ជនជាតិវៀតណាម៤នាក់ និងកាណូតឆៃរ៉ា៤គ្រឿង ដែលបានហ៊ុំសម្រាស់កាលពីចុងខែមុន ដោយមានមន្ត្រីយោធាម្នាក់កាង ជិត១ខែទើបជលផលកសាងសំណុំរឿងបញ្ជូនមកតុលាការ
ខេត្តកំពង់ឆ្នាំង៖ ជនជាតិវៀតណាម៤នាក់ និងកាណូតឆៃរា៤គ្រឿងដែលបំពាក់ដោយ ម៉ាស៊ីនខ្យល់ដែលបានហ៊ុំសម្រាស់ខុសច្បាប់ ដោយមានមន្ត្រីយោធាភូមិភាគពិសេសម្នាក់រត់ការអោយ និងត្រូវបានប្រជាពលរដ្ឋភូមិកោះតាម៉ូវរាយការណ៍អោយសមត្ថកិច្ចបង្ក្រាបនោះ ទើបតែនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥នេះ ខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានកសាងសំណុំ រឿងបញ្ជូនទាំងម្ចាស់និងសម្ភារៈល្មើសច្បាប់មកតុលាការខេត្តដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា ករណីបង្ក្រាបបទស្មើសហ៊ុំសម្រាស់ខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៥ នៅចំណុចអន្លង់ជ្រៃ ភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបិបូរណ៌ ខេត្តកំពង់ឆ្នាំង។ ជនល្មើសជនជាតិវៀតណាមជាម្ចាស់កាណូតឆៃរាទាំង៤គ្រឿងខាងលើមានឈ្មោះ យាំង ចេវ អាយុ៣៩ឆ្នាំ,២ឈ្មោះ ចាំង យាំងមិន អាយុ៣៩ឆ្នាំ,៣ឈ្មោះ ចាំង យាំងលុង អាយុ៣០ឆ្នាំ,៤ឈ្មោះ ចាំង រឿង អាយុ២៤ឆ្នាំ ពួកគេរស់នៅក្នុងភូមិកណ្តាលសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយឡែកជនជាតិវៀតណាមប្រុសស្រី ៩នាក់ទៀតគឺជាកម្មកររបស់ពួកគេមិនត្រូវបានសមត្ថកិច្ចឃាត់ខ្លួនឡើយ។
ពួកជនល្មើសវៀតណាមទាំង៤នាក់ ខាងលើនេះបានបញ្ជាក់អោយដឹងពេលចាប់ខ្លួនពួក គេថា ពួកគេហ៊ានរកដូច្នេះដោយសារមានមន្ត្រីយោធាភូមិភាគពិសេសម្នាក់ ជាអ្នករត់ការបង់លុយអោយគ្រប់កន្លែងរួចហើយទើបគេអនុញ្ញាតអោយរកដូច្នេះ។ ចំពោះមន្ត្រីយោធាម្នាក់នេះ ត្រូវបានប្រជាពលរដ្ឋនៅតាមដងទន្លេរិះគន់ថា ជាអ្នករត់ការកាងបទល្មើសនេសាទជាច្រើនកន្លែង នៅក្នុងខេត្តកំពង់ឆ្នាំង ហើយនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥នេះ គេក៍បានឃើញមន្ត្រីយោធារូបនោះ បានមករត់ការអោយជនល្មើសទាំង៤នាក់នោះនៅក្នុងសាលាដំបូងខេត្តកំពង់ឆ្នាំងបន្តទៀត ដោយចង់អោយតុលាការខេត្តសម្រួលអោយពួកគេនៅក្រៅឃុំ។
ដោយឡែកប្រជាពលរដ្ឋភូមិកោះតាម៉ូវបានអោយដឹងថា៖ សម្រាស់ដែលពួកជនល្មើសហ៊ុំចាប់ត្រីនៅចំណុចខាងលើនេះ គឺជាសម្រាស់របស់លោកប្រធានសហគមន៍សាទឃុំកំពង់ព្រះគគីរទំនងជាលោក ប្រធានសហគមន៍រូបនោះលក់អោយក្រុមជនជាតិវៀតណាមនេះ ទើបគេហ៊ានហ៊ុំចាប់ត្រីទាំងថ្ងៃ ដូច្នេះ ។ កន្លងមកមន្ត្រីជំនាញដែលនៅឈរជើងក្នុងឃុំកំពង់ព្រះគគីរធ្លាប់ចាប់បានតែប្រជាពលរដ្ឋ ហ៊ុំកំប៉ោង តូចតាច នៅតាមមាត់ជើងកំពង់ក្បែរៗផ្ទះប៉ុណ្ណោះ ប៉ុន្តែសម្រាស់ខាងលើនេះក៏គេបានឃើញនិងដឹងដែរតែគេមិនបានចាប់នោះទេតែដល់ពេលប្រជាពលរដ្ឋតាមទាន់រាយការណ៍ទៅលោកនាយខ័ណ្ឌ រដ្ឋបាលជលផលកំពង់ឆ្នាំងនិងលោកព្រះរាជអាជ្ញាខេត្តទើបភ្ញាក់ផ្អើលមកទទួលយកជនល្មើសទាំងអស់នោះទាំងទើសទាស់មិនហ៊ានប្រកែក។
ប្រជាពលរដ្ឋនិយាយថាបទល្មើសនេះកើតឡើងដោយមានមន្ត្រីយោធាម្នាក់ខាងលើនេះជាអ្នកកាង ជាមួយមន្ត្រីជលផលខិលខូចទើបកើតមានបទល្មើសបែបនេះ គួរតែតុលាការខេត្តស្រាវជ្រាវចាប់ ខ្លួនពួកគេផ្តន្ទាទោសដែរទើបជាគំរូកុំអោយមន្ត្រីឯទៀតយកគំរូតាម និងទើបអស់បទល្មើសនេសាទទៅថ្ងៃក្រោយ៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1Dzc4Zt