លោក យឹម វណ្ណៈ មេគយច្រកដូង៧ដើម ប្រើជំនាញរាប់ក្បាលឡានដឹកឈើ-កសិផល-ជួយសម្រួលទំនិញគេចពន្ធកើបលុយស្រង់ដើម និងរៀបចំឆ្នាំងបាយជូនថ្នាក់លើ
ខេត្តត្បូងឃ្មុំ ៖ ចាប់តាំងពីពេលដែល លោក យឹម វណ្ណៈ ប្រធានស្តីទី ការិយាល័យគយ និងរដ្ឋាករ ច្រកដូង ៧ដើម នៅឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានរងការចោទប្រកាន់ថាកំពុងលួចប្រព្រឹត្តអំពើពុករលួយលើភារកិច្ចប្រមូលពន្ធនាបច្ចុប្បន្ននេះ។ ដោយសារតែប្រមូលពន្ធមិនប្រក្រតី គេសង្កេតឃើញឈ្មួញរកស៊ី តូចតាច រអ៊ូរទាំយ៉ាងខ្លាំង ពីការកោសរូស បង្ខំឲ្យបង់លុយ ដោយគ្មានការយោគយល់ ប៉ុន្តែសម្រាប់ក្រុមឈ្មួញធំៗ ដែលរកស៊ីនាំចូល ទំនិញគេចពន្ធ និងអ្នករកស៊ី ដឹកជញ្ជូនឈើខុសច្បាប់ ចេញទៅប្រទេសវៀតណាម តាមច្រកដូង៧ដើម ទទួលបានការយោគយល់ពីលោក យឹម វណ្ណៈ ព្រោះការដឹកជញ្ជូន បទល្មើសទាំងនោះ គឺជាប្រភពចំណូលមិនចេះរីងស្ងួត ដែលធ្វើឲ្យលោក យឹម វណ្ណៈ សប្បាយប្រមូលលុយច្រកហោប៉ៅ។
ក្រុមអ្នករកស៊ីដឹកទំនិញតូចតាចបានរាយការណ៍ថា សព្វថ្ងៃនៅច្រកដូង ៧ដើម នៅតែបន្តអនុវត្តន៍រូបមន្ត ពូករលួយគ្មានការកែទម្រង់ ព្រោះមានទំនិញគេចពន្ធជាច្រើនប្រភេទ ដែលឈ្មួញធំៗនាំឆ្លងកាត់ គឺជំនាញគយ របស់ លោក យឹម វណ្ណៈ បានឃុបឃិតជាមួយឈ្មួញ បង់ពន្ធរបៀបជាទំនិញក្លែងភេទ និងបង់ពន្ធមិនគ្រប់ជាដើម។ ពេលខ្លះឈ្មួញ ដឹកសុទ្ធតែថ្នាំពេទ្យ គ្រឿងសំណង់ និងទំនិញមានតម្លៃ តែគេបង់ពន្ធ ជារបៀបទំនិញចាប់ហួយទៅវិញ។ ហើយការបង់ពន្ធ ក្លែងភេទទំនិញនេះ ក៏គេមិនបង់ទាំងស្រុង មិនគ្រប់ចំនួននោះដែរ យ៉ាងច្រើនគេបង់ ត្រឹមតែ ៤០ទៅ៥០ ភាគរយប៉ុណ្ណោះ ធ្វើឲ្យខាតបង់ ចំណូលថវិកាជាតិ យ៉ាងច្រើនសម្បើម ក្នុងមួយខែៗ ប៉ុន្តែថវិកានោះបានធ្លាក់ចូលទៅហោប៉ៅលោក យឹម វណ្ណៈ យ៉ាងត្រជាក់ចិត្ត រហូតដល់ លោកយឹម វណ្ណៈ រៀបចំកញ្ចប់ខែជូនថ្នាក់លើឆ្វេងស្តាំទប់ការឹតបន្តឹង និងចាប់កំហុសបានយ៉ាងមានប្រសិទ្ធភាព។
ដោយឡែកប្រជាពលរដ្ឋដែលដឹកផលកសិកម្ម ទៅលក់នៅប្រទេសវៀតណាម បានឲ្យដឹងថា ពួកគាត់ដឹកដំឡូងមី ពោត សណ្តែក គ្រាប់ស្វាយចន្ទី បានប្រាក់ចំណេញតិចតួចប៉ុណ្ណោះ ត្រូវកូនចៅរបស់លោក យឹម វណ្ណៈ គាបយកលុយតាមអំពើចិត្ត ប្រការនេះហើយដែលធ្វើឲ្យកសិផលរបស់កសិករចេះតែធ្លាក់តម្លៃដោយសារឈ្មួញត្រូវចំណាយបង់សោហ៊ុយតាមផ្លូវរហូតមកដល់ក្រុមគយលោក យឹម វណ្ណៈ។ បច្ចុប្បន្នលោក យឹម វណ្ណៈ កំពុងតែសើមមាត់សើមក ឃុបឃិតគ្នា ជាមួយអ្នករកស៊ីល្មើសច្បាប់ដឹកទំនិញ និងដឹកឈើឆ្លងដែនទៅវៀតណាមរបស់ឧកញ៉ាគ្រាក់ ដើម្បីប្រមូលលុយច្រកហោប៉ៅធ្វើមានធ្វើបានដោយមិនខ្វល់ពី ការកែទម្រង់ ឬការណែនាំរបស់លោក គុណ ញឹម មេគយនោះទេ៕
http://ift.tt/1NU0gt4