បុកនៅខេត្តកំពតចាប់នៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ បុរសម្នាក់ និងរថយន្តរួមជាមួយអ្នក តំណើរ២នាក់ទៀតក្នុងនោះមានស្ត្រីម្នាក់ ត្រូវបានកំលាំងសមត្ថកិច្ចចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ ធ្វើការស្ទាក់ចាប់ នាវេលាយប់ថ្ងៃទី០៤ មករា ឆ្នាំ២០១៥ត្រង់ចំណុចអណ្តូងអ៊ុនតាក់ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បន្ទាប់ពីរថយន្តបង្ករបានបើកបុកតូបលក់ ចាប់ហ៊ួយនិងរថយន្តមួយគ្រឿង ដែលលក់និងចតក្បែររោងការ ត្រង់ចំនុចភូមិត្រពាំងល្ពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។
លោកវរៈសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ បានឲ្យដឹងថា៖ រថយន្តរួមជាមួយមនុស្ស៣នាក់ស្រី១ ប្រុស២ ក្នុងនោះអ្នកបើកបរម្នាក់ ដែលសមត្ថកិច្ចក្រោមការបញ្ជារបស់លោក បានធ្វើការឃាត់ទុកកាលពីយប់ថ្ងៃទី០៤ មករា ឆ្នាំ២០១៥នេះ គឺពុំបានបង្កគ្រោះថ្នាក់ចរាចរណ៍នៅខេត្តព្រះសីហនុនោះទេ គឺបានបង្កនៅឯភូមិត្រពាំងល្ពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ដោយបានបុករះដបសាំង ធុងទឹកកករថយន្តដែលចតចូលហូបការផ្នែកខាងក្រោយ និង សម្ភារៈមួយចំនួនទៀត ហើយរថយន្តបានព្យាយាមរត់គេចចូលមកកាន់ខេត្តព្រះសីហនុ ទើបកម្លាំងរបស់លោកបានចេញស្ទាក់គ្រប់មុខសញ្ញា គោលដៅសំខាន់ៗ ហើយនៅម៉ោង២០ និង១០នាទី រួចនាំយកកាន់ការិយាល័យចរាចរណ៍ ដើម្បីដោះស្រាយជាមួយជនរងគ្រោះ។
ប្រភពដ៏ដែលបានបន្តថា រថយន្តដែលកម្លាំងងរបស់លោកធ្វើការឃាត់ទុកនោះ មានម៉ាក តូយូតាកូរូឡាពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2H 0402 បើកបរដោយឈ្មោះ ម៉ិញ ទិត្យ ភេទ ប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ដូ មានទីលំនៅ ភូមិត្រាណងខ្នា ឃុំសុភី ស្រុកបាទី ខេត្តតាកែវ ដោយមានអ្នករួមតំណើរឈ្មោះ ខុម សុភឿន ភេទ ស្រី អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រមានទីលំនៅ ភូមិត្រាណងខ្នា ឃុំសុភី ស្រុកបាទី ខេត្តតាកែវ និងឈ្មោះ ទន ទែល ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងម៉ូតូមានទីលំនៅ ភូមិត្រាណងខ្នា ឃុំសុភី ស្រុកបាទី ខេត្តតាកែវ។
ជុំវិញករណីគ្រោះថ្នាក់ចរាចណ៍នោះ ឈ្មោះ ទន ទែល ជាអ្នករួមតំណើរបាននិយាយថា ចំពោះមូលហេតុដែលរថយន្តរបស់ពួកគេបុកនោះ គឺដោយសារគេចម៉ូតូ ត្រង់ចំណុចផ្លូវចង្អៀត ក្បែរកន្លែងចំពិធីការ តែខ្លួនពុំបានស្គាល់ភូមិឃុំនោះ ក្រោយពីបានបុករះរួចមក ឈ្មោះ ទិត្យដែលជាតៃកុងពុំបានឈប់មើលកន្លែងកើតហេតុដោយសារមានការភ័យខ្លាចទើបបន្ថែមល្បឿនដើម្បីគេចខ្លួន តែនៅពេលចូលមកដល់ខេត្តព្រះសីហនុ ក៏ត្រូវសមត្ថិកិច្ចស្ទាក់ឃាត់បានតែម្តង។ #ក្រោយការស្ទាក់ចាប់រថយន្តបង្ក ទាំងរថយន្ត និង មនុស្សត្រូវរក្សាទុកនៅការិយាល័យចរាចរណ៍រងចាំការដោះស្រាយជាមួយជនរងគ្រោះមកពីខេត្តកំពត នាព្រឹកថ្ងៃទី៥មករានេះ៕ដោយ កោះរ៉ុង