អ៊ីស៊ុយហ្សុយ ជែងវ៉ាមិនផុតទៅបុកគូថរថយន្តដឹកដើមដំឡូងមីពីក្រោយ ហើយបានរេក្បាលទៅបុកហ៊ីយ៉ាន់ដាយ១គ្រឿងទៀត ក្នុងដំណើរបញ្ច្រាសទិសគ្នា ស្លាប់អ្នកបើកបរម្នាក់ និងរបួសធ្ងន់ម្នាក់
ខេត្តកំពង់ឆ្នាំង៖ អ្នកបើកបររថយន្ត២នាក់ម្នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ដោយសាររថយន្តបុកបន្តកន្ទុយគ្នា ដែលហេតុការណ៍នេះបានកើតឡើង នៅវេលា ម៉ោង៩ និង៤៥នាទីយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ លេខ១២០ និង១២១ ស្ថិតក្នុងភូមិដើមជ្រែ ឃុំខុនរង ស្រុកបរិបូរណ៌ ។
លោក រស់ ប៊ុនរិទ្ធ មន្ត្រីនគរបាលចរាចរណ៍ ស្រុកបរិបូរណ៌ បាននិយាយអោយដឹងថា ជនរងគ្រោះស្លាប់រូបនោះ មានឈ្មោះ ឆូយ សំណាង ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិពន្លៃ ឃុំពន្លៃស្រុកបរិបូរណ៌ ជាអ្នកបើករថយន្តម៉ាក អ៊ីស៊ុយហ្សុយ ពាក់ស្លាកលេខ ភ្នំពេញ 3A-2385 ចំណែកបុរសម្នាក់ទៀតដែលរងរបួសធ្ងន់មានឈ្មោះ លួង វិន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅខេត្តកំពង់ចាម ជាអ្នកបើករថយន្ត ម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3C-6493 ។
មុនពេលកើតហេតុ អ្នកបើកបររថយន្តអ៊ីស៊ុយហ្សុយ បានបើករថយន្តពីទិសខាងត្បូងទៅជើងក្នុងល្បឿនលឿន ហើយបានបើកជែងវ៉ារថយន្តមួយគ្រឿងផ្សេងទៀត ជារថយន្តធុនធំដឹកដើមដំឡូងមី ពាក់ស្លាក លេខភ្នំពេញ 3B.8531 ក្នុងដំណើរស្របទិសគ្នា តែវ៉ាមិនរួចក៏ងាកចូលស្តាំដៃវិញជ្រុល ទៅបុកគូថរថយន្តដឹកដំឡូងមី ពីក្រោយ ធ្វើអោយវិលក្បាលចេញក្រៅ ហើយទៅបុកជាមួយរថយន្តកូរ៉េដែលបើកបញ្ច្រាសទិសគ្នាតែម្តង បណ្តាលអោយអ្នកបើកបររថយន្តអ៊ីសុយហ្សុយ ស្លាប់នៅកន្លែងកើតហេតុ ចំណែកអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយ បានរងរបួសធ្ងន់ និងរថយន្តទាំងពីរគ្រឿងបានខូចខាតស្ទើរទាំងស្រុង ដោយឡែកអ្នកបើក រថយន្តដឹកដើមដំឡូងមីមិនមានគ្រោះថ្នាក់អ្វីទេរួមទាំងរថយន្តគ្រាន់កំពិតខាងក្រោយបន្តិចតែប៉ណ្ណោះ។
សពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីចំណែកអ្នករងរបួសត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ រថយន្តទាំង៣គ្រឿងត្រូវបានយកទៅរក្សាទុកនៅក្នុងអធិការដ្ឋាននគរបាលស្រុកបរិបូរណ៌ជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿង រង់ចាំការដោះស្រាយតាមផ្លូវច្បាប់ ។ សមត្ថកិច្ចបាបនិយាយអោយដឹងថា៖ កត្តាគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បណ្តាលមកបីការបើកបរជែងគ្នាក្នុងស្ថានភាពគ្រោះថ្នាក់ ដូច្នេះការអធ្យាស្រ័យគ្នាក្នុងពេលបើកបរមានសារៈសំខាន់ណាស់ គឺអាចគេចផុតពីគ្រោះថ្នាក់ដល់ខ្លួនយើងបាន៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1b8e2cA