ជិះម៉ូតូគ្នា៣នាក់ ទៅបុកកន្ទុយរ៉ឺម៉កដឹកជ្រូក ចំពីក្រោយដួលច្រងាប់ច្រងិលរងរបួសស្រាល អ្នកបើករ៉ឺម៉កដឹកជ្រូកភ័យ ពេករត់ចោលជ្រូក៤៥ក្បាល
ខេត្តកំពង់ឆ្នាំង៖ មនុស្ស៣នាក់បានរងរបួសស្រាល ដោយសារតែជិះម៉ូតូបុករ៉ឺម៉កដឹកជ្រូកពីក្រោយ កាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ នៅលើផ្លូវជាតិលេខ៥ ចំណុចមុខវត្តតាកុល ក្នុងភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ចំណែកអ្នកដឹកជ្រូកភ័យពេកស្មានថាជនរងគ្រោះ ស្លាប់បានបើករត់យករ៉ឺម៉កម៉ូតូ និងជ្រូកទៅលាក់ទុកក្នុងព្រៃចោល។
លោក ហ៊ុន វាសនា អធិការនគរបាលស្រុកកំពង់ត្រឡាចបាននិយាយអោយដឹងថា៖ មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងជិះគ្នា៣នាក់ បានទៅបុកកន្ទុយរ៉ឺម៉កដឹកជ្រូកពីក្រោយ បណ្តាលអោយដួល ច្រងាប់ ច្រងិលពេញថ្នល់ ពេលនោះអ្នកបើករ៉ឺម៉កដឹកជ្រូកបានងាកក្រោយឃើញបែបនោះ ភ័យស្មានថាជនរង គ្រោះស្លាប់បានបើករ៉ឺម៉កដឹកជ្រូករត់រហូតដល់ស្ពានពោធិ ហើយបានបត់ចូលព្រៃលាក់រ៉ឺម៉កដឹកជ្រូក នៅព្រំប្រទល់ស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ រួចរត់គេចខ្លួនបាត់។នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈនេះ ប្រជាពលរដ្ឋបានប្រទះឃើញ និងបានរាយការណ៍ជូនសមត្ថកិច្ច និងត្រូវបានសមត្ថកិច្ចយកមករក្សា ទុកនៅអធិការនគរបាលស្រុកកំពង់ត្រឡាច។
លោកអធិការបានអោយដឹងទៀតថា៖ ជនរងគ្រោះទាំង៣នាក់ កំពុងសម្រាកនៅមណ្ឌលសុខភាពស្រុក កំពង់ត្រឡាច មាន១. ឈ្មោះ ស៊ីម អុលរ៉ាវី ភេទប្រុស អាយុ២៤ឆ្នាំ ២.ឈ្មោះជា ម៉ាក់ អាយុ៣០ឆ្នាំ ភេទប្រុស និង៣. ឈ្មោះ ណា វីតា ភេទស្រី អាយុ៩ខែ ទាំង៣នាក់មានទីលំនៅភូមិច្រកល្មៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច។
ករណីនេះសមត្ថកិច្ចបានអំពាវអោយម្ចាស់ជ្រូកមកទទួលយកទៅវិញ ព្រោះអ្នកដែលជិះម៉ូតូបុករ៉ឺម៉ក ពីក្រោយគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះហើយនេះជាកំហុសខ្លួនឯងផង ព្រោះទៅបុកគេពីក្រោយមិន មែនជាកំហុសអ្នកបើករ៉ឺម៉កម៉ូតូដឹកជ្រូកនោះទេ ចំណែកសត្វជ្រូកនៅលើរ៉ឺម៉កចំនួន៤៥ក្បាលបានងាប់ អស់២ក្បាលទៅហើយ៕ ដោយ រិទ្ធិ ជ័យ