ក្មេង៤ឆ្នាំឆ្លងថ្នល់ ត្រូវម៉ូតូ បុកអូសប្រមាណជិត១០ម៉ែត្ររងរបួសធ្ងន់ ៣នាក់ស្រាល
ខេត្តកំពង់ឆ្នាំង៖ ស្ត្រីអ្នជាកបើកបរម៉ូតូម្នាក់ និងកុមារអាយុ៤ឆ្នាំម្នាក់ រងរបួសធ្ងន់ និងយុវជនម្នាក់ រងរបួសស្រាល ក្នុងហេតការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបើកបុកក្មេងរត់ឆ្លងថ្នល់។ ករណីនេះបានកើតឡើងវេលាម៉ោង៣ និង៣០នាទីល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតក្នុង ភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖ ស្ត្រីរងគ្រោះជាអ្នកបើកប រម៉ូតូ ឈ្មោះ នុត សាវ៉ាត អាយុ៣៨ឆ្នាំ រងរបួសធ្ងន់ និងកូនប្រុសឈ្មោះ អឿន ផាន់ណា អាយុ១៦ឆ្នាំ ជិះពីក្រោយរងរបួសស្រាល រស់នៅក្នុងភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។ ចំណែកកុមាររត់ឆ្លងថ្នល់ឈ្មោះ នឿន វិមាន អាយុ៤ឆ្នាំ រងរបួសធ្ងន់មានឳពុកឈ្មោះ ស៊ុំ សារ៉ែន អាយុ៣១ឆ្នាំ និងម្តាយឈ្មោះ ឈៀង ចាន់ថុល អាយុ៣១ឆ្នាំ រស់នៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។
មុនពេលកើតហេតុគេឃើញស្ត្រីឈ្មោះ នុត សាវ៉ាត បានឌុបកូនប្រុសពីក្រោយ ក្នុងទិសដៅពីត្បូងទៅជើង ដោយជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង1D-1925 លុះមកដល់ចំណុចកើតហេតុក៍ស្រាប់តែកុមារាឈ្មោះ នុត សាវ៉ាត អាយុ៤ឆ្នាំ បានរត់ឆ្លងថ្នល់ពីកើតមកលិច បណ្តាលអោយស្ត្រីដែលកំពុងបើកម៉ូតូគេចមិនទាន់ ក៍បានបុកដួលទាំងអស់គ្នា អូសចម្ងាយប្រមាណជិត១០ម៉ែត្រ រងរបួសធ្ងន់២នាក់ និងរបួសស្រាលម្នាក់។
ក្រោយពេលកើតហេតុអ្នករងរបួសទាំង៣នាក់ ត្រូវបានអ្នកជិតខាងក្នុងភូមិដឹកទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តកមពង់ឆ្នាំង។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំង ធ្វើការវាស់វែង និងកសាងសំណុំរឿងតាមនីតិវិធី។
នៅក្នុងច្បាប់ចរាចរណ៍ផ្លូវគោកបានចែងថា៖ ការដែលឳពុកម្តាយបណ្តែតបណ្តោយអោយ កូនក្រោមអាយុ៦ឆ្នាំដើរឆ្លងថ្នល់ និងបណ្តាលអោយមានគ្រោះថ្នាក់ចរាចរណ៍នោះ គឺឳពុកម្តាយក្មេងត្រូវទទួលខុសត្រូវចំពោះសំណងរដ្ឋប្បវេណីដល់ភាគីម្ខាងទៀត។ ករណីខាងលើនេះភាគីទាំង២មិនទាន់បានជួបគ្នាដោះស្រាយនៅឡើយទេព្រោះកំពុងព្យាបាលរបួសរៀៗខ្លួន៕ដោយ រិទ្ធិ ជ័យ