អាជ្ញាធរអប្សរា ចាប់ខ្លួន ជនបរទេសពីរនាក់ទៀត រឿងថតអាក្រាត នៅប្រាសាទ ព្រះខ័ន
សៀមរាប ៖ ជនបរទេសសញ្ជាតិអាមេរិកពីរនាក់ទៀតហើយ ត្រូវបានចាប់ខ្លួន ចោទពីបទ ថតអាក្រាត នៅប្រាសាទ ព្រះខ័ន ខេត្តសៀមរាប បន្ទាប់ពីមានជនជាតិបារាំងបីនាក់ ទើបតែត្រូវបានបណ្តេញចេញពីកម្ពុជា ពីបទ ថតអាក្រាត នៅប្រាសាទបន្ទាយក្តីខ្មែរ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អាជ្ញាធរអប្សរា ចេញផ្សាយថ្ងៃទី០៦ ខែកុម្ភៈ បានឲ្យដឹងថា អាជ្ញាធរជាតិ អប្សរាដោយមានកិច្ចសហការជិតស្និទ្ធ ជាមួយ អង្គភាពនគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាប និងអង្គភាពនគរ បាលការពារបេតិកភណ្ឌប្រចាំខេត្តសៀមរាប បានធ្វើការទប់ស្កាត់សកម្មភាពថតរូបអាក្រាត (ខាងក្រោយ) កាលពី វេលាម៉ោង ១០ព្រឹក ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៥ នៅក្នុងបរិវេណប្រាសាទព្រះខ័ន របស់ភ្ញៀវទេសចរបរទេស ភេទ ស្រី សញ្ជាតិអាមេរិកចំនួនពីររូប ដែលមានឈ្មោះ Lindsey Kate ADAMs អាយុ២២ឆ្នាំ កាន់លិខិតឆ្លងដែនលេខ ៤៦០៦១៩៩១៦ និង Leslie Jan ADAMS អាយុ២០ឆ្នាំ កាន់លិខិតឆ្លងដែនលេខ ៥២០២២៦១៤៧ ។
បន្ទាប់ពីបានសាកសួរព័ត៌មាន ជុំវិញករណីនេះ ភ្ញៀវទេសចរបរទេសទាំងពីររូប បានសារភាពទទួលស្គាល់ថា ខ្លួនពិត ជាមានកំហុសដោយបានប្រព្រឹត្តសកម្មភាព ថតរូបអាក្រាត (ខាងក្រោយ)យ៉ាងពិតប្រាកដមែន ។
ក្នុងពេលនេះ ភ្ញៀវទេសចរបរទេសទាំងពីររូប ត្រូវបានបញ្ជូនទៅអង្គភាព នគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាប រួច រាល់ហើយ ។
សូមជម្រាបថា សាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី៣១ ខែមករា បានសម្រេចកាត់ទោសឱ្យជនបរទេសបីនាក់ ដែលពាក់ព័ន្ធនឹងការថតស្រាត នៅប្រាសាទបុរាណខ្មែរ នៅតំបន់អង្គរខេត្តសៀមរាប កន្លងមក ឱ្យជាប់ ពន្ធនាគារ រយៈពេល៦ខែ ហើយបណ្តេញចេញមិនឱ្យចូលមកកម្ពុជា រយៈពេល៤ឆ្នាំ ប៉ុន្តែទោសទាំងអស់ របស់ជនបរទេសទាំង នោះ ត្រូវព្យួរ មិនអនុវត្តនោះទេ ។
ជនបរទេសទាំងបីនាក់នេះ ត្រូវបានសមត្ថកិច្ច របស់អាជ្ញាធរអប្សរាឃាត់ខ្លួន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ ក្នុង នោះមានពីរនាក់ ដែលឈរឱ្យគេថតស្រាត និងម្នាក់ទៀត ជាអ្នកថតរូប ។
តាមការប្រកាសរបស់អាជ្ញាធរអប្សរា ជនបរទេសទាំងបីនាក់ ជាជនជាតិបារាំង ក្នុងនោះ រួមមានទី១ឈ្មោះ Vincent Henri ភេទប្រុស អាយុ២០ឆ្នាំ ទី២ឈ្មោះ Rodolphe Fourgeot ភេទប្រុស អាយុ២១ឆ្នាំ និងទី៣ ឈ្មោះ Alexandre André Raymond ភេទប្រុស អាយុ២២ឆ្នាំ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល
from Khmernote - The best entertainment website in Cambodia http://ift.tt/1ySlpKn
via IFTTT