អ្នកចែកចាយគ្រឿងញៀន៤នាក់ដឹងខ្លួនរត់គេចបាត់ សមត្ថកិច្ចរឹបអូសបានតែម៉ូតូ៣គ្រឿង
ខេត្តកំពង់ឆ្នាំង៖ យុវជន៤នាក់កំពុងចែកចាយ និងជួញដូរថ្នាំញៀន នៅក្នុងព្រៃបន្លាយួនមួយកន្លែង ត្រូវបានសមត្ថកិច្ចព័ទ្ធចាប់ខ្លួន ប៉ុន្តែជាលទ្ធផលមិនបានសម្រេច គឺរឹបអូសបានតែម៉ូតូ៣គ្រឿង របស់ពួកគេ។ ប្រតិបត្តការចាប់មុខសញ្ញាចែកចាយ និងប្រើប្រាស់ថ្នាំញៀនខាងលើនេះ បានធ្វើឡើងនៅម៉ោង១០និង៥០នាទីព្តឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ នៅចំណុចអណ្តូងច្រឹប ព្រៃបន្លាយួន ស្ថិតក្នុងភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។
លោក ម៉ា យន្ត នាយផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋានក្រុងកំពង់ឆ្នាំងជាអ្នកដឹកនាំកិច្ចបង្ក្រាបខាងលើនេះបានអោយដឹងថា៖ យុវជនទាំង៤នាក់ខាងលើនេះ ជាមុខសញ្ញាចាស់ដែលសមត្ថកិច្ចគ្រប់គ្រង។ មុនពេលកើតហេតុ សមត្ថកិច្ចបានបន្លំខ្លួនតាមដានពីក្រោយ ក្រុមយុវជនខាងលើនេះ នៅពេលដឹងថាពួកគេបានណាត់ជួបជុំគ្នានៅចំណុចខាងលើ ដើម្បីចែកចាយ និងប្រើប្រាស់ថ្នាំញៀន សមត្ថកិច្ចក៍បានប្រមូលគ្នាធ្វើការឡើោព័ទ្ធចាប់ខ្លួន។ ប៉ុន្តែពេលពួកគេឃើញសមត្ថកិច្ចទៅដល់ ពួកគេបាននាំគ្នារត់ចែកផ្លូវគ្នាចូលក្នុងព្រៃបន្លាយួនបាត់អស់ដោយនាំយកគ្រឿងញៀនមួយចំនូនទៅតាមខ្លួនពួកគេ។
ដោយឡែកនៅកន្លែងកើតហេតុ សមត្ថកិច្ចបានរឹបអូសយកម៉ូតូ៣គ្រឿង និងទូរស័ព្ទ ១គ្រឿងរបស់ពួកគេមករក្សាទុកនៅអធិការដ្ឋានក្រុងកំពង់ឆ្នាំង។ម៉ូតូទាំង៣គ្រឿងនេះ១ មានម៉ាកវ៉េវ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 1CL-8999,២ សុយស៊ុយគីស្មាស់ ពាក់ផ្លាកលេខ ភ្នំពេញ1Y-0268,និងម៉ូតូទី៣ម៉ាកហុងដាឌ្រីម០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ឆ្នាំង1D-2649។
សមត្ថកិច្ចបានបញ្ជាក់អោយដឹងទៀតថា៖ មុខសញ្ញាទាំង៤ខាងលើនេះ ត្រូវបានគេស្គាល់ថា ម្នាក់ជាកូនមន្ត្រីនគរបាល ម្នាក់ទៀតជាអ្នកបើកគ្រឿងចក្រចូកដី និង២នាក់ទៀត គឺជាមិត្តភ័ក្ត្ររបស់ពួកគេ ដែលសមត្ថកិច្ចបានស្គាល់អត្តសញ្ញាណរួចអស់ហើយ។ ករណីនេះសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើ ម្បីចាត់ការបន្តតាមនីវិធី៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1GiEQVb