សហគ្រិនស្រ្តីកម្ពុជា ទទួលពាន «Manager of the year» ពីចក្រភពអង់គ្លេស
ភ្នំពេញ៖ អ្នកស្រី កែវ មុំ អគ្គនាយិការក្រុមហ៊ុនផលិតនំស្រួយលីលី ទទួលបានពានរង្វាន់អ្នកគ្រប់គ្រងប្រចាំឆ្នាំ (Manager of the year ) ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ខណៈដែលក្រុមហ៊ុនរបស់អ្នកស្រី ទទួលបានពានសហគ្រាសល្អបំផុត (The Best Enterprises)។
ពិធីប្រគល់ពានរង្វាន់ទាំងពីរនេះ ត្រូវបានធ្វើឡើងនៅចក្រភពអង់គ្លេសកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥នេះ នៅទីក្រុងឡុងដ៍។ អ្នកស្រី កែវ មុំ បានបង្ហាញអារម្មណ៍រំភើបរីករាយលើទំព័រហ្វេសប៊ុករបស់ខ្លួនថា «នាងខ្ញុំមាន មោទនភាពយ៉ាងខ្លាំងដែលក្រុមហ៊ុន លីលីទទួល បានពានរង្វាន់ The Best Enterprises និងនាងខ្ញុំទទួលបានពានរង្វាន់ Manager of the year ពីទីក្រុងទ្បុងដ៍ ប្រទេសអង់គ្លេស» ។
បើតាមអ្នកស្រី កែវ មុំ ពានរង្វាន់លំដាប់កំពូលនេះ ត្រូវបានប្រគល់ជូនបណ្តាថ្នាក់ដឹកនាំក្រុមហ៊ុនល្បីៗប្រមាណ៤០រូប មកពី ៣២ប្រទេស ជុំវិញពិភពលោក ។
អ្នកស្រី កែវ មុំ បានក្លាយជាសហគ្រិនស្ត្រីជោគជ័យវ័យក្មេងមួយរូបនៅកម្ពុជា បន្ទាប់ពីអ្នកស្រី បានព្យាយាមតស៊ូ ពុះពារតាំងចិត្តដោយមុះមុត ធ្វើឲ្យសហគ្រាសនំស្រួយលីលី ដែលបើកដំណើរការនៅឆ្នាំ២០០២ ទទួលបាន ជោគជ័យជាបន្តបន្ទាប់ លើសង្វាក់ផលិតកម្មផលិតនំស្រួយ ដោយផលិតនំបានរហូត ដល់ជាង២០ប្រភេទ និងជាង១០រសជាតិ ហើយទទួលបានការនិយមគាំទ្រយ៉ាងផុលផុសពីពលរដ្ឋកម្ពុជា ជាពិសេសកុមារតែម្តង ។ មិនត្រឹមតែផលិត និងចែកចាយក្នុងស្រុកប៉ុណ្ណោះទេ នំស្រួយលីលី បច្ចុប្បន្នក៏ត្រូវបាននាំចេញទៅលក់នៅក្រៅប្រទេសទេសផងដែរ ។
បច្ចុប្បន្នអ្នកស្រី កែវ មុំ ក៏មានតួនាទីជាប្រធានសមាគមសហគ្រិនស្រ្តីនៅកម្ពុជាទៀតផង ដែលសមាគមនេះមានសមាជិកជាង ២០០នាក់ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល
from Khmernote - The best entertainment website in Cambodia http://ift.tt/1JejBVr