កូនអកត្តញ្ញូទាញដុំថ្មគប់ឪពុកបង្កើតបែកក្បាលហូរឈាមស្រោចខ្លួន និងដេញវាយម្ដាយរត់គេចវក់វី ព្រោះតែទារផឹកស្រា
ខេត្ដកណ្ដាល ៖ កូនអកត្តញ្ញូឈាមខ្មៅបានទាញយកដុំថ្មគប់ ឪពុកបង្កើតបែកក្បាល និងជាំភ្នែកខាងស្តាំ បន្ទាប់ពីកូនអកត្តញ្ញូរូបនោះ មកពីផឹកស្រាស្រវឹង ហើយបានរករឿងឪពុកម្តាយ បង្កើតរបស់ខ្លួន ដោយទារយកទូរស្សន៍ និងម៉ូទ័របូមទឹក ទៅលក់ក្នុងបំណងយកទៅទិញស្រាផឹកបន្ថែមទៀតអត់បាន កាលពីវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី៣០ ខែមករា លុះព្រឹកឡើងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥ កូនថ្លើមខ្មៅរូបនោះបានបន្ដរករឿងម្តាយរហូតដល់ដេញ វាយទៅលើស្ដ្រីជាម្ដាយរត់ពេញក្រោមផ្ទះស្រែកឲ្យគេជួយ ព្រោះតែកូនប្រុសផ្តាច់ជីវិត។ ហេតុការណ៍នេះបានក្នុងភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្ដកណ្ដាល។
លោកវរសេនីយ៍ទោ សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា ជន សង្ស័យ ឈ្មោះ ទ្រី គីម ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ ចំណែកឯបុរសជាឪពុកមានឈ្មោះ ទុយ ទ្រី ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ជាជនពិការ (ស្វិតដៃ) ។ រីឯស្ដ្រីជាម្ដាយ ឈ្មោះ ហង់ សុធី អាយុ៤៩ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្ដកណ្ដាល ។
លោកអធិការបានបន្ដថា ជាញយៗកន្លងមកជនសង្ស័យខាងលើនេះចេះតែបង្កការអុកឡុកនៅក្នុងគ្រួសារ បើទោះបី ជាមានការហាមឃាត់ពីជនរងគ្រោះ ជាឪពុកម្ដាយយ៉ាងណាក៏នៅតែមិន ស្ដាប់ ។ លុះមកដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥ ជនសង្ស័យបានចេញពីផ្ទះ ពេញមួយថ្ងៃពេលត្រឡប់ទៅផ្ទះវិញ មានសភាពស្រវឹងស្រា បានស្រែកឡូឡារក រឿងឪពុកម្តាយ ហើយបានទាម ទារយកទូរទស្សន៍ និងម៉ូទ័របូមទឹកប្រើប្រាស់ក្នុងផ្ទះទៅលក់យកលុយទិញផឹកស្រាបន្ដទៀត ប៉ុន្តែត្រូវឪពុក ហាមឃាត់មិនឲ្យយកទៅលក់ស្រាប់តែកូនប្រុសនោះទាញដុំថ្មគប់ក្បាលឪពុកបណ្តាលឲ្យរបួសធ្ងន់ ។
លោកបន្តឲ្យដឹងទៀតថា បន្ទាប់ពីមានហេតុការណ៍កើតឡើងប្រពន្ធ និងកូនៗ បាននាំ ឪពុកយកទៅពេទ្យព្យាបាលមុខរបួស ។ លុះព្រឹកឡើងជន សង្ស័យបានបន្ដសកម្មភាព ជាថ្មីដេញវាយ ស្ដ្រីជាម្ដាយរត់វក់វីភ័យញាក់សាច់ស្រែកហៅឲ្យគេជួយ ។ ឃើញដូច្នេះប្រជាពលរដ្ឋជិតខាងបាននាំគ្នាទូរស័ព្ទប្ដឹងសមត្ថកិច្ចនគរបាលមូលដ្ឋានឲ្យជួយ ឃាត់ខ្លួនកូនតិរច្ឆាននេះភ្លាមៗ រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាងនិងកសាងសំណុំរឿងបញ្ជូនខ្លួនបន្ដទៅកាន់សាលាដំបូងខេត្ដកណ្ដាលដើម្បីចាត់ការតាមច្បាប់។ ពលរដ្ឋមួយចំនួនដែលបានឃើញហេតុការណ៍នោះបានសំណូមពរសមត្ថកិច្ចថាត្រូវតែដាក់ទោសអាកូនតិរច្ឆាននោះឲ្យបានធ្ងន់ធ្ងរឲ្យស័កិ្តសមនឹងអំពើឃោរឃៅរបស់វា៕