លួចម៉ូតូពីស្រុកកំពង់ត្រឡាច មកលាក់ទុកនៅស្រុករលាប្អៀរបាន៥ថ្ងៃ ត្រូវសមត្ថកិច្ចតាមចាប់ខ្លួន
ខេត្តកំពង់ឆ្នាំង៖ ជនល្មើសជាចោរលួចម៉ូតូម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាច និងម្ចាស់ ម៉ូតូ តាមស្រាវជ្រាវចាប់ខ្លួនបាន បន្ទាប់ជនល្មើសរូបនោះធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿង ពីស្រុក កំពង់ត្រឡាចកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥ យកមកលាក់ទុកនៅផ្ទះមិត្តភ័ក្ររបស់គេ នៅក្នុងស្រុក រលា ប្អៀរបាន៥ថ្ងៃរួចមក។ ការចាប់ខ្លួនជនល្មើសរូបនោះបានធ្វើឡើងនៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៥ នៅក្នុងភូមិភេ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ នៅផ្ទះមិត្តភ័ក្រជនល្មើស។
លោក ហ៊ុល វាសនា អធិការនគរបាលស្រុកកំពង់ត្រឡាចបាននិយាយអោយដឹងថា៖ ជនល្មើសរូបនោះ មានឈ្មោះ កៅ សុជាតិ អាយុ៣៦ឆ្នាំ មកស្នាក់នៅធ្វើស្រែប្រាំងក្នុងភូមិវាលរវាង ឃុំជ្រេស ស្រុក កំពង់ ត្រឡាច។ កាលពីវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥ ជនសង្ស័យរូបនោះបានលួចយក ម៉ូតូម៉ាកឌ្រីម១២៥ ពណ៏ខ្មៅ សេរី២០០៨ របស់ឈ្មោះ ឃុត សុភ័ក្រ ភេទស្រី អាយុ២៩ឆ្នាំ រស់នៅ ភូមិ ជំទាវបុត្រី ខណៈដែលម្ចាស់ម៉ូតូកំពុងចូកស៊ីការគេក្នុងភូមិ។ នៅពេលលួចម៉ូតូបានហើយឈ្មោះនេះ បានបើកម៉ូតូនោះយកមកលាក់ទុកនៅផ្ទះប្រជាពលរដ្ឋម្នាក់ដែលស្គាល់គ្នានៅភូមិភេ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ។
លោកអធិការបានអោយដឹងទៀតថា៖ នៅទទួលពាក្យបណ្តឹងពីស្ត្រីរងគ្រោះ ជាម្ចាស់ម៉ូតូលោកបាន ដឹកនាំកម្លាំងស្រាវជ្រាវជាបន្តបន្ទាប់នឹងបានដឹងថា៖ មានអ្នកមកស្នាក់នៅធ្វើស្រែប្រាំង បានបាត់ពីកន្លែង ស្នាក់នៅ ហើយបានដឹងថាជនសង្ស័យខាងលើនេះ មានស្គាល់គេម្នាក់នៅស្រុករលាប្អៀរ លោកបាន សហការ ជាមួយម្ចាស់ម៉ូតូនិងសមត្ថកិច្ចមូលដ្ឋានតាមរកម៉ូតូនោះឃើញនៅផ្ទះ ប្រជាពលរដ្ឋម្នាក់ នៅក្នុង ភូមិភេពិតមែន ទើបឈានដល់ការចាប់ឃាត់ខ្លួនជនល្មើសខាងលើនេះបាននៅរសៀលថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០១៥នេះ។
ជនល្មើសខាងលើនេះត្រូវបានសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាច កសាងសំណុំរឿងតាមនិតិវិធី បញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបំពេញសំណុំរឿងរបស់ករិយាល័យជំនាញ បញ្ជូន ខ្លួនទៅតុលាការផ្តន្ទាទោសតាមផ្លូវច្បាប់ ចំណែកម៉ូតូសមត្ថកិច្ចត្រូវបានប្រគល់ជូនទៅម្ចាស់គេវិញ៕ ដោយ រិទ្ធិ ជ័យ