ស្ត្រីមានផ្ទៃពោះម្នាក់ ត្រូវពស់ចឹក ជួយសង្គ្រោះទាន់ពេលនៅផុតពីសេចក្តីស្លាប់
ខេត្តបន្ទាយមានជ័យ៖ ស្ត្រីម្នាក់មានផ្ទៃពោះ អកុសលត្រូវបានពស់ចឹក ហើយត្រូវបានប្តី និងប្រជាពលរដ្ឋ ជួយបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកថ្មពួកសង្គ្រោះទាន់ពេលវេលា ដោយប្តី និងសាច់ញាតិបានភិតភ័យទាំងព្រលឹងចុងសក់ ព្រួយខ្លាចប៉ះពាល់ជីវិតម្តាយ និងទារកក្នុងផ្ទៃ។
លោកវេជ្ជបណ្ឌិត ញ៉ែម ភីរម្យ ប្រធានមន្ទីរពេទ្យបង្អែកស្រុកថ្មពួកបានអោយដឹងនៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥នេះថា ជនរងគ្រោះមានឈ្មោះញឹម ត្រប់ភេទស្រី្ត អាយុ៣១ឆ្នាំ លំនៅភូមិអំពិលព្រង់ ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវបានប្តីបញ្ជូនមកកាន់មន្ទីរពេទ្យទាន់ពេលវេលា ផុតពីសេចក្តីស្លាប់ទាំងម្តាយ និងទារកក្នុងផ្ទៃ។ #ក្រុមគ្រួសារជនរងគ្រោះអោយដឹងថា ស្ត្រីរងគ្រោះត្រូវពស់ពិស ស្រការចាស់ ចឹកកាលពីវេលាម៉ោង៩ និង៣០នាទី យប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥ ខណៈពេលស្ត្រីរងគ្រោះ នាំកូនដើរទៅមើលគេរាំលេងធុងបាស់ក្នុងភូមិ។
ក្រោយពីហេតុការណ៍ប្រជាពលរដ្ឋនៅជិតនោះបានស្ទុះស្ទារជួយគ្នា ហៅប្តីស្ត្រីរងគ្រោះបញ្ជូនដល់ពេទ្យបង្អែកថ្មពួកទាំងយប់។រួមទាំងការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យខិតខំជួយ សង្គ្រោះព្យាបាលដោយប្រុងប្រយ័ត្ន ទើបស្ត្រីរងគ្រោះ និងទារកក្នុងផ្ទៃជៀសផុតពីគ្រោះថ្នាក់ ៕ដោយយីហាំង