ម្ចាស់ម៉ូតូអាស្តេបស្លាប់ភ្លាមលើថ្នល់ បន្ទាប់ពីបើកវ៉ាឡាន១គ្រឿងបំពានផ្លូវគេ ជ្រុលទៅបុកអាសង់កូរ៉េ ដូលខ្ចាយ ពេញថ្នល់ មនុស្ស៣នាក់ផ្សេងទៀតរបួសធ្ងន់ស្រាល
ភ្នំពេញ ៖ យុវជនម្នាក់ស្លាប់មួយប៉ព្រិចភ្នែក ដោយសារបើកម៉ូតូក្នុងល្បឿនលឿន វ៉ារថយន្តនៅពីមុខបំពានផ្លូវគេ ក៏បានបុកម៉ូតូមួយគ្រឿងទៀតដែលបើកបរបញ្ច្រាសទិស ពេញទំហឹង បណ្តាលឲ្យយុវជន ៣នាក់ផ្សេងទៀតរបួសធ្ងន់ស្រាលរដូករណែលពេញផ្លូវកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូបង្ក ម៉ាកស៊ុយស៊ូគីស្តេប ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AA3090 បើកបរដោយយុវជន២នាក់ដោយឥតពាក់មួកការពារសុវត្ថភាព។ ចំណែកភាគីម្ខាងទៀតបើកម៉ូតូសង់កូរ៉េ ពាក់ស្លាកលេខភ្នំពេញ1A.1716 បើកបរ និងរួមដំណើរដោយយុវជនពីរដូចគ្នា។
ប្រភពបន្តថា មុនពេលកើតហេតុ គេឃើញម៉ូតូបង្កម៉ាកស្តេបជិះគ្នា២នាក់ក្នុងទិសពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ គេឃើញម៉ូតូស៊ុយស៊ូគីស្តេបនោះ បើកវ៉ារថយន្តមួយគ្រឿងនៅពីមុខយ៉ាងលឿន បានជ្រុលចង្កូតទៅបិកជាមួយម៉ូតូសង់កូរ៉េពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូស៊ុយស៊ូគីស្តេប ស្លាប់ម្នាក់នៅនឹងកន្លែង។ ចំណែកមនុស្សបីនាក់ផ្សេងទៀតរងរបួសធ្ងន់ ស្រាលទាំងសងខាង។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះនៅគ្លីនិកគឹមសុងម្នាក់ និងពីរនាក់ទៀតត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត រីឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកតាមរថយន្តយកទៅតម្កល់នៅវត្តសំបួរមាស រង់ចាំបងប្អូនមកទទួលយកទៅធ្វើបុណ្យ។
ម៉ូតូទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចចរាចរណ៍វាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករង់ចាំដោះស្រាយគ្នាជាក្រោយ៕