ពេជ្រ សោភា អញ្ជើញមិត្តសិល្បៈ ចូលរួមមង្គលការ តិចតួច
ភ្នំពេញ៖ តារាចម្រៀងស្រីដ៏ល្បីល្បាញ នាង ពេជ្រ សោភា នឹងត្រូវចូលរោងការ ក្រាបក្បាលដល់កន្ទេល ជាមួយមន្ត្រីអន្តោប្រវេសន៍ លោក ឆលី បុរសមុខស្រស់រាងសង្ហា ជាអាណិកជនខ្មែរ រស់នៅអាមេរិក នៅរយៈពេលមិនដល់មួយសប្ដាហ៍ទៀតទេ ហើយកម្មវិធីដ៏មានអត្ថន័យ សម្រាប់ជីវិតរបស់ ពេជ្រ សោភា ត្រូវបានគេដឹងថា អញ្ជើញអ្នកសិល្បៈចូលរួមតិចតួចប៉ុណ្ណោះ ។
អនាគតស្វាមី ពេជ្រ សោភា បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ជាងមួយសប្ដាហ៍ហើយ ពោលរង់ចាំតែថ្ងៃ ចូលរោងការ ដែលប្រារព្ធឡើងនៅថ្ងៃ ព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ខាងមុខនេះ ប៉ុណ្ណោះ។ ប្រភពដ៏ទុកចិត្តមួយបាននិយាយថា សម្រាប់កម្មវិធីមង្គល របស់តារាច្រៀង ពេជ្រ សោភា អាចនឹងមិនមានតារាហោះហើរទៅចូលរួម ពេញរោងការ ដូចតារាសិល្បៈដទៃឡើយ ព្រោះនាងជាមនុស្សមិនចូលចិត្ត ធ្វើអ្វីដែលសំញ៉ែងគេ អួតថាអស្ចារ្យ គឺជាមិនមែនចំណង់ចំណូលចិត្តរបស់នាងឡើយ ។ ពេជ្រ សោភា ចូលចិត្តធ្វើអ្វីសាមញ្ញធម្មតាៗ ដូចមនុស្សទូទៅ ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា អាចនឹងមានវត្តមាន តារាចម្រៀង និងតារាសម្ដែងល្បីៗ ដែលធ្លាប់សម្ដែងជាមួយនាងប៉ុន្មាននាក់ ប៉ុណ្ណោះ បូករួមទាំងសាច់ញាតិ អ្នកស្រុកព្រៃវែងផងនោះ ដែលត្រូវអញ្ជើញឲ្យចូលរួម ។ មហាជនកត់សម្គាល់ឃើញថា តារាចម្រៀង ពេជ្រ សោភា ជាតារាចម្រៀងស្រីម្នាក់ មិនសូវចូលរួម កម្មវិធីអ្នកសិល្បៈណាផ្ដេសផ្ដាសឡើយ លើកលែងតែស្និទ្ធបំផុត ដូចជាករណី មង្គលការ សារាយ សក្ខណា ដែលនាងបានចូលរួម ហើយជាកម្មវិធីមង្គលអ្នកសិល្បៈតែម្នាក់គត់ ដែលនាងចូលរួម ក្រៅពីនោះមិនឃើញវត្តមាននាងឡើយ ។
ចំណែកឯមហាជនវិញ បាននាំគ្នាសាទរ ពេជ្រ សោភា ដែលអាចរកបានបុរសល្អម្នាក់ និងចូលរោងការតាមប្រពៃណីខ្មែរ ជាគំរូល្អរបស់អ្នកសិល្បៈ ព្រោះការចូលរោងការ ជារឿងមួយល្អបំផុត ក្នុងជីវិតមនុស្សស្រី ពិសេសបានចូលរោងការជាមួយមនុស្ស ដែលខ្លួនស្រឡាញ់ ។ តារាចម្រៀង ពេជ្រ សោភា មិនអាចទាក់ទង ដើម្បីបំភ្លឺបានឡើយទេ ជុំវិញពិធីមង្គលការរបស់នាង៕
ផ្តល់សិទ្ធិដោយ៖ Lookingtoday
from Khmernote - The best entertainment website in Cambodia http://ift.tt/1yHyIfp
via IFTTT