បុរសចំណាស់២នាក់ប្តីប្រពន្ធ ជិះម៉ូតូបុករថយន្តច្នៃដឹកដីបញ្ច្រាសទិសគ្នាខ្ទាតចូលក្រោមកង់រថយន្តច្នៃកិនស្លាប់ទាំងពីរនាក់
ខេត្តបន្ទាយមានជ័យ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏ព្រឺក្បាលមួយខណៈគេឃើញម៉ូតូឌុបគ្នាបើកបរពីកើតទៅលិច លើផ្លូវជាតិលេខ៥ បានពើបប្រទះយ៉ាងប្រថុចញុញជាមួយរថយន្តកែច្នៃ ដឹកអាចន៍ដីបត់លឿនពេកចូលកន្លែងចាក់អាចន៍ដីមិនប្រុងប្រយ័ត្ន បណ្តាល ម៉ូតូបុកចំកង់រថយន្តផ្នែកខាងមុខរួច មនុស្សខ្ទាសចូលក្រោយរថយន្តកិនចំពីលើ បណ្តាលអោយ អ្នកជិះម៉ូតូ២នាក់ជាប្តីប្រពន្ធ ស្លាប់ យ៉ាងរន្ធ់នៅនឹងកន្លែង កាលពីវេលាម៉ោង៤ និង១០នាទីល្ងាច ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៥ លើផ្លូវជាតិលេខ៥ នៅចំណុច ខាងកើតសាលាបឋមសិក្សាសូរិយាថ្មី ចំងាយ ប្រហែល៣០០ម៉ែត្រ ស្ថិតក្នុងភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា៖ រថយន្តច្នៃដឹកអាចន៍ដីនោះ គ្មានស្លាកលេខទេ ដោយអ្នកបើកបរបត់ចូលទៅកន្លែងចាក់ដី លឿនពេកខ្វះការប្រុងប្រយ័ត្ន បុកជាមួយម៉ូតូ ម៉ាកហុងដាឌ្រីម សេ125 ពណ៌ ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1F -5497 បណ្តាលឲ្យស្លាប់អ្នកបើកម៉ូតូពីរនាក់ប្តីប្រពន្ធនៅកន្លែងកើតហេតុភ្លាមៗ ។ ហើយខណៈនោះអ្នកបើករថយន្តច្នៃបានចុះរត់គេចខ្លួនបានស្រមោល និងពុំទាន់ដឹងអត្តសញ្ញាណនៅឡើយ។
សមត្ថកិច្ចបន្តថា៖ ជនរងគ្រោះបណ្តាលអោយស្លាប់ទាំង២នាក់នោះ ប្តីឈ្មោះ ខុម អាយុ៥៦ឆ្នាំ ប្រពន្ធឈ្មោះ មាស អាយុ៥៤ឆ្នាំ ពីរនាក់ប្តីប្រពន្ធនេះ ប្រកបមុខរបរលក់អង្ករ រស់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយពីកើតហេតុសមត្ថកិច្ច នគរបាលស្រុកចុះអន្តរាគមន៍ និងស្រាវជ្រាវរកក្រុមគ្រួសារ ដើម្បីប្រគល់សពខាងលើនេះទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តច្នៃបង្ក និងម៉ូតូជនរងគ្រោះសមត្ថកិច្ចបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅបណ្តុះអាសន្ន រងចាំការដោះស្រាយ តាមច្បាប់៕ ដោយយីហាំង