នារីអភ័ព្វម្នាក់ត្រូវអគ្គីភ័យឆេះស្លាប់ ក្នុងបន្ទប់ផ្ទះសំណាក់ឆាយ វ៉ាង យ៉ាងវេទនា
ខេត្តរតនគិរី៖ មានការភ្ញាក់ផ្អើល ខណៈមានផ្សែងហុយចេញពីដំបូលផ្ទះសំណាក់ យីហោឆាយវ៉ាងសង្ស័យទុស្សេខ្សែភ្លើងកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ ភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ។ ករណីនេះធ្វើឲ្យភ្ញាក់ផ្អើលដល់អ្នកស្នាក់នៅទាំងខ្មែរ និង បរទេសនៅក្នុងផ្ទះសំណាក់ខាងលើ និង រួមទាំងអ្នកដំណើរនាំគ្នាមកចោមរោមមើលផងដែរ ។
បើតាមប្រភពព័ត៌មានពីម្ចាស់ផ្ទះសំណាក់បានអោយដឹងថានៅមុនពេលកើតហេតុ រូបគាត់ឃើញមាន ផ្សែងហុយផ្នែកខាងក្រោយនៅជាន់ទី២ ទើបមានការភ្ញាក់ផ្អើលឆោឡោ ហើយបានទូរស័ព្ទហៅរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលខេត្តចំនួន១គ្រឿងជួយបាញ់ទឹកពន្លត់ទាន់ពេលវេលា។ ម្ចាស់ផ្ទះខាងលើប្រាប់បន្តឲ្យដឹងទៀតថាអគ្គីភ័យនេះបណ្តាលមកពីទូស្សេខ្សែភ្លើង ហើយពុំមានខូចខាតទ្រព្យសម្បត្តិនោះទេ គ្រាន់តែមានស្នាមឆេះខ្លោចអស់ស័ង្កសីពីរ បី សន្លឹកតែប៉ុណ្ណោះ។
ប្រភពពត៌មានពីសមត្ថកិច្ចដែលចុះអន្តរាគមន៍ក្នុងហេតុការណ៍អគ្គីភ័យខាងលើនេះប្រាប់ឲ្យដឹងថាមានភ្ញៀវម្នាក់ឈ្មោះ លី លី ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកបំរើនៅភោជនីយដ្ឋានភូមិថ្មីបានឆេះខ្លោចស្លាប់ក្នុងបន្ទប់០៣២ ខណៈបុរស ម្នាក់ជាដៃគូដែលដេកក្នុងបន្ទប់ជាមួយគ្នាឈ្មោះ កុល រិទ្ធី ភេទប្រុស អាយុ ២៧ឆ្នាំ រងរបួសធ្ងន់ ដោយបានរត់ទៅមន្ទីរពេទ្យបង្អែកដោយខ្លួនឯង។
សមត្ថកិច្ចខាងឲ្យដឹងទៀតថា ករណីទូស្សេខ្សែភ្លើងនេះផ្តើមចេញពីបន្ទប់០៣២ នេះតែម្តងដោយ ត្រួតពិនិត្យឃើញឆេះពិដាន និងកង្ហាលខ្ទេចតែម្តង។ ក្រោយពេលកើតហេតុត្រូវរថយន្តអគ្គីភ័យចំនួន២ គ្រឿងមកពន្លត់ទាន់ពេលវេលាទើបស្ថានភាពប្រសើរឡើងវិញ។ សមត្ថកិច្ចចូលរួមមាន អធិការក្រុងបានលុង និងនគរបាលបច្ចេកទេសជំនាញព្រហ្មទ័ណ្ឌកំរិតធ្ងន់ នៃស្នងការនគរបាលខេត្ត បានចុះទៅអន្តរាគមន៍ធ្វើកំណត់ហេតុ និងធ្វើកោសល្យវិច្ឆ័យលើសាកសពជនរងគ្រោះ។
បុរស ម្នាក់ជាដៃគូដែលដេកក្នុងបន្ទប់ជាមួយនារីរងគ្រោះ ត្រូវបានសមត្ថកិច្ច សួរនាំអំពីហេតុការណ៍ គ្រោះថ្នាក់អគ្គីភ័យនោះ ប៉ុន្តែគេមិនដឹង ដំណើររឿងនោះកើតឡើងយ៉ាងដូចម្តេចនោះទេ ហើយគេក៏មិន ទាន់ដឹងថាខូចខាតទ្រព្យសម្បត្តិប៉ុន្មាននោះដែរ។ បច្ចុប្បសមត្ថកិច្ចយក សាកសពនារីរងគ្រោះទៅដង្កល់នៅវត្តភូមិថ្មី រងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ លី វណ្ណៈ