លោក ឆែ សុធា មេគយជើងចាស់ដែលល្បីធ្លាប់បើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធនៅខេត្តឧត្ដរមានជ័យអាចយករូបមន្តចាស់មកកើបលុយនៅខេត្តបន្ទាយមានជ័យយ៉ាងត្រជាក់ចិត្ត
ខេត្តបន្ទាយមានជ័យ ៖ អតីតប្រធានសាខាគយ ខេត្តឧត្ដរមានជ័យ លោក ឆែ សុធា ដែលល្បីខាងឃុបឃិត ជាមួយឈ្មួញ រកស៊ីនាំចូលទំនិញគេចពន្ធប្រមូលប្រាក់មិនប្រតីច្រកហោប៉ៅដែលខុសនឹងគោលការណ៍គយបែរជាមានយីអ៊ុនបញ្ច្រាសទិស ឡើងកាន់តំណែង ប៉ុស្តិ៍ខ្លាញ់ជាប្រធានសាខាគយ ខេត្តបន្ទាយមានជ័យ ជំនួសលោកថោង សុខាំភូ ដែលល្បីល្បាញ ខាងប្រព្រឹត្តអំពើពុករលួយដូចគ្នានោះ។ លោក ឆែ សុធា មិនបង្កលំបាកដល់ក្រុមឈ្មួញទាំងតូចទាំងធំនោះទេ ពួកគេត្រៀមខ្លួនជាស្រេចចូលសម្តែងការគួរសមដើម្បីនាំកាដូ និងជម្រាបជម្រាប់មុខរបរ ដើម្បីសុំការយោគយល់ ដូចជំនាន់លោកថោង សុខាំភូ។
ឈ្មួញគ្រប់ប្រភេទ និងអាជីវករ ក៏ដូចជាក្រុមអ្នករត់តាក់ស៊ី ដឹកជញ្ជូនទំនិញក្នុងខេត្តឧត្ដរមានជ័យធ្លាប់បានរំលឹកថា លោក ឆែ សុធា ពេលធ្វើជាប្រធានសាខាគយ ខេត្តឧត្ដរមានជ័យ ល្បីល្បាញខាង ប្រព្រឹត្តអំពើពុករលួយ បានបើកដៃឲ្យឈ្មួញ នាំចូលរថយន្ត ចង្កូតស្ដាំគេចពន្ធ ទំនិញគេចពន្ធ និងប្រេងសាំងគេចពន្ធ ចូលទឹកដីខ្មែរយ៉ាងពេញបន្ទុក ។ ដូច្នេះការទទួលបានតំណែង ជាមេគយខេត្តបន្ទាយមានជ័យ គឺលោក ឆែ សុធា អាចមានឱកាសប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងថែមទៀតដោយខេត្តបន្ទាយមានជ័យជាប្រភពបង្ហូរទំនិញពីប្រ ទេសថៃ ដែលនឹងធ្វើឲ្យលោក ឆែ សុធា សម្រេចនៃក្តីសុបិនក្នុងការប្រមូលទ្រព្យធ្វើមានធ្វើបាន បានយ៉ាងឆាប់។
គេរង់ចាំមើលថា លោក ឆែ សុធា អនុវត្តកិច្ចការប្រមូលពន្ធ ទទួយលបានស្នាដៃប្រសើរជាងលោកថោង សុខាំភូ មិនធ្វើឲ្យថ្នាក់ដឹកនាំគយអាម៉ាស់មុខបានដែរឬទេ? ហើយចំពោះប៉ុស្តិ៍ជជុះរបស់គយចល័ត នៅចំណុចផ្លូវលេខ៥០ ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ត្រូវបានលុបបំបាត់ឬក៏អត់ ព្រោះកន្លងមក ប៉ុស្តិ៍គយចល័តនេះ បង្កការលំបាកយ៉ាងខ្លាំង ដល់ឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញ ហើយសូម្បីតែអ្នករត់តាក់ស៊ី ដែលមានដឹកទំនិញបន្តិចបន្តួច ក៏ត្រូវក្រុមគយចល័ត ជំរិតយកលុយ ដោយគ្មានការយោគយល់ដោយពួកគេបានធ្វើការតវ៉ាជាបន្តបន្ទាប់ចំពោះការប្រព្រឹត្តអំពើពុករលួយពីសំណាក់មន្ត្រីគយនោះ៕
http://ift.tt/1SwPbBp