តៃកុងស្រវឹងធ្លាក់ ភ្នែកបើករថយន្ត បង្កគ្រោះថ្នាក់ ចរាចរណ៍របួសជាច្រើននាក់
ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្សចំនួន៥នាក់ក្នុងនោះមានស្ត្រីម្នាក់រងរបួសធ្ងន់ជាងគេកាលវេលាម៉ោង៨យប់ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៥ដោយសារតែតៃកុងរថយន្តម្នាក់ទំនងជាស្រវឹងស្រាបានបើកទៅបុកពីក្រោយម៉ូតូស៊េរីទំនើប១គ្រឿងដែលជិះ២នាក់ប្តីប្រពន្ឋ អូសជាច្រើនម៉ែត្របន្តទៅបុកម៉ូតូ១គ្រឿងទៀត រួចហើយទៅបុករថយន្តដែលកំពុងឈប់ស្តុប រុញទៅបុកម៉ូតូកង់បី១គ្រឿងទៀត ទើបអស់ល្បឿន តាមបណ្តោយផ្លូវ២០០៤ ត្រង់ចំណុចស្តុបលូ៣ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ទោះបែបណាតៃក្នុងរថយន្តបង្កខាងលើត្រូវបានអ្នកភូមិឃាត់ខ្លួនប្រគល់ទៅឲ្យសមត្ថកិច្ចផងដែរ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកកូរ៉េ ប្រភេទហ៊ីយ៉ាន់ដាយ ធ្វើដំណើរពីលិចទៅកើត ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងទាំងល្បឿនលឿន ហើយស្រវឹងទៀតនោះ ក៏ជ្រុលទៅបុកម៉ូតូហុងដាសេ១២៥ ជិះ២នាក់ប្តីប្រពន្ឋបណ្តាលឲ្យស្ត្រីជាប្រពន្ឋធ្លាក់ពីលើម៉ូតូ ហើយរថយន្តបង្កកិនពីលើបាក់ជើងទាំងសងខាង ចំណែកបុរសជាប្តីរងរបួសស្រាល ។ ជាមួយនោះរថយន្តបានអូសម៉ូតូជនរងគ្រោះខាងលើបន្តទៅបុកម៉ូតូ១គ្រឿងទៀត រុញទៅបុករថយន្តកាមរីគូទស្វិតដែលកំពុងឈប់ស្តុប រួចបន្តទៅបុកម៉ូតូកង់បី១គ្រឿងទៀតទើបរថយន្តអស់ល្បឿន ។
ក្រោយកើតហេតុប៉ូលិសសណ្តាប់ធ្នាប់ចរាចរខណ្ឌសែនសុខបានចុះមកធ្វើការវាស់វែង និងឃាត់ខ្លួនតៃកុងរថយន្តបង្កយកទៅធ្វើការសាកសួរនៅអធិការដ្ឋានប៉ូលិសខណ្ឌសែនសុខ ៕
http://ift.tt/16r2dvH