ពិភពលោក ចាប់អារម្មណ៍ដំណឹង នៃការសម្លាប់ចំណាប់ខ្មាំងជប៉ុន កាត់ក្បាលដោយពួកភេវរនិយម IS
ភ្នំពេញ៖ ទីភ្នាក់ព័ត៌មានអន្តរជាតិ ទាំងតូចទាំងធំ ព្រមទាំងអង្គភាពផ្សព្វផ្សាយ ជាតិនិងអន្តរជាតិ បានចាប់អារម្មណ៍របស់ខ្លួន អំពីដំណឹងនៃការសម្លាប់ ចំណាប់ខ្មាំង អ្នកកាសែតជប៉ុន ដោយពួកភេវរករ អ៊ីស្លាមជ្រុលនិយម រឺរដ្ឋអ៊ីស្លាម (IS)។
ទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូ ក៏រាយការណ៍របស់ខ្លួន នៅថ្ងៃអាទិត្យ អំពីការសម្លាប់យ៉ាងព្រៃផ្សៃ ដោយកាត់ក្បាល អ្នកកាសែតជប៉ុន លោក Goto ជាមួយនឹង ការថ្កោលទោស ពីសំណាក់រដ្ឋាភិបាល ទីក្រុងតូក្យូរបស់ នាយករដ្ឋមន្រ្តី ស៊ិនហ្សូ អាបេ និងប្រធានាធិបតីអាម៉េរិក បារ៉ាក់ អូបាម៉ា។
រីឯទីភ្នាក់ងារព័ត៌មាន បារាំងAFP ក៏បានរាយការណ៍ពី ការសម្លាប់ចំណាប់ខ្មាំង ជប៉ុនរូបនោះដែរ ដោយភ្នាក់ងារព័ត៌មាន ដ៏ល្បីរូបនេះ ដាក់ចំណងជើងថា “IS បញ្ជាក់ពីការសម្លាប់ ជនជាតិជប៉ុនទី២”។ មិនតែប៉ុណ្ណោះ ទីភ្នាក់ងារនេះ ក៏រំលេចផងដែរអំពីហេតុផល មុនការសម្លាប់ នោះក៏ដោយសារតែ ការចរចាដោះលែង ចំណាប់ខ្មាំងត្រូវបរាជ័យ។
ជាមួយគ្នានេះ ទីភ្នាក់ងារព័ត៌មាន អាម៉េរិកាំង AP ក៏បានដកស្រង់ប្រសាសន៍ របស់នាយករដ្ឋមន្រ្តីជប៉ុន ដែលបានថ្កោលទោស ចំពោះការសម្លាប់នោះ។ លោកនាយករដ្ឋមន្រ្តី បានសច្ចាថា នឹងមិនបោះបង់ចំពោះយុទ្ធនាការ ប្រឆាំងភេវរកម្មនោះទេ ដោយជប៉ុននឹងផ្តល់ថវិកា ជាច្រើនដើម្បី ប្រឆាំងនឹងពួកជ្រុល និយមអមនុស្សធម៌នោះ។
ដោយឡែកកាសែតអនឡាយSky News របស់អង់គ្លេសវិញ ក៏បានរាយការណ៍ពី បញ្ហានោះដែរ ជាមួយនឹងការបង្ហាញរូបថតមួយ សន្លឹកនៅគេហទំព័ររបស់ខ្លួន នោះគឺរូបភាពលោក Goto ពេលនៅរស់រានមានជីវិត។ កាសែតនេះ ក៏បានដកប្រសាសន៍ស្រ្តីជាម្តាយ របស់ជនរងគ្រោះ ដែលបានថ្លែងថា លោកស្រី មានការរន្ធត់ចិត្ត ក្តុលក្តួលឱរ៉ាជាពន់ពេក កាលបើបានទទួលដំណឹងពី ការពិឃាតកូនប្រុសរបស់ខ្លួន។
រីឯទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ក៏បានចាប់អារម្មណ៍និងរាយការណ៍ ដោយប្រយ័ត្នប្រយែងផងដែរ ចំពោះដំណឹងដ៏ សោកសៅនិងក្រៀមក្រំនោះ។ កាសែតសរសេរ ជាមួយនឹងការដកស្រង់ ប្រសាសន៍របស់ លោកនាយករដ្ឋមន្រ្តីជប៉ុន អាបេ ដែលបានបញ្ជាក់ថា រូបភាពដែលដកស្រង់ ចេញខ្សែវីដេអូ ដែលត្រូវតាមអ៊ីនធឺណែត គឺជាការពិត។ ការពិតមានន័យថា អ្នកកាសែតជប៉ុនទី២លោក Goto ត្រូវបានសម្លាប់ដោយកាត់ក្បាល។
រីកាសែតជប៉ុនដ៏ល្បី អាសាហ៊ី ស៊ីមប៊ុន វិញក៏បានដាក់ចំណងជើងធំៗ ដោយស្រង់សំដីរបស់ ម្តាយជនរងគ្រោះ ដែលនិយាថា “Kenji (Goto) បានបន្សល់រឿងល្អៗ”។ ស្រ្តីជាម្តាយ បានរំលេចបណ្តាំ របស់លោកGoto ដែលបានផ្តំាថា “បំណងរបស់Kenji គឺចង់ឱ្យពិភពលោករស់នៅ ដោយគ្មានសង្រ្គាម និងសង្រ្គោះជីវិតកុមារចេញពីសង្រ្គាម និងភាពក្រីក្រ”។
សម្រាប់ទូរទស្សន៍ប៊ីប៊ីស៊ី របស់អង់គ្លេសវិញ ក៏បានផ្សព្វផ្សាយផងដែរ ជាមួយនឹងចំណងជើងធំៗថា “ការថ្កោលទោសចំពោះការសម្លាប់ ចំណាប់ខ្មាំងដោយពួកIS” ជាមួយនឹងការដកស្រង់ សម្តីរបស់មន្រ្តីរដ្ឋាភិបាលជប៉ុន ដែលនិយាយថា ការចរចាដោះលែង ចំណាប់ខ្មាំង មិនបានទទួលជោគជ័យនោះទេ។
ទូរទស្សន៍ស៊ីអិនអិន របស់អាម៉េរិក ក៏បានរាយការណ៍ជាប់រដឹកផងដែរ ពីឃាតកម្មដ៏ព្រៃផ្សៃ និងអមនុស្សធម៌ មកលើអ្នកកាសែតជប៉ុន។ សម្រាប់ ទូរទស្សន៍ដ៏ល្បី នៃពិភពអារ៉ាប់ Aljazeera ក៏ចាប់អារម្មណ៍ព័ត៌មានជាមួយ នឹងការសម្លាប់អ្នកកាសែតជប៉ុន បន្ទាប់ពីរដ្ឋាភិបាលក្រុងតូក្យូ បរាជ័យក្នុង ការចរចាដោះលែងចំណាប់ខ្មាំង៕
ផ្តល់សិទ្ធិដោយ ដើមអម្ពិល
from Khmernote - The best entertainment website in Cambodia http://ift.tt/1DksWog
via IFTTT