មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ រក្សាទុកម៉ាស៊ីនអារច្រៀកឈើខុសច្បាប់ប្រមាណ៤០គ្រឿង នៅស្រុកបរិបូណ៌ ធ្វើជាឆ្នាំងបាយរាប់ឆ្នាំមកហើយ?
ខេត្តកំពង់ឆ្នាំង៖ ម៉ាស៊ីនអារ និងច្រៀកឈើខុសច្បាប់ ជាច្រើនគ្រឿង បាននឹងកំពុងធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យជាច្រើនឆ្នាំមកហើយ នៅក្នុងភូមិកណ្តាល ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ដោយ មន្ត្រីជំនាញ និងអាជ្ញាធរនៅក្នុងមូលដ្ឋានគ្មានការចាប់អារម្មណ៍ ឬមានផែនការបង្ក្រាបឡើយ ដោយសារតែបែបនេះហើយទើបធ្វើអោយមានការរិះគន់ពីប្រជាពលរដ្ឋថា អាជ្ញាធរ និងមន្ត្រីជំនាញពិតជាបានសើមមាត់ រហូតដល់ទុកវាធ្វើជាឆ្នាំងបាយទៅហើយ ទើបបទល្មើសព្រៃឈើនៅចំណុចនោះប្រព្រឹត្តឡើងដោយសេរីគ្មានការបង្ក្រាប។
រាល់ថ្ងៃគេពិនិត្យឃើញនៅក្នុងភូមិកណ្តាល មានម៉ាស៊ីនអារច្រៀកឈើខុសច្បាប់ ចំនួនប្រមាណ៤០ គ្រឿងនៅតាមផ្ទះប្រជាពលរដ្ឋក្នុងភូមិនោះ ធ្វើសកម្មភាពច្រៀកឈើលាន់ទ្រហឹងខ្ទ័រត្រចៀក ប៉ុន្តែមិនដែល ឃើញសមត្ថិច្ចជំនាញរដ្ឋបាលព្រៃឈើ សមត្ថកិច្ចពាក់ព័ន្ធ ឬសមត្ថកិច្ចមូលដ្ឋានធ្វើសកម្មភាពបង្ក្រាបបទល្មើសព្រៃឈើនេះម្តងណាឡើយ ដែល ធ្វើអោយអ្នកប្រព្រឹត្តបទល្មើសរិតតែបានចិត្តគ្មានខ្លាចច្បាប់ទម្លាប់អ្វីឡើយ ។
ប្រភពពីប្រជាពលរដ្ឋនៅទីនោះបាននិយាយអោយដឹងថា៖ ឈើហ៊ុបដែលគេយកមកអារច្រៀកទាំងនោះ ត្រូវបានក្រុមជនល្មើសទៅកាប់ពីស្រុកលើជាប់ព្រុំប្រទល់ខេត្តពោធិសាត់ ដោយទៅកាប់ប្រើរយៈពេល៥ទៅ៦ថ្ងៃទើបដឹកតាមរទេះត្រឡប់មកដល់ភូមិវិញ ហើយនាំគ្នាអារច្រៀកជាគ្រឿងរួចទើបដឹកយកទៅដាក់តាមដេប៉ូលក់ឈើនានាក្នុងស្រុកបរិបូណ៌ ដោយក្រុមមន្ត្រីជំនាញចាំប្រមូលលុយពីឈ្មួញផង និងពីម្ចាស់ដេប៉ូផង ច្រកហោប៉ៅយ៉ាងសុខស្រួល។
លោក ពុំ ម៉េង មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើត្រពាំងចាន់បានឆ្លើយតាមទូរសព្ទ័អោយដឹងនៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥នេះថា៖ លោកទទួលស្គាល់ថា ពិតជាមានបទល្មើសនេះកើតឡើងក្នុងភូមិកណ្តាល នោះមែន ប៉ុន្តែវាជាលក្ខណៈគ្រួសារប៉ុណ្ណោះ តែលោកនឹងរាយការណ៍ជូនខ័ណ្ឌ ដើម្បីរៀបចំផែនការបង្ក្រាបក្នុងពេលឆាប់ៗខាងមុខ។
លោក ឃួន សៅរុំ អភិបាលស្រុកបរិបូណ៌បានអោយដឹងថា៖ ឈើទាំងនោះបានដឹកពីស្រុកក្រគរខេត្តពោធិសាត់ យកមកអារច្រៀកនៅភូមិកណ្តាលនេះ តែទោះថាដឹកពីណាមកក៏ខុសច្បាប់ដែរ ករណីនេះលោកបានអោយមន្ត្រីសង្កាត់ព្រៃឈើត្រពាំងចាន់ចុះទៅបង្ក្រាប និងធ្វើកិច្ចសន្យាបញ្ឈប់ តែបើនៅតែ ប្រព្រឹត្តទៀត លោកនឹងចាត់ការតាមផ្លូវច្បាប់មិនអត់ឱនឡើយ។
ប្រជាពលរដ្ឋអោយដឹងថា៖ បទល្មើសខាងលើនេះមិនមែនទើបតែកើតថ្មីៗនោះទេ គឺបានកើតឡើងយូរ ឆ្នាំមកហើយមិនដែលឃើញមានសមត្ថកិច្ចណាបង្ក្រាបឡើយ ព្រោះតែវាជាប់ពាក់ព័ន្ធនឹងលាភសក្ការៈ។ ករណីនេះជាការវាយជួងជូនដំណឹងមួយពីអ្នកការសែតយើង ដល់ស្ថាប័នពាក់ព័ន្ធសូមមេត្តា ពិនិត្យមើល មន្ត្រីអសកម្មរបស់ខ្លួនផង ដែលពេលនេះប្រជាពលរដ្ឋនិយាយថា «ត្រីងៀតឈ្លាតពង ត្រីក្នុងស៊ងឆ្លៀតបណ្តើរកូន» ឬ ច្រវាច្បិចចិញ្ចឹមមេឆ្តោ តែពាក្យសម័យថា « រក្សាទុកបទល្មើសធ្វើឆ្នាំងបាយ!»៕ ដោយ រិទ្ធិ ជ័យ