ស្ត្រីម្នាក់ប្រកបមុខរបរលក់ថ្នាំញៀន ទើបតែរកចំណូលសង់ខ្ទបស្នាក់នៅឲ្យម្តាយបាន១ខ្នង និង ត្រៀមបន្តលោះដីស្រែ២កន្លែង តែត្រូវសមត្ថកិច្ច
ខេត្តព្រះសីហនុ៖ ស្ត្រីម្នាក់ជាប់ពាក់ព័ន្ធទៅនឹងការរក្សាទុក ចែកចាយគ្រឿងញៀន ត្រូវបានកម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១៧ និង១៥នាទី នៅក្នុងភូមិអម្ពូរខ្មៅ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចុះពីថ្នល់ជាតិលេខជិត៥គីឡូម៉ែត្រ។
លោក វរៈសេនីយ៍ទោ តាក សារិទ្ឋ នារិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបានបញ្ជាក់ថា បន្ទាប់ពីកំលាំងរបស់លោក សហការណ៍ជាកម្លាំងរបស់អនុសេនីយ៍ត្រី ហ៊ួ យ៉ៃ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខអូជ្រៅ ធ្វើការឃាត់ខ្លួនមនុស្សចំនួន២នាក់ដែលជាប់ពាក់ព័ន្ឋការចែកចាយថ្នាំញៀន កាលពីចុងខែមករាកន្លងមក លោកបានធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់រហូតទទួលព័ត៌មានជាក់លាក់មួយថាពាក់ព័ន្ធនឹងស្ត្រីម្នាក់ទៀតដែលជាអ្នកផ្តល់ថ្នាំញៀនបន្ត ទើបនៅល្ងាចថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០១៥ នេះកម្លាំងជំនាញក្រោមការដឹកនាំដោយរូបលោកផ្ទាល់បាន ធ្វើចុះស្ទាក់ចាប់មុខសញ្ញាចែកចាយបានម្នាក់ដែលជាស្ត្រី។
លោកបានបន្តថា ណៈពេលស្ត្រីសង្ស័យកំពុងធ្វើសកម្មភាពនៅតាមផ្លូវស្ថិតក្នុងភូមិត្រពាំងស្អុយ ស្ថិតក្នុងឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រួចបន្តទៅឆែកឆេរផ្ទះជនសង្ស័យស្ថិតក្នុងភូមិអម្ពូរខ្មៅ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយរឹបអូសបាននូវវត្ថុតាងមួយចំនួនរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមិន ICE ចំនួន១២៥កញ្ចប់តូច ស្មើនឹង៣៩.៦ក្រាម និង ទូរស័ព្ទចំនួន២គ្រឿង។ ស្ត្រីជនសង្ស័យដែលកំលាំងសមត្ថកិច្ចជំនាញរបស់លោកធ្វើការឃាត់ខ្លួនមានឈ្មោះ គៀន ស្រីម៉ៅ ភេទស្រី អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅស្រុកកំពង់ត្រាច ខេត្តកំពត ប៉ុន្តែមុនឃាត់ខ្លួនស្ត្រីជនសង្ស័យបានរស់នៅទីក្រុងភ្នំពេញដោយពុំមានមុខរបរច្បាស់លាស់។
យោងតាមចម្លើយរបស់ស្ត្រីសង្ស័យឈ្មោះ គៀន ស្រីម៉ៅ បានអោយដឹងថា រូបនាងទើបតែចាប់មុខរបរនេះមិនដល់០១ខែផង ដោយសារតែខ្វះលុយចឹញ្ចឹមកូនម្តាយជរា បើទោះបីដឹងជាអំពើល្មើសច្បាប់យ៉ាងណាក្តីព្រោះគ្មានមុខរបរ។ នាងបន្តថា ក្នុងរយៈពេលជិតមួយខែនេះនាងរកលុយ សាងសង់ខ្ទមអោយម្តាយនាងបានមួយខ្នងក្នុងតម្លៃជាង៧០០ដុល្លារ ហើយនាងមានគម្រោងលក់មួយជើង ឬពីរជើងទៀតទេ ដើម្បីយកលុយទៅលោះស្រែចំនួន២ទៀតដើម្បីអោយម្តាយស្រែចិញ្ចឹមជីវិតនឹងគេ ប៉ុន្តែសំណាងមិនល្អក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង ស្តាយណាស់មិនទាន់បានបំពេញបំណងឲ្យអ្នកម្តាយឲ្យបានសប្បាយចិត្ត តែបែរជានាំទុក្ខឲ្យទាំងរូបខ្លួន និងគាត់ទៅវិញ។
បច្ចុប្បន្ន ស្ត្រីជាជនសង្ស័យពាក់ព័ន្ធករណីចែកចាយ ថ្នាំញៀន កំពុងត្រូវបានកំលាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាតំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់។ ពលរដ្ឋសំណូមពរថា សមត្ថកិច្ចមិនត្រូវបញ្ឈប់ការស៊ើបអង្កេតត្រឹមនេះនោះទេ ត្រូវបន្តចាប់ខ្លួនជាបន្តបន្ទាប់ថែមទៀតអ្នកដែលលក់ថ្នាំញៀនឲ្យស្ត្រីជាជនសង្ស័យ ដើម្បីជីកឲ្យដល់ឫសគល់នៃមេខ្លោងនាំគ្រឿងញៀនចូលស្រុក ឬផលិតក្នុងស្រុង៕ ដោយ កោះរ៉ុង