កម្លោះខ្មែរឥស្លាមម្នាក់ ចាប់គូរដណ្តឹងគ្រៀកជាប់ក្នុងបន្ទប់ទឹក រួចអារកនឹងផ្លែឡាម ខណៈនាងបដិសេធមិនព្រមស្រឡាញ់វិញព្រោះតែស្អប់រឿងផឹកស្រា តែត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះ
ខេត្តកំពង់ឆ្នាំង៖ ដោយសារតែកំហឹងកម្លោះខ្មែរឥស្លាមម្នាក់ ធ្វើសកម្មភាពចាប់គ្រៀក គូដណ្តឹង នៅក្នុងបន្ទប់ទឹក រួចយកផ្លែឡាមអារកនាង បណ្តាលអោយបាញ់ឈាមរងរបួសជាច្រើនកន្លែង។ តែជនបង្កត្រូវបានសមត្ថកិច្ច ការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត ធ្វើការចាប់ឃាត់ខ្លួន បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង កាលពីវេលា ម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៥នេះ នៅភូមិដំណាក់ព្រីង ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
តាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខេត្ត ដែលបានរាយការណ៍ទៅ លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានអោយដឹងថា៖ យុវជនសង្ស័យរូបនោះមានឈ្មោះ ឯល ម៉ឹក អាយុ២១ឆ្នាំ មានទី លំនៅភូមិឃុំកើតហេតខាងលើ។ ចំណែកនាងជាគូដណ្តឹងមានឈ្មោះ សាន់ ម៉ាស់ អាយុ២២ឆ្នាំ គេទាំង ពីរនាក់ជាជនជាតិខ្មែរឥស្លាម និងនៅភូមិឃុំជាមួយគ្នា ។
មុនពេលកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹង ហើយបានទៅផ្ទះនារីរងគ្រោះ ដែលជាគូដណ្តឹង ពេលទៅដល់បានជួបនាងហើយពេលនិយាយទៅកាន់នារីរងគ្រោះមានខ្លិនស្រា នាងបានស្រែកថា ខ្ញុំស្អប់ណាស់អ្នកផឹកស្រា រួចនាងបានគេចឡើងទៅផ្ទះបាត់ទៅ ។
បន្ទាប់មកជនសង្ស័យបានត្រឡប់មកផ្ទះវិញ តែប្រហែលកន្លះម៉ោងក្រោយមកក៏ត្រឡប់ទៅផ្ទះនារីរង គ្រោះម្តងទៀត និងបានឃើញនាងចូលបន្ទប់ទឹក ក៏បានដើរតាមក្រោយ និងបានចាប់នាងគ្រៀកជាប់ ហើយបានសម្លុតសួរថា៖ ស្រឡាញ់ខ្ញុំឬអត់? នាងបានឆ្លើយថា៖ អញអត់ស្រឡាញ់ទេអាអ្នកផឹកស្រា ។ ពេលនោះជនសង្ស័យបានចាប់នាងអារកនឹងផ្លែឡាម បណ្តាលអោយហូរឈាមរងរបួស ភ្លាមនោះនាងបានស្រែកអោយឪពុកម្តាយនាងជួយ ខណៈដែលម្តាយនាងរត់ទៅ ដល់ជនសង្ស័យបានរត់គេចខ្លួនបាត់ ប៉ុន្តែក្រោយមកត្រូវចាប់ខ្លួនបន្ទាប់ពីមានបណ្តឹងពីអាណាព្យាបាលជនរងគ្រោះ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា៖ ខ្លួនពិតជាបានអាករនាងនឹងផ្លែឡាមពិតមែន ព្រោះសង្ស័យថានាងមានប្រុសថ្មី និងខឹងនាងពេលចាប់សួរនាងស្រែកថា អាឆ្កែអញអត់ស្រឡាញ់ហ្អែងទេ ទើបរូបគេទប់កំហឹងមិនបាន ។
ទោះយ៉ាងណាក្តីនៅឯមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ម្តាយនារីរងគ្រោះហាក់ទទួលនូវគំនាបអ្វីមួយ ឬអាចថាប្រហែលជាបានទទួលសំណងណាមួយពីគ្រួសារជនសង្ស័យ ទើបស្នើសុំអោយនគរបាលជួយកុំ យកទោសទណ្ឌអ្វីចំពោះជនដៃដល់ ។ តែសមត្ថកិច្ចប្រាប់ថា នេះគឺជាអំពើហិង្សដោយចេតនាមានស្ថានទម្ងន់ទោសមិនអាចសម្របសម្រួលបានទេ។ ជនដៃដល់ត្រូវបានសមត្ថកិច្ចសម្រេចកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ផ្តន្ទាទោសតាមបញ្ញត្តិនៃច្បាប់៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1FVulBG