ឡានដឹកប្រេងក្រឡាប់បះជើងកំពប់ប្រេងពេញដី បន្ទាប់ពីបុកគ្នាជាមួយឡានដឹកគ្រឿង
ខេត្តរតនគិរី៖ រថយន្តស៊ីទែនដឹកប្រេងពេញ ម៉ាកកាម៉ាស ជារថយន្តរបស់ ក្រុមហ៊ុនតាយសេង នាំប្រេង ឲ្យក្រុមហ៊ុនហ៊ង អាញ់ លំផាត់ ខណៈកំពុងបើកបរលើផ្លូវចុះចំណោតក្នុងល្បឿនលឿនផងនោះបាន វ៉ាក់អើនឹងរថយន្តដឹកគ្រឿងចក្រ មួយគ្រឿង ដែលបើកចេញពីផ្លូវលំសំដៅឡើងថ្នល់ជាតិលេខ ៧៦ក្នុង ល្បឿនលឿនដែរនោះ បានបណ្តាលឲ្យបុកគ្នាយ៉ាងពេញទំហឹង ធ្វើឲ្យរថយន្តដឹកប្រេងក្រឡាប់កំពប់ប្រេង និងខូចខាត ផ្នែកខាងមុខស្ទើរតែទាំងស្រុង។ ហេតុការណ៍អាក្រក់នេះបានកើតឡើងនៅតាម បណ្តោយ ផ្លូវជាតិលេខ៧៦ (ផ្លូវមួយខ្សែភ្ជាប់ពីខេត្តរតនគិរីទៅមណ្ឌលគិរី) នៅត្រង់ចំណុចផ្លូវចុះភ្នំកូនសេក ស្ថិតក្នុង ភូមិកាំផ្លិញ ឃុំឡាំងមួយ ស្រុកលំផាត់ខេត្តរតនគិរី។ កាលពីវេលាម៉ោង១ និង០៥នាទី ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៥។
បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា គេឃើញរថយន្តម៉ាកហ៊ីន ពណ៌ស ពាក់ស្លាកលេខ ក-7301 ភ្នំពេញ៣ ជាប្រភេទរថយន្តសណ្តោងគ្រឿងចក្ររបស់ក្រុមហ៊ុនជួស ជុលផ្លូវថ្នល់ បានធ្វើដំណើរចេញពីការដ្ឋានវាយថ្ម តាមផ្លូវលំមួយខ្សែក្នុងទិសដៅពីជើងមកត្បូងសំដៅមកឡើងផ្លូវជាតិលេខ៧៦ ដោយអ្នកបើកបរមិនមានការប្រុងប្រយ័ត្ន ខណៈ មកដល់ចំណុចកើតហេតុស្របពេលនឹងរថយន្តដឹកប្រេងក្បាលពណ៌ស ពាក់ស្លាកលេខឃ-1934 ភ្នំពេញ ៣ របស់ក្រុមហ៊ុនតាយ សេង កំពុងធ្វើចរាចរណ៍នៅលើដងផ្លូវជាតិលេខ៧៦ វ៉ាក់អើ ជាន់ហ្វ្រាំងពុំទាន់ក្នុង ផ្លូវចំណោតផងនោះក៏បានបុកគ្នាយ៉ាងពេញទំហឹងតែម្តងបណ្តាលឲ្យរថយន្តដឹកប្រេងក្រឡាប់កំពប់ប្រេងហូរហៀរពេញដី។
ប្រភពបានបន្តទៀតថា អ្នកបើកបររថយន្តដឹកស្តែនប្រេងត្រូវបានគេស្គាល់ឈ្មោះ ជួន ចន្តា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ដែលជាអ្នកបើកបររថយន្តអោយក្រុមហ៊ុនតាយ សេង ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក្នុងគោលបំណងយកប្រេងទៅចែកចាយអោយក្រុមហ៊ុនហ៊ង់ អាញ់ ស្រុកលំផាត់។ ចំណែកអ្នកបើកបររថយន្តដឹកគ្រឿងចក្របង្កពុំស្គាល់អត្តសញ្ញាណទេ ដោយឃើញសភាព មិនស្រួល បានដាក់មេផាយប្រូចបាត់មួយរំពេចបន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។ ក្រោយពីកើតហេតុភ្លាមៗត្រូវបានប្រជាពលរដ្ឋជាច្រើននាំគ្នាទៅ ដណ្តើម ដួសយកប្រេងដែលកំពប់ ហៀរហូរតាមផ្លូវ ។
បច្ចុប្បន្នរថយន្តទាំង២គ្រឿងត្រូវបាននគរបាលចរាចរណ៍នាំទៅរក្សាទុកនៅឯស្នងការដ្ឋាននគរបាលខេត្តរតនគិរី រងចាំដោះស្រាយតាមនិតិវិធីច្បាប់។ ដោយ លី វណ្ណៈ