Insurance

728x90

​ឧកញ៉ា សឹង សំអុល នៅតែ​បន្ត​ដឹកឈើ​គ្មាន​ច្បាប់​យកទៅលក់​ឲ្យ​វៀតណាម ចេញ​តាម​ច្រករបៀង​នានា​ខេត្ត​ត្បូងឃ្មុំ ដោយមាន​ការជួយ​សម្រួល​សព្វបែបយ៉ាង​ពី​សមត្ថកិច្ច​ជំនាញ និង​អាជ្ញាធរខេត្ត​យ៉ាង​រលូន​

ខេត្ត​ត្បូងឃ្មុំ ៖ មាន​សេចក្តីរាយការណ៍​ពី​ស្រុក​មេមត់​ឲ្យ​ដឹងថា រថយន្ត​ប្រភេទ​យី​ឌុប ១​គ្រឿង ក្បាល​ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ​កំពង់ចាម 3A-3461 ផ្ទុក​ឈើ​លេខ​១​ប្រភេទ​សុ​ក្រំ ដែលមាន​មុខកាត់​ធំៗ​ពេញប្រៀប ចំណុះ​ផ្ទុក​មិន​ក្រោម​៤០​ម៉ែត្រគុប​ឡើយ​។ រថយន្ត​នេះ​បាន​ស្ថិតក្រោម​ការតាមប្រមាញ់​ពី​ក្រុម​អ្នកសារព័ត៌មាន​ចេញពី​ស្រុក​ស្នួល ខេត្តក្រចេះ ហើយ​បាន​បើក​គេច​ចូល​ជ្រក​ក្នុង​បរិវេណ​វត្ត​ជាំ​ខ្យង ភូមិ​ជាំ​ខ្យង ឃុំ​មេ​ម៉​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាលពី​រសៀល ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៥ ខណៈ​កំពុងតែ​បែកការ​នេះ គេ​មិន​ហ៊ាន​បើក​ចេញទៅ​កាន់​ច្រក​គោលដៅ​ឆ្លងទៅ​វៀតណាម​ទាំង​ថ្ងៃ​នោះទេ ដែល​ធ្វើ​ឲ្យ​គេ​ដាក់​សង្ស័យថា​ការដឹកឈើ​នោះ​គ្មាន​ច្បាប់​ត្រឹមត្រូវ​ឡើយ​។​


​ប្រភព​បាន​បន្តថា ក្រោយពី​ប្រមាញ់​បាន​រូបភាព គេ​សង្ស័យថា រថយន្ត​នោះ​ដឹកឈើ​មិន​ប្រក្រតី​ដែល​អាច​គ្មាន​ច្បាប់​ឡើយ​។ នៅវេលា​ម៉ោងជាង​៤​រសៀល​ថ្ងៃ​ដដែល​នេះ ក្រុម​អ្នកសារព័ត៌មាន​បាន​រាយ​ការណ៍​ជូន​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ គឺ​លោក អែម សុ​គុណ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​មេមត់ ដើម្បី​ចុះមក​ត្រួតពិនិត្យ​។ ជាង​១​ម៉ោង​ក្រោយមក រថយន្ត​សង្ស័យ​នោះបាន​បើក​ចេញពី​កន្លែង​លាក់ខ្លួន​ក្នុង​បរិវេណ​វត្ត​ជាំ​ខ្យង តាមផ្លូវ​ជាតិ​លេខ​៧ ចេញ​ឆ្ងាយ​ទៅហើយ ទើប​គេ​ឃើញ​ឡាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ចំនួន​១​គ្រឿង​មកដល់​។​


បន្ទាប់មក​ឡាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​នោះ បាន​បើក​បន្តកន្ទុយ​គ្នា​ពីក្រោយ​ឡាន​យី​ឌុប​ដឹក​នោះ​ដោយ​ពុំបាន​ស្ទាក់​ឃាត់​សួរនាំ​អ្វី​ទេ តែ​គេ​មើលឃើញថា​បាន​បើករថយន្ត​ពាំង ដែលជា​ការរារាំង​រថ​យន្ត​អ្នក​តាម​ប្រមាញ់​ទៅវិញ​។ ក្បួន​ហែរ​ហម​នោះ​រហូតមកដល់​វេលា​ម៉ោង 5 និង​30 ល្ងាច​ថ្ងៃ​ដដែល ឡាន​មេព្រៃ​ផ្នែក​មេមត់ និង​ឡាន​អ្នកកាសែត​ម្នាក់​បើក​បិទគូថ ពីក្រោយ​។ លុះ​ទៅដល់​ចំណុច​ឆ្កែ​អើត ឡាន​មេព្រៃ​ដកខ្លួន​ចេញ ខណៈនោះ​ដៃជើង​របស់ ឧកញ៉ា សឹង សំអុល ឈ្មោះ​ឌឿ​ន ហៅ​ឌឿ​ន ខ្សែកាប បើករថយន្ត​វី​ហ្គូ​មក​បញ្ច្រាសទិស​ឡាន​ដឹកឈើ មក​បំ​បុក​ឡាន​អ្នកកាសែត​ប្រចាំ​ស្រុក​មេមត់ ម៉ាក​កាមរី គូទ​ហើម​សេរី​៩៥ ពណ៌​សំបក​ឪឡឹក ខ្ទេច​មួយ​ចំហៀង​ផ្នែក​ខាងឆ្វេង ដើម្បី​បន្លាច និង​ព្រមាន​ដល់​ក្រុមអ្នកកាសែត​ដទៃ ដែល​កំពុង​តាម​ប្រមាញ់​ថតរូប​នោះ​។


​ប្រភព​បាន​បញ្ចា​ក់ថា បន្ទាប់ពី​កើតហេតុ​មេព្រៃ​ក​ម្លាំ​របស់ លោក អែម សុ​គុណ បាន​ថែម​កម្លាំង ចំនួន ៣​រថយន្ត​ទៀត​ដើម្បី​ជូន​ដំណើរ​រថយន្ត​ដឹកឈើ​របស់​ឧកញ៉ា សឹង សំអុល តាម​ច្រក​ចាន់​មូល​ទៅដល់​បា​រ៉ា​ស់ ព្រំដែន ឆ្លង​ចូល​ដី​វៀតណាម​បាន​យ៉ាង​រលូន ដែល​ទង្វើ​នេះ​គេ​អាច​ចាត់ទុកថា ជាការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​របស់​សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ​។ ដោយឡែក​លោក អែម សុ​គុណ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​មេមត់ បាន​ប្រាប់​កាសែត​ខ្មែរ​អង្គរ​យើង​តាម​ទួ​រ​ស័ព្ទ​កាលពី​រសៀល​ថ្ងៃទី​១៧ ខែមករា​នេះ​ថា ករណីនេះ តាម​បញ្ជា​របស់​ថ្នាក់លើ លោក​បាន​ចាត់​កម្លាំង​៤​រថយន្ត​ប្រដេញ​ឡាន​ដឹកឈើ​របស់​ឧកញ៉ា សឹង សំអុល នោះ តែ​តាម​មិនទាន់​ផ្លូវ​តូចចង្អៀត ឡាន​ដឹកឈើ​នោះបាន​បើក​បុក​បា​រ៉ា​ស់ប៉ុ​ស្តិ៍​ច្រក​ចាន់​មូល ចេញទៅ​ដី​វៀតណាម​បាត់ទៅ ហើយ​លោក​ថា​នឹង​បន្តធ្វើ​ការស្រាវជ្រាវ​រឿង​នោះ​។​


​ប្រភពពី​ខេត្ត​ត្បូងឃ្មុំ​បាន​រាយការណ៍​ឲ្យ​ដឹងថា ឧកញ៉ា សឹង សំអុល ជា​ឈ្មួញ​រកស៊ី​កាប់​ឈើ លក់​ក្នុងស្រុក​ភាគច្រើន​ដឹក​ទៅ​វៀតណាម ហើយ​បច្ចុប្បន្ន​ជា​ដៃគូ​ការកាប់​ប្រមូល ផល​អនុផល​ព្រៃឈើ របស់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ឈ្មោះ ប៊ិ​ញ ហ្វឿ​ក​១ របស់​កងទ័ព​វៀតណាម មាន​ទីតាំងនៅ​ឃុំ​ព្រះ​ឈូក​ស្រុក​កែវ​សីមា ប៉ុន្តែ​ក្នុង​ដី​ក្រុមហ៊ុន​នោះ​អស់​ឈើ​លេខ​១ ឬ​ឈើ​ប្រណីត​កាប់​ទៅហើយ​។ ប៉ុន្តែ ឧកញ៉ា សឹង អុល កាប់​ប្រមូល​ផល​អនុផល​ព្រៃឈើ​ក្រៅ​ដី​របស់ខ្លួន​ទូទាំង​ស្រុក​កែវ​សីមា ប្រមូល​ចូលក្នុង​ក្រុមហ៊ុន អារ ច្រៀក​ដឹក​បន្ត​តាម​រថយន្ត​ធំៗ ចេញ​ជាច្រើន​ឆ្នាំ​មកហើយ មិន​ថា​រដូវប្រាំង ឬ​វស្សា​នោះទេ ដោយ​គេ​យក​ច្បាប់​វិ​រិ​យោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ធ្វើជា​លេស ដើរ​ប្រមូល​ទិញ​ឈើ​ប្រណីត​មកពី​ក្នុង​ឃុំ​ស្រែ​ឈូក ស្រែ​ព្រះ ចុង​ផ្លាស់ មេ​ម៉​ង នឹង​គ្រប់​ទិស ទី​ក្នុងស្រុក​កែវ​សីមា ដែល​សុទ្ធសឹងតែ​ទីតាំង​ខាងលើ​ស្ថិតក្នុង​តំបន់​អភិរក្ស​ជីវៈចំរុះ​សីមា នឹង​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ព្រិច​។​


បញ្ហា​នេះ​ឧកញ៉ា សឹង អុល ធ្វើឡើង​រាប់សិប​ឆ្នាំ​មកហើយ ដោយ​មន្ត្រី​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​គ្រប់ទិសទី រហូតដល់​មន្ត្រី​ធំៗ​នៅ​ភ្នំពេញ​ក៏បាន​ផ្សំគំនិត​ឃុបឃិត​គ្នា​យ៉ាង​ស្អិតរ​មួ​ត​។ ទីបញ្ចប់​ឈើ​ទាំង​នោះបាន​ដឹកចេញទៅ​វៀតណាម តាម​ប្រើ​ច្រករបៀង​នានា​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ត្បូងឃ្មុំ​មាន​ច្រករបៀង ទន្លេ​ចាម​,​ចាន់​មូល​, បឹង​ជ្រោង​។​ល​។ ហើយ​គេ​មិនដែល​ឃើញ មន្ត្រី​ជំនាញ និង​អាជ្ញាធរខេត្ត​ត្បូងឃ្មុំ នេះ​ទប់ស្កាត់​ឡើយ ដែល​គេ​ឃើញតែ​ភាព​បង្ក​អំណោយផល​ឲ្យ​ការរកស៊ី​ដឹកឈើ​របស់​ឧកញ៉ា សឹង អុល ធ្វើ​ទៅដោយ​រលូន ដោយ​ម្នាក់ៗ​ចាំ​ទទួលយក​របប​ក្បាល​ឡាន និង​របប​ប្រចាំខែ​ទាំង​ស្រក់ទឹកមាត់ ដោយ​លែង​ខ្លាច​ចំណាត់ការ​ណាមួយ​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុល​រលួយ​ទៅហើយ លើសពីនេះទៅទៀត​សូម្បីតែ​ប្រសាសន៍​របស់​សម្តេច​តេ​ជោ​ក៏​ពូកគេ​លែង​ខ្វល់​ដែរ ៕ ដោយ កញ្ញាសុភាព ​


KA-5572076321253604129_n KA-5794659985777447152_n KA-3364877527081011955_n KA-3344រថយន្តយីឌុបដឹកឈើនៅពីមុខគេ, រថយន្តទី២របស់មន្ត្រីផ្នែករដ្ឋបាលព្រៃឈើ,

រថយន្តទី៣របស់អ្នកកាសែតប្រចាំស្រុកមេមត់ ដែលរងគ្រោះដោយឈ្មោះឌឿន បើកឡានវីហ្គោបំបុក



​ឧកញ៉ា សឹង សំអុល នៅតែ​បន្ត​ដឹកឈើ​គ្មាន​ច្បាប់​យកទៅលក់​ឲ្យ​វៀតណាម ចេញ​តាម​ច្រករបៀង​នានា​ខេត្ត​ត្បូងឃ្មុំ ដោយមាន​ការជួយ​សម្រួល​សព្វបែបយ៉ាង​ពី​សមត្ថកិច្ច​ជំនាញ និង​អាជ្ញាធរខេត្ត​យ៉ាង​រលូន​ ​ឧកញ៉ា សឹង សំអុល នៅតែ​បន្ត​ដឹកឈើ​គ្មាន​ច្បាប់​យកទៅលក់​ឲ្យ​វៀតណាម ចេញ​តាម​ច្រករបៀង​នានា​ខេត្ត​ត្បូងឃ្មុំ ដោយមាន​ការជួយ​សម្រួល​សព្វបែបយ៉ាង​ពី​សមត្ថកិច្ច​ជំនាញ និង​អាជ្ញាធរខេត្ត​យ៉ាង​រលូន​ Reviewed by yim PH on 8:05 PM Rating: 5

Entertainment

ads
Powered by Blogger.