ប្តីប្រពន្ធវ័យចំណាស់ជិះម៉ូតូឌុបគ្នា ឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តឡង់គ្រីស័រដឹកអាចន៍គោ បុកចំពេញ ទំហឹង រងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់
ខេត្តរតនគិរី៖ ប្តីប្រពន្ធវ័យចំណាស់ពីរនាក់ជិះម៉ូតូឌុបគ្នា ខណៈកំពុងឆ្លងផ្លូវ ទៅចាក់សាំងម៉ូតូ ដោយ ម៉ូតូពុំមានហ្វ្រាំងផងនោះក៏ត្រូវរថយន្តមួយគ្រឿងកំពុងធ្វើចរាចរណ៍ នៅលើដងផ្លូវក្នុងល្បឿនមិនសូវជា លឿន ប៉ុន្មានទេ តែបានបុកទៅលើម៉ូតូបណ្តាលអោយពីរនាក់ប្តីប្រពន្ធ រងរបួសធ្ងន់បែកក្បាល រញេះ ដៃជើង។ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង១ និង១០នាទីរសៀល ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ៧៦ នៅត្រង់ចំណុចម្តុំមុខហាងកាហ្វេមួយនិងមុខផ្ទះលោក អភិ បាល ស្រុក ស្ថិតនៅក្នុងភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។
បើតាមការអោយដឹងពីនរគបាលប៉ុស្តិ៍រដ្ឋបាលឃុំជ័យឧត្តម បានអោយដឹងថា៖ កាលពីវេលាម៉ោងខាងលើឃើញម៉ូតូមួយគ្រឿងម៉ាក វ៉េវ អត់ស្លាកលេខ ប្តីប្រពន្ធជិះឌុបគ្នា ត្រូវបានគេស្គាល់ឈ្មោះ ជូត ខិង ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិទំពួន (ប្តី) រងរបួសស្រាល និងឈ្មោះ ក្រាក់ ម៉ាឡា អាយុ៤០ឆ្នាំ ជនជាតិទំពួនត្រូវជាប្រពន្ធរងរបួសធ្ងន់ត្រូវចំក្បាល និងដៃស្តាំ។ អ្នកទាំងពីរមានទីលំនៅភូមិសាយ៉ស់ ឃុំកាឡែងស្រុកលំផាត់។
នៅម៉ោងកើតហេតុម៉ូតូជនរងគ្រោះបានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើម៉ូតូបានបើកឆ្លងផ្លូវបម្រុងទៅចាក់សាំង ហើយខ្វះការប្រុងប្រយ័ត្ន និងម៉ូតូមិនមានហ្វ្រាំង ជើងនោះផង ស្របពេលដែលមានរថយន្តមួយគ្រឿងដឹកអាចន៍គោកំពុងធ្វើចរាចរនៅលើដងផ្លូវ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនមធ្យមវ៉ាក់អើចាប់ហ្វ្រាំងមិនទាន់ក៏បុកទៅលើម៉ូតូយ៉ាងពេញទំហឹង បណ្តាលអោយម៉ូតូកៀបជាប់នៅពីក្រោមរថយន្ត។
ប្រភពបានបន្តទៀតថា រថយន្តបង្កម៉ាឡង់គ្រីស័រ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខឃ-1573 ភ្នំពេញ២ អ្នកបើកបរត្រូវបានគេស្គាល់ឈ្មោះ ព្រាប ឃ្នាក់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំ នៅក្រុងបានលុង ខេត្តរតនគិរី រថយន្តបានដឹកអាចម៍គោ ចេញពីស្រុកលំផាត់ឆ្ពោះទៅក្រុងបានលុងក៏ជួបឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍នេះតែម្តង។
ក្រោយពីកើតហេតុភ្លាមៗតៃកុងរថយន្តឃើញសភាពពុំស្រួលក៏រត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ត្រូវបាននគរបាលមូលដ្ឋានចុះមកធ្វើការវាស់វែងនាំយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការស្រុកលំផាត់រងចាំដោះស្រាយជាក្រោយ។ រីឯជនរងគ្រោះពីរនាក់ប្តីប្រពន្ធត្រូវបានរថយន្តសាម៉ុយដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត៕ ដោយ លី វណ្ណៈ