ឧកញ៉ា សឹង អុល ជ្រកក្រោមកិច្ចសន្យាម៉ៅការកាប់ប្រមូលឈើក្នុងដីក្រុមហ៊ុនប៊ិញ ហ្វឿក១ របស់វៀតណាម កំពុងលួចកាប់បំផ្លាញព្រៃឈើក្នុងតំបន់អភិរក្សជីវៈចម្រុះសីមា និងជម្រកសត្វព្រៃភ្នំព្រិច
ខេត្តមណ្ឌលគិរី៖ លោក ឧកញ៉ា សឹង អុល ដែលជាពាណិជ្ជករកស៊ីកាប់ឈើ បច្ចុប្បន្នជាដៃគូការកាប់ប្រមូល ផលអនុផលព្រៃឈើ របស់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ឈ្មោះ ប៊ិញ ហ្វឿក១ របស់វៀតណាម មានទីតាំងនៅឃុំព្រះឈូកស្រុកកែវសីមា។ តែ ឧកញ៉ា សឹង អុល កំពុងមានសកម្មភាពមមាញឹក ដឹកឈើគ្រប់ប្រភេទ ដែលកាប់ប្រមូលមកពីព្រៃក្រៅក្រុមហ៊ុន រាប់រយមែត្រគុបយកមកពីគ្រប់ទិសទីក្នុងស្រុកកែវសីមាចូលក្រុមហ៊ុនធ្វើការអារជ្រៀក នឹងដឹកជញ្ជូន តាមរថយន្តយីឌុបធំៗរាល់ថ្ងៃ ដែលគេមិនបានឃើញសមត្ថកិច្ចជំនាញពាក់ព័ន្ធនានាយកចិត្តទុកដាក់ត្រួតពិនិត្យទប់ស្កាត់សោះឡើយ។
សកម្មភាពមិនស្របច្បាប់នេះធ្វើឡើងដោយយកច្បាប់ដីសម្បទានសេដ្ឋកិច្ចធ្វើជាសំអាងបិទបាំង ក្នុងការដឹកឈើមក ពីក្រៅដែនដីរបស់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ដែលហំព័ទ្ធដោយដីព្រៃរិចរឹលតូចៗរកតែប្រភេទឈើប្រណីតមួយ ដើមគ្មាននោះ តែផ្ទុយទៅវិញឧកញ៉ា សឹង អុល សម្បូរឈើប្រណីតនាំចេញមិនចេះអស់រាប់សិបឆ្នាំមកហើយ ទៅកាន់ប្រទេសវៀតណាម។ ការដឹកជញ្ជូនឈើប្រណីតនោះទៀតសោត ឧកញ៉ា សឹង អុល ធ្វើឡើងជ្រកក្រោមលិខិតអនុញ្ញាតអាជីវកម្មឈើក្រហម។ ក្រៅតែពីកាប់ និងប្រមូលឈើមិនស្របច្បាប់ ការនាំឈើចេញទៅវៀណាម ក៏បានក្លែងប្រភេទឈើក្នុងការគេចវេសបង់ពន្ធជូនរដ្ឋទៀតផង។
ឧកញ៉ា សឹង អុល បានដឹកជញ្ជូនឈើប្រណីតតាមរថយន្តយីឌុបទាំងខ្សែៗ ទៅកាន់ប្រទេសវៀតណាមគ្មានលោះថ្ងៃឡើយ ចេញពីស្រុកកែវសីមាខេត្តមណ្ឌលគិរី កាត់តាមស្រុកស្នួល ខេត្តក្រចេះ ឆ្ពោះទៅកាន់ស្រុកមេមុត ខេត្តត្បូងឃ្មុំ ចេញតាមច្រករបៀងទន្លេចាម ក្នុងឃុំជាំក្រវៀន ច្រកដូង៧ដើម និងច្រករបៀងបឹងជ្រោង ជាដើម ដែលមានការសម្របសម្រួលពីមន្ត្រីមានអំណាចក្នុងខេត្ត និងមន្ត្រីតាមច្រកចាំទទួលយករបបក្បាលឡាន យ៉ាងស្ងៀមស្ងាត់។
ប្រជាសហគមន៍ក្នុងឃុំស្រែឈូកបាននិយាយថា ក្រុមហ៊ុន ប៊ិញ ហ្វឿក១ ជាក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចរបស់វៀតណាម មួយដែលកំពុងប្រគលសិទ្ធឲ្យ ឧកញ៉ា សឹង អុល កាប់ប្រមូលផលអនុផលព្រៃឈើក្រៅដីរបស់ខ្លួនទូទាំងស្រុកកែវសីមា រាប់រយម៉ែត្រគូប ចូលក្នុងក្រុមហ៊ុន អារ ច្រៀកដឹកបន្តតាមរថយន្តធំៗ ចេញជាច្រើនឆ្នាំមកហើយ មិនថារដូវប្រាំង ឬវស្សានោះទេ ដោយគេយកច្បាប់វិរិយោគដីសម្បទានសេដ្ឋកិច្ចធ្វើជាលេស ដើរប្រមូលទិញឈើប្រណីតមកពីក្នុងឃុំស្រែឈូក ស្រែព្រះ ចុងផ្លាស់ មេម៉ង នឹងគ្រប់ទិស ទីក្នុងស្រុកកែវសីមា ដែលសុទ្ធសឹងតែទីតាំងខាងលើស្ថិតក្នុងតំបន់អភិរក្សជីវៈចំរុះសីមា នឹងដែនជំរកសត្វព្រៃភ្នំព្រិច បញ្ហានេះគេធ្វើឡើងរាប់សិបឆ្នាំមកហើយដោយមន្ត្រីមូលដ្ឋាប និងមន្ត្រីជំនាញពាក់ព័ន្ធនៅទីនោះ និងទៅពីភ្នំពេញឃុបឃឹតគ្នា។
ប្រភពដដែលបានបន្តថា៖ ដែលភាគច្រើនអ្នកដឺកឈើរកស៊ីឈើនៅទីនោះក្រៅតែពី ឧកញ៉ា សឹង អុល មាន មន្ត្រី និងឈ្មួញមានសមត្ថកិច្ចមានខ្នងបង្អែកធំៗ កំពុងនាំគ្នាកាប់ឈើយកមកលក់ឲ្យឧកញ៉ា សឹង អុល។ បច្ចុប្បន្នកន្លែងដែលកើតមានបទល្មើសខាងលើ បានក្លាយជាកន្លែងដ៏សុខសាន្តរបស់ក្រុមឈ្មួញរកស៊ីឈើទៅហើយ ទោះបីមានបងប្អូនប្រជាសហគមន៍ជនជាតិដើម អ្នកស្រឡាញ់ធម្មជាតិ ខិតខំឃាត់ចាប់ ឬប្តឹងអោយជំនាញតែវាហាក់បីដូនគ្មានប្រសិទ្ធភាពឡើយ ព្រោះគេត្រូវរ៉ូវគ្នាជាលក្ខណៈប្រព័ន្ធទៅហើយ សូម្បីតែថ្នាក់លើៗមិនដែលយកចិត្តទុកដាក់ និងបញ្ជូនមន្ត្រីសម្ងាត់ឲ្យមកស៊ើបអង្កេតពីករណនេះនោះទេ ហើយព្រៃឈើវានឹងវិនាសហិនហោចហើយ។
ពាក់ព័ន្ធករណីខាងលើនេះ ប្រធានគំរោងអភិរក្សជីវៈចំរុះសីមា លោក មាគ វឌ្ឍី មិនអាចសុំការបំភ្លឺបានទេនៅរសៀលថ្ងៃទី២៦ ធ្នូនេះ ដោយសហការីយើងព្យាយាមទូរស័ព្ទចូលអ្នកទទួលថា រវល់បន្តិចសិន។ #លោក រឿង សុផាត នាយផ្នែករដ្ឋបាលព្រៃឈើកែវសីមា បានអោយដឹងថា ឈើដែលក្រុមហ៊ុនកំពុងដឹកជញ្ជូននោះគឺឈើចាស់ដែលគេវ៉ៃព្រៃកន្លងមកមិនទានប្រមូលអស់ ។ ចំពោះការដែលពលរដ្ឋប្រជាសហគមន៍ថា មានសកម្មភាពដឹកជញ្ជូនឈើខុសច្បាស់ចូលពីក្រៅដែន សូមអោយពួកគាត់រាយការណ៍ជាបន្ទាន់ ក្នុងនាមលោកជាសមត្ថកិច្ចជំនាញលោកនឹងចាត់វិធានការ។
អគ្គនាយករង ក្រុមហ៊ុន ប៊ិញ ហ្វឿក១ លោក ហា តាំបាំង បានបញ្ជាក់អោយដឹងថា ក្រុមហ៊ុន ប៊ិញ ហ្វឿក១ជាក្រុមហ៊ុនរដ្ឋរបស់ប្រទេសវៀតណាម ដែលបានទទួលសិទ្ធវិរិយោគលើផ្ទៃដី៥១០០ហិកតា ពីរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០១២ បច្ចុប្បន្នក្រុមហ៊ុនធ្វើការឈូកឆាយបានប្រមាណ៨៥% ក្នុងនោះធ្វើការដាំដុះកៅស៊ូបាន៦០%ហើយ។ លោកបន្តទៀតថា ចំពោះការប្រមូល ផលអនុផលព្រៃឈើ គឺមានក្រុមហ៊ុនជាដៃគូរបស់ក្រុមហ៊ុន លោក ឧកញ៉ា សឹង អុល ជាអ្នកប្រមូល ហើយរឿងដឹកឈើ ចូល ក្រៅដែនខាងលើ មិនអ្វីទាំងអស់មិនពាក់ព័ន្ធនិងក្រុមហ៊ុនលោកទេក្រុមហ៊ុនលោកយកតែដីដាំកៅស៊ូទេ នោះជារឿងលោក ឧកញ៉ា សឹង អុល ៕ ដោយ ផ្កាច័ន្ទ