ជនសង្ស័យជួញដូរគ្រឿងញៀន២នាក់ ត្រូវឃាត់ខ្លួនបញ្ជូនឡើងតុលាការ
ខេត្តព្រះសីហនុ៖ ដោយមានការចង្អុលបង្ហាញ និងបទបញ្ជារបស់លោកឧត្តមសេនីយត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងជំនាញអាវុធហត្ថធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ប្រុស ស្រីចំនួនពីរនាក់ កាលពីវេលាម៉ោង១៤ និង៤០នាទីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៥ នៅភូមិ០៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
លោកវរសេនីយ៍ត្រី ឆាយ វិន នាយការិយល័យប្រឆាំងបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តព្រះសីហនុបានឪ្យដឹងថា៖ កម្លាំងជំនាញការិយាល័យស្រាវជ្រាវប្រឆាំងគ្រឿងញៀន និងមន្ទីរព័ត៌មានសន្តិសុខសហការជាមួយកម្លាំងអាវុធហត្ថស្រុកស្ទឹងហាវ សរុបចំនួន១៧នាក់ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយកន្លែងនៅចំណុចភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ស្រីម្នាក់ ប្រុសម្នាក់ និងវត្ថុតាងមួយចំនួន ។
ជនសង្ស័យទី១ មានឈ្មោះ ហេង នីតា ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ០៣ សង្កាត់ទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ ទី២ឈ្មោះ តាត់ ជារិទ្ធ ភេទប្រុសអាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរមានទីលំនៅផ្លូវ១០ ភូមិ៣ សង្កាត់ទំនប់រលកស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រួមជាមួយវត្ថុតាងដែលដកហូតបានរួមមាន៖ ម្សៅសថ្លាចំនួន ០៦កញ្ចប់តូច (ម៉ាទឹកកក) ដបជក់ចំ នួន០២ ម៉ូតូWave ពណ៌ស្លែ០១គ្រឿងលុយខ្មែរចំនួន២០០០០រៀល ទូរសព្ទ័ចំនួន០២គ្រឿង និង ទុយោបង្កប់ដោយម្សៅសថ្លានៅខាងក្នុង។
លោកវរសេនីយ៌ត្រី ឆាយ វិន បានឲ្យដឹងបន្តថា៖ ជនសង្ស័យទាំងពីរនាក់ត្រូវបានយកមកធ្វើការសាកសួរនៅកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ ៕ ដោយ កោះរ៉ុង