញដូរ គ្រឿងញៀនម្នាក់ ដែលកំពុងរត់គេចខ្លួន ក្រោយពីដឹងថា កម្លាំងសមត្ថកិច្ច បានចុះទៅចាប់ខ្លួន និង បង្ក្រាបជាក់ស្តែង កាលពីវេលាម៉ោង ៣និង៥០នាទី សៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១។
មន្ត្រីនគរបាល ការិយាល័យប្រឆាំង គ្រឿងញៀន ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនសង្ស័យ ស៊ូ សៀង អាយុ ៦១ឆ្នាំ ដែលជាម្ចាស់ផ្ទះ បានរត់គេចខ្លួនបាត់ គឺជាមុខសញ្ញាម្នាក់ តែងតែធ្វើសកម្មភាព ចែកចាយ ថ្នាំញៀន ដ៏សកម្ម ហើយនៅពេលនេះ បានប្រើរូបភាព ដោយយកក្មេងៗ និងជនញៀនថ្នាំមួយចំនួនទៀត ជាអ្នកជួយចែកចាយបន្ត ។
មន្ត្រីនគរបាល បានបញ្ជាក់ទៀតថា ក្រោយទទួលបាន ព័ត៌មានភ្លាម ពីប្រជាពលរដ្ឋ មូលដ្ឋាន នូវសកម្មភាព ប្រមូលផ្តុំគ្នា ជក់ និងប្រើប្រាស់ គ្រឿងញៀននោះ លោក ធិន ស៊ិនដេត នាយការិយាល័យ ប្រឆាំងគ្រឿងញៀន ខេត្តបន្ទាយមានជ័យ ដោយមានការឯកភាពពី សំណាក់ លោក ផាន់ ភិរម្យ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះទៅកាន់ទីផ្ទះនោះ ដើម្បីបង្ក្រាប និង តាមចាប់ខ្លួនមេក្លោង ក្នុងករណីជួញដូរគ្រឿងញៀននេះ ។ ក្រោយពីប្រតិបត្តិការចុះទៅឆែកឆេរ កម្លាំងសមត្ថកិច្ចបាន រកឃើញថ្នាំញៀន និង សម្ភារសម្រាប់ជក់ មួយចំនួនធំផងដែរ ។
នគរបាល ខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា «ជនសង្ស័យ ដែលជាម្ចាស់ ផ្ទះនោះ គឺជាមុខសញ្ញា ចែកចាយគ្រឿងយ៉ាងសកម្ម នាពេលកន្លងទៅ ហើយជននេះ ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ខ្លួន រួចត្រូវបានតុលាការ សម្រេចឃុំខ្លួន ដាក់ពន្ធនាគារទៀតផង តែក្រោយចេញពីពន្ធនាការ ជននេះ មិនបានរាងចាលនោះឡើយ ផ្ទុយទៅវិញ បានបន្ត ធ្វើសកម្មភាព ចែកចាយ ដោយមិនខ្លាច រអាលនោះឡើយ។ បើទោះបីកម្លាំងសមត្ថកិច្ច មិនបានចាប់ខ្លួនជនសង្ស័យរូបនេះ តែផ្ទះ របស់ជននេះ ត្រូវបានព្រះរាជអាជ្ញា សម្រេចបិទចោល ហើយបន្តតាមស្រាវជ្រាវ តាមចាប់ខ្លួន យកមកផ្តន្ទាទោស តាមផ្លូវច្បាប់។
ក្រោយការឃាត់ខ្លួន ជនគ្រឿងញៀន១៥នាក់ សមត្ថកិច្ចបានយកទៅសួរនាំបន្តទៀត នៅការិយាល័យប្រឆាំង គ្រឿងញៀន ដើម្បីបន្តការសួរនាំ និងចាត់ការ តាមផ្លូវច្បាប់។ ប៉ុន្តែពលរដ្ឋសំណូមពរគួរតែធ្វើការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ ថាតើជនចែកចាយគ្រឿងញៀននោះទិញថ្នាំញៀនពីអ្នកណាមក ហើយត្រូវបន្តចាប់អ្នកបន្តបន្ទាប់ទៀតឲ្យឫសគល់នៃអ្នកនាំគ្រឿងញៀនចូលស្រុកខ្មែរទើបជាការល្អ កុំចាប់តែត្រឹមតាជនសង្ស័យ ស៊ូ សៀង អាយុ ៦១ឆ្នាំ ម្នាក់នេះហើយបិទការស្រាវជ្រាវ បិទការស៊ើបអង្កេត នោះវាគ្មានប្រយោជន៍ទេ៕ ដោយយីហាំង