លោកអភិបាលខេត្តប្រតិកម្មឲ្យអាជ្ញាធរ និងជំនាញបំភ្លឺអ្នកកាសែតទាក់ទងក្នុងរឿងដកហូតដី៥៥ហិកតាពីប្រជាពលរដ្ឋ១០គ្រួសារនៅភូមិក្រសាំងដុះឡើងឃុំក្បាលទឹក
ខេត្តកំពង់ឆ្នាំង៖ ក្រោយពីសារព័ត៌មានក្នុងស្រុកបានចេញផ្សាយរឿងលោកអភិបាលខេត្តចេញសេចក្តីប្រកាសដកហូត ដីធ្លីខំនួន៥៥ហិកតា លិខិតលេខ២៦៤ សជណ ចុះថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៥រក្សាទុកជាដីព្រៃរបស់រដ្ឋ ពីប្រជាពលរដ្ឋ១០គ្រួសារនៅចំណុចខ្សាច់ពូន ភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក ស្រុកទឹកផុស និងប្រតិកម្មរបស់ប្រជាពលរដ្ឋបកស្រាយរឿងរបស់អាជ្ញាធរកន្លងមកបានធ្វើអោយលោកអភិបាលខេត្តកំពង់ឆ្នាំង ប្រតិកម្មយ៉ាងខ្លាំងចំពោះលោក គង់ ប៊ុនធឿន និងអ្នកស្រីអ៊ុន ណាវី ជាអ្នកកាន់កាប់ដីធ្លីនិងជាតំណាងប្រជាពលរដ្ឋ៩គ្រួសារ។ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៥ លោក ម៉ម ឈឿម ប្រធានមន្ទីរព័ត៌មានខេត្ត និងជាអនុប្រធានអ្នកនាំពាក្យខេត្ត បានទទួលបទបញ្ជាពីលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត កោះអញ្ជើញលោកអភិបាលស្រុកទឹកផុស និងមន្ទីរពាក់ពន្ធ័មកបំភ្លឺជូនអ្នកកាសែតពាក់ព័ន្ធដែលបានចេញផ្សាយ ដើម្បីធ្វើចុះផ្សាយបំភ្លឺរឿងដកដី៥៥ហិកតានេះឡើងវិញអោយបានច្បាស់លាស់។
នៅក្នុងកិច្ចប្រជុំនេះលោក ម៉េង ហាក់ អភិបាលស្រុកទឹកផុស បានបញ្ជាក់អោយដឹងថា៖ នៅឆ្នាំ២០០៨ លោក ទូច ម៉ារីម អភិបាលខេត្តចាស់បានចេញដីកាដកហូតដីនេះទុកជាដីព្រៃរបស់រដ្ឋ ម្យ៉ាងទៀតលោក គង់ .ប៊ុនធឿន និងអ្នកស្រី អ៊ុន ណាវី បានធ្វើពាក្យកាន់កាប់ដីពីលោក ម៉ា ហ៊ីម មេឃុំក្បាលទឹកចាស់ ពីឆ្នាំ២០០១ ក៏ពិតមែន តែបានបោះបង់ចោល មិនបានអាស្រ័យផលលើដីនោះទេ រហូតដល់ខែ១០.២០១២ ទើបពួកគាត់ មកដាំដំណាំនិងសង់ខ្ទមលើដីនេះ។ ដូច្នេះតាមបទបញ្ជាលេខ០១ មិនអាចវាស់វែងធ្វើប្លង់អោយបានឡើយ។ទាក់ទងនឹងការការដកហូតដំណែងលោក ម៉ា ហ៊ីម គឺដោយសារលោក ម៉ា ហ៊ីម ឈឺធ្វើការមិនបាន ម្យ៉ាងទៀតលោក ម៉ា ហ៊ីម បានប្រគល់ដីម្តុំនេះជាន់គ្នា ទៅអោយមនុស្សទៅ២នាក់ធ្វើអោយអាជ្ញាធរពិបាកដោះស្រាយ ទើបអាជ្ញាធរសម្រេចអោយលោក ម៉ា ហ៊ីម ធ្វើលិខិតលាលែងពីតំណែងនិងលោកផ្តឹតមេដៃយល់ព្រម នៅពេលថ្ងៃ មិនមែនពេលយប់ដូចការលើកឡើងរបស់ លោក គង់ ប៊ុនធឿន និងអ្នកស្រី អ៊ុន ណាវី ថាបង្ខំអោយផ្តឹតមេដៃពេលយប់នោះទេ។ចំណែកការធ្វើទីស្នាក់ការគណៈបក្សប្រជាជនឃុំក្បាលទឹកគឺ ឯកឧត្តម ត្រាំ អ៊ីវតឹក ជាអ្នកកសាងមិនមែនលោក គង់ ប៊ុនធឿន និងអ្នកស្រី អ៊ុន ណាវី ជួយប្រាក់មកលោក ម៉ា ហ៊ីម មកកសាងនោះឡើយ។
លោក ថោង វ៉ាន់វីរ៉ាវុឌ្ឍី នាយរងខ័ណ្ឌរដ្ឋបាលព្រៃឈើ និងលោកអនុប្រធានមន្ទីរសុរិយោដីខេត្ត បានបញ្ជាក់អោយអង្គប្រជុំដឹងថា៖ ដីការដកហូតដីឆ្នាំ២០០៨ របស់លោកអភិបាលខេត្តចាស់ គឺបានដកហូតដីសរុប ចំនួន៣២០ហិកតា នៅក្នុងនោះក៏មានដីចំនួន៥៥ហិកតាក្នុងចំណុចខ្សាច់ពូនភូមិក្រសាំងដុះឡើងនេះដែរ គឺដីកាលេខ៤៦ ចុះថ្ងៃទី០៧.០៤.២០០៩ គ្រាន់តែជាឧបសម្ព័ន្ធតែប៉ុណ្ណោះ ដែលលោក ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីប្រកាសដកហូត ដីធ្លីខំនួន៥៥កិតា លេខ២៦៤ សជណ ចុះថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៥រក្សាទុកជាដីព្រៃរបស់រដ្ឋពីប្រជាពលរដ្ឋ១០គ្រួសារនៅចំណុចខ្សាច់ពូន ភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក ស្រុកទឹកផុសគឺជារឿងត្រឹមត្រូវ។ ដោយឡែកប្រជាពលរដ្ឋ៣ភូមិ គឺភូមិក្រសាំងដុះឡើង ភូមិថ្នល់កែង និងភូមិខ្វិតទួលឃ្លាំង ក៏បានប្តឹងមិនអនុញ្ញាតអោយប្រគល់ដី៥៥ហិកតានេះទៅអ្នកណាឡើយ។
ដូច្នេះដីទាំង៥៥ហិកតានោះគឺអាជ្ញាធរខេត្ត និងប្រគល់ជូនប្រជាពលរដ្ឋ៣ភូមិ ប្រើប្រាស់សំរាប់បំរើផលប្រយោជន៍ជាសាធារណៈរបស់ភូមិ មិនអាចប្រគល់អោយជាកម្មសិទ្ធរបស់បុគ្គលណាម្នាក់ឡើយ។អង្គប្រជុំបាន ស្នើសុំអោយអ្នកកាសែតពាក់ព័ន្ធ យកលទ្ធផលនៃការបំភ្លឺក្នុងអង្គប្រជុំនេះធ្វើការចុះផ្សាយឡើងវិញអោយបានត្រឹមត្រូវផង។ ប្រភពក្រៅផ្លូវការមួយបានលើកឡើងថា បើអាជ្ញាធរខេត្តអនុវត្តគោលនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលនោះទើបដោះស្រាយបញ្ហានេះបាន គឺប្រគល់អោយប្រជាពលរដ្ឋ៣ភូមិមួយចំណែក និងប្រគល់អោយលោក គង់ ប៊ុនធឿន ជាអ្នកកាន់កាប់ដីមួយចំណែកនោះប្រហែលជាអាចបញ្ចប់រឿងនេះបានល្អ៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1aCL0lC