បទល្មើសអូសលៀស បំផ្លាញអេកូក្នុងទឹកទន្លេ មន្ត្រីខណ្ឌ័រដ្ឋបាលជលផលមិនបង្ក្រាបឆ្លើយដាក់គ្នា
ខេត្តកំពង់ឆ្នាំង៖ លៀសជាច្រើនតោន ត្រូវបានគេដឹកតាមកាណូតមកឡើងមាត់កំពង់ទឹកក្នុង ភូមិសាស្ត្រឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ជារៀងរាល់ថ្ងៃលើកឡើងរថយន្តដឹកចេញយកទៅលក់ចែកចាយនៅតាមបណ្តា ខេត្តក្នុងប្រទេស ដែលនេះជាបទល្មើសខុសច្បាប់មួយ នៃច្បាប់ស្តីពីជលផល ព្រោះតែលៀសទាំងនេះ បានមកពីការនេសាទដោយប្រើឧបករណ៍ទំនើប អូសដោយកម្លាំងម៉ាស៊ីន ក្នុងបឹងទន្លេសាប ។ បទល្មើសនេះត្រូវបានគេដឹងថា៖ពុំមានមន្ត្រីជំនាញណាមួយបង្ក្រាបឡើយ ដែលធ្វើអោយគេមានការរិះគន់ថាព្រោះតែ មានការឃុបឃិតពីមន្ត្រីជំនាញជលផលទើបធ្វើអោយមានបទល្មើសនេះកើតឡើងតាមទំនើងចិត្ត។
ក្នុនៅងច្បាប់ស្តីពីជលផល និងប្រកាសរបស់ក្រសួងបានហាមដាច់ខាតចំពោះការនេសាទដោយ ប្រើឧបករណ៍កាវលៀសដោយកម្លាំងម៉ាស៊ីន ព្រោះតែការនេសាទទាំងនេះបានធ្វើអោយប៉ះពាល់ដល់ ប្រពន្ធ័អេកូឡូស៊ីក្នុងទឹក និងក្រោមដី ធ្វើអោយប៉ះពាល់ជម្រកត្រីរស់នៅ និងជីវចម្រុះផងដែរ ។ ក៏ប៉ុន្តែ ផ្ទុយទៅវិញក្រុមជនល្មើស ដែលមានឧបករណ៍នេសាទទំនើបៗបានប្រើម៉ាស៊ីនកាវនិងអូសលៀសពេញ ផ្ទៃបឹងទន្លេសាបយ៉ាងរំភើយដោយគ្មានការបង្ក្រាបពីសមត្ថកិច្ចណាឡើយ ហើយឆ្លើយដាក់គ្នាទៅវិញ។
បញ្ហានេះ លោកនាយរងខ័ណ្ឌជលផលកំពង់ឆ្នាំង ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយអោយ ដឹងថា៖ សព្វថ្ងៃ នេះនាយខ័ណ្ឌបានចូលនិវត្តន៍ហើយ ហេតុនេះនៅមិនទាន់មានបញ្ជាអ្នកណានៅឡើយ ម្យ៉ាងវិញទៀតលោកទទួលស្គាល់ថា៖ លៀសពិតជាមានច្រើនតោនមែនបានឡើងនៅមាត់កំពង់ឆ្នុងទ្រូ យើងមិនអាចបង្ក្រាបបានទេ ព្រោះកន្លែងនោះវាគ្រាន់តែទីផ្សារប៉ុណ្ណោះ មិនមែនជាកន្លែងបទល្មើសជាក់ស្តែងឡើយម្យ៉ាងវិញទៀតតំបន់ឆ្នុកទ្រូ វាគ្រាន់តែជាកន្លែងលើកដាក់ឆ្លងកាត់ប៉ុណ្ណោះ។ ចំណែកកន្លែងប្រព្រឹត្តបទល្មើសវិញគឺនៅខេត្តកំពង់ធំឯនោះទេ ហើយលៀសជាច្រើនតោនបែបនេះ គឺមិនមែនអូសកាវដោយដៃនេសាទទេ គឺពិតជាអូសដោយកម្លាំងម៉ាស៊ីនពិតជាខុសនឹងច្បាប់មែនហើយ ។
ប្រជាពលរដ្ឋដែលរស់នៅមាត់កំពង់ទឹកឃុំឆ្នុកទ្រូបាននិយាយថា៖ រៀងរាល់ល្ងាច កាណូតជាច្រើន គ្រឿងបានត្រឡប់ពីធ្វើសកម្មភាពអូសលៀសវិញបានមកសំចតលក់លៀសអោយឈ្មួញទិញដឹកតាមរថ យន្តចេញទៅលក់នៅទីផ្សារភ្នំពេញ និងនៅតាមទីផ្សារនានាក្នុងប្រទេស ដោយពុំគេដែលមានឃើញមន្ត្រី ជំនាញណាអើពើអ្វីនោះឡើយ ព្រោះពួកគេមានការឃុបឃិតគ្នាតាំងពីក្រោមដល់លើ ។
ខាងលើនេះជាសារមួយដែលប្រជាពលរដ្ឋស្នើសុំអោយលោករដ្ឋមន្ត្រីក្រសួងកសិកម្ម ពិសេសលោក ប្រធានរដ្ឋបាលជលផល មេត្តាជួយមើលបទល្មើសទនេះ និងចាត់វិធានការណ៍បង្ក្រាបនិងទប់ស្កាត់ផង ព្រោះមន្ត្រីជំនាញក្នុងខេត្តកំពុងសម្ងំកើបលុយពីបទល្មើសនេះយ៉ាងសុខស្រួលទៅហើយ គេយល់ថា បើមិនឃើញគេបង្ក្រាបទេនោះរឿងនេះពិតជាមានពាក់ព័ន្ធដល់លោកប្រធានរដ្ឋបាលជលផលនិងថ្នាក់លើដែរហើយទើបគេបិតភ្នែកបើកដៃអោយជនល្មើសប្រព្រឹត្តយ៉ាងនេះ៕ ដោយ រិទ្ធិ ជ័យ