អគ្គីភ័យឆាបឆេះព្រៃ និងស្មៅក្បែរគុក អ្នកទោភ័យស្ទើរព្រលឹងចុងសក់
ខេត្តព្រះសីហនុ៖ អគ្គីភ័យឆេះព្រៃត្រូវបានពន្លត់បានទាំងស្រុងដោយកម្លាំងពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ត្រឹមតែរយៈពេលជិត១ម៉ោង បន្ទាប់ពីបានឆាបឆេះរាលដាលពីកន្លែងមួយទៅកន្លែងមួយសំដៅកាន់ពន្ឋនាគារខេត្តព្រះសីហនុនិងផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ យ៉ាងសន្ធោសន្ធៅរួចមកនោះ។ អគ្គីភ័យនេះបានឆាបឆេះនាវេលាម៉ោង២០និង១៥នាទីយប់ថ្ងៃទី២០មេសារឆ្នាំ២០១៥ ក្បែរពន្ឋនាគារខេត្តព្រះសីហនុស្ថិតក្នុងភូមិ៣សង្កាត់លេខ៣ក្រុងព្រះសីហនុ។
លោកវរៈសេនីយ៍ទោ ស៊ុន សុផាត ស្នងការរងទទួលផែនបង្កា និងពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបានខេត្តព្រះសីហនុបានអោយដឹងថា អគ្គីភ័យនេះត្រូវបានគ្រប់គ្រងទាំងស្រុងត្រឹមតែរយៈពេលជាងកន្លះម៉ោងតែប៉ុណ្ណោះ។ បើទោះបីកន្លែងកើតហេតុមានសភាពលំបាកចូលពន្លត់បន្តិចក្តី ប៉ុន្តែកម្លាំងជំនាញរបស់លោកបានខិតខំយ៉ាងខ្លាំងអស់ពីសមត្ថភាព ប្រយោជន៍ជួយសង្គ្រោះដល់ផ្ទះប្រជាពលរដ្ឋ និងទីតាំងពន្ឋនាគារខេត្តព្រះសីហនុដែលនៅក្បែរនោះ បើយើងមិនបានជួយសង្គ្រោះទាន់ពេលវេលានោះទេ និងមានការខាតបង់ច្រើន ព្រោះព្រៃ និង ស្មៅវាមានលក្ខណះក្រៀមស្វិតវាជាអំណោយផលយ៉ាងខ្លាំងដល់អគ្គីភ័យ។
លោកបន្តថា អគ្គីភ័យនេះបានឆាបឆេះចេញពីព្រៃដីឡូត៍ទុកចោលមួយកន្លែងស្ថិតនៅក្បែរកំពូលភ្នំក្បែរពន្ឋនាគាខេត្តព្រះសីហនុ ហើយបានរាលដាលមកសំដៅផ្ទះប្រជាពលរដ្ឋ និងពន្ឋនាគារខេត្តព្រះសីហនុ។ អគ្គីភ័យនេះបាន គ្រប់គ្រងទាំងស្រុងត្រឹមតែជិត១ម៉ោងតែប៉ុណ្ណោះដោយ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន២គ្រឿង និងប្រើប្រាស់ទឹកតែ២រថយន្តតែប៉ុណ្ណោះ ។
ជុំវិញអគ្គីភ័យនេះដែរ មានមតិប្រជាពលរដ្ឋជាច្រើន បានស្នើដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់សូមមេត្តារឹតបន្តឹងដល់គ្រប់ម្ចាស់ដីឡូត៍ទាំងអស់ដែលពុំទាន់បានសាងសង់សំណង់អោយមានទំនួលខុសត្រូវ មិនគួរទុកដីទំនេរអោយកើតជាព្រៃ និងស្មៅដុះបង្កអោយមានអគ្គីភ័យកើតឡើងជាញឹកញ៉ាប់ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះ ជាក់ស្តែងនៅខេត្តព្រះសីហនុអគ្គីភ័យដែលកើតឡើងពីការឆេះព្រៃ និងស្មៅនេះគិតត្រឹមខែមេសារនេះកើតឡើងមិនក្រោមពី៤ទៅ៥ដងនោះទេ៕ ដោយ សមុទ្រខៀវ
http://ift.tt/1GhGpCE