មន្ត្រីគយឈ្មោះ ទិត ដា អនុប្រធានអង្គភាពសវនកម្មគយ ប្រើអំណាចដើរសង្កត់កថៅកែរោងចក្រកាត់ដេរបង្គាប់ឲ្យបង់លុយរាប់ម៉ឺនដុល្លារតាមតម្រូវការ ខណៈច្បាប់ប្រឆាំងអំពើពុករលួយកំពុងរឹតបន្តឹង
ភ្នំពេញ៖ ដោយទ្រាំមិនបានពីការគាបឲ្យបង់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ថៅកែរោចក្រកាត់ដេរមួយចំនួនបានបង្ហើបឲ្យដឹងថា អង្គភាពសវនកម្មគយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រោមការដឹកនាំលោក ទិត ដា ដែលជាអនុប្រធាន នៃអង្គភាពសវនកម្មគយនេះ បច្ចុប្បន្នកំពុងដឹកនាំមន្ត្រីធ្វើកិច្ចការសវនកម្មតាមរោងចក្រកាត់ដេរ លើការនាំចូលនូវមុខទំនិញ និងនាំចេញប្រភេទសម្លៀកបំពាក់ ស្បែកជើង ។ល។ រយៈពេល៣ឆ្នាំ គឺឆ្នាំ២០១២ដល់ឆ្នាំ២០១៤ តាមបណ្តារោងចក្រកាត់ដេរ នៅក្នុងរាជធានីភ្នំពេញនោះ បានលេចចេញនូវភាពមិនប្រក្រតីដោយចោទថា លោក ទិត ដា កំពុងគាបសង្កត់កថៅកែរោងចក្រកាត់ដេរមួយចំនួនឲ្យបង់លុយក្រោមតុម្នាក់ៗរាប់សិបម៉ឺនដុល្លារ ដែលនេះជាដំណឹងនៃការប្រព្រឹត្តអំពើពុករលួយដ៏ធំធេងរបស់មន្ត្រីគយ ដោយមិនកោតញញើតនឹងច្បាប់ ប្រឆាំងនឹងអំពើពុករលួយ ជាពិសេសមិនបានខ្វល់ឡើយ ជាមួយនឹងគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ។
តាមប្រភពពីអ្នកជំនិតៗថៅកែរោងចក្រកាត់ដេរមួយចំនួនបានឲ្យដឹងថា លោកមន្ត្រីគយ ទិត ដា អនុប្រធាន នៃអង្គភាពសវនកម្មគយ ជាអ្នកដឹកនាំការចុះត្រួតពិនិត្យធ្វើសវនកម្មរយៈពេល៣ឆ្នាំម្តង លើតួលេខនាំចូលមុខទំនិញ និងតួលេខនាំចេញ និងត្រួតពិនិត្យស្តុក។ ចេញពីលទផលនៃការធ្វើសវនកម្មនោះ រោងចក្រធំៗដែលមានសង្វាក់ផលិតកម្មមមាញឹកមានកម្មករចាប់ពី៣ពាន់នាក់ ឡើងទៅ៥ពាន់នាក់ឡើង ជាមធ្យមត្រូវជាប់បន្ទុកបង់ពន្ធចំណូលគយពីចំនួន ២០ម៉ឺនដុល្លារ ទៅជាង ៣០ម៉ឺនដុល្លារ ប៉ុន្តែអាចចរចាគ្នា បង់ត្រឹមចំនួនពី៧ម៉ឺនដុល្លារ ទៅជាង១០ម៉ឺនដុល្លារបន្តិច ដោយបង្គាប់ឲ្យភាគីរោងចក្រជួយសម្រួលធ្វើក្រដាសបង់ចូលពន្ធគយ៤០% និងទុកជូនលោក ទិត ដា ៦០% ដាក់ក្នុងហោប៉ៅ។ ចំណែករោងចក្រតូចៗ មានកម្មករចាប់ពី១ពាន់នាក់ ទៅ២ពាន់នាក់នោះ ជាមធ្យមត្រូវជាប់បន្ទុកបង់ពន្ធចំណូលគយពី ៣ម៉ឺនដុល្លារ ទៅ ៥ម៉ឺនដុល្លារ គឺអនុវត្តទូទាត់ដូចករណីខាងលើនោះដែរ ដែលលោក ទិត ដា ត្រូវតែទទួលបានចំណែកច្រើនជាងពន្ធចូលគយ។
លោក ទិត ដា ក្រៅតែពីមានតំណែងជាអនុប្រធានអង្គភាពសវនកម្មគយ ក៏មានមុខតំណែងមួយទៀតជាអនុប្រធានការិយាល័យនាំចូលដែរ។ លោក ទិត ដា សព្វថ្ងៃកំពុងសប្បាយស៊ីញ៉េឯកសារប្រមូលលុយដាក់ហោប៉ៅ ដោយក្នុងមួយថ្ងៃៗឯកសារសុំនាំទំនិញចូលរបស់អ្នកវិនិយោគ មានរាប់រយរហូតដល់ពាន់ឯកសារ ដោយ១ឯកសារ ត្រូវបង់ក្រោមតុជូនលោក ទិត ដា ១០ដុល្លារដាក់ចូលហោប៉ៅ។ ប្រភពចំណូលមិនធម្មតាទាំងពីរមុខតំណែងខាងលើនេះបានធ្វើឲ្យលោក ទិត ដា មានជីវភាពធូរធា រស់លើទ្រនំវីឡា អមដោយរថយន្តឡិកស៊ីសសេរីទំនើប570 និងមានលុយកាក់ចាយមិនអស់ទៅហើយ។ ជាមួយនឹងអំណាចជាអនុប្រធានការិយាល័យនាំចូល លោក ទិត ដា បានរងការចោទប្រកាន់ថា បានប្រើអំណាចគាបសង្កត់កាក់ផ្អិបទុកឯកសារនាំទំនិញចូល របស់ថៅកែរោងចក្រទាំងឡាយណាដែលមិនយល់ព្រមបង់ប្រាក់តាមការទាមទារក្នុងដំណើរការត្រួតពិនិត្យធ្វើសវនកម្មនោះទៀផង។
ភាគីខាងថៅកែរោងចក្រ បានដាក់ជាចម្ងល់ថា វិស័យរោងចក្រវាយនភណ្ឌ ពន្ធនាំចូល និងនាំចេញគឺជាបន្ទុករបស់រាជរដ្ឋាភិបាល ចុះហេតុអ្វីបានជា លោកមន្ត្រីគយ ទិត ដា បានចុះប្រមូលពន្ធតាមរោងចក្រ ដែលគ្មានតម្លាភាព និងដូចចុះទៅអារកហុតឈាមទាំងរស់ និងបង្កប់ទៅដោយអំពើពុករលួយយ៉ាងពេញបន្ទុក។ ហើយទង្វើនេះបានជះឥទ្ធិពលយ៉ាងអាក្រក់ដល់វិស័យវាយនភណ្ឌនៅកម្ពុជា ដែលមានរោងចក្រប្រមាណជាង៥០០រោងច្រក ហើយក៏ជាចំណែកមួយក្នុងការធ្វើឲ្យយឺតយ៉ាវដល់ដំណើរការតម្លើងប្រាក់ខែជូនកម្មករកម្មការនីឲ្យបាន១៦០ដុល្លារ ក្នុងម្នាក់ៗឲ្យបានមុខឆ្នាំ២០១៨ នោះដែរ។ បើតាមសេចក្តីរាយការណ៍នេះលោក ទិត ដា ពិតជាមន្ត្រីគយម្នាក់ថ្លើមធំណាស់ ហ៊ានយកជើងមកដាក់រាជំទាស់លើផែនការកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន យ៉ាងក្រអឺតក្រទមបំផុត។ ជាមួយគ្នានេះលោក គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករកម្ពុជា គួរត្រួតពិនិត្យ និងធ្វើកំណែទម្រង់ ចំពោះ លោក ទិត ដា ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នគយ និងផលប្រយោជន៍ជាតិ៕ ដោយ កញ្ញា សុភាព
លោក ទិត ដា អនុប្រធានអង្គភាពសវនកម្មគយ និងជា អនុប្រធានការិយាល័យនាំចូល
នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
http://ift.tt/1J7hwub