ក្មេងស្ទាវនៅជនបទពីរក្រុមដោយសារតែរាំធុងបាសឌឺដងដាក់គ្នា ឈានដល់កាប់ចាក់គ្នារបួសទាំងសងខាង
ខេត្តកណ្ដាល៖ ក្មេងស្ទាវនៅជនបទពីរក្រុមដោយសារតែរាំឌឺដងដាក់គ្នា (ពួកយើងមកដល់ភ្លាម!!!! កាឡុកៗៗៗៗ…) បានប្រទូសសារាយនឹងគ្នាខ្លះទាញដំបងខ្លះទាញកាំបិតវាយកាប់គ្នាប្រាវផ្អើលទឹល រត់ជាន់ជើងគ្នាប្រសាច។ នៅក្នុងជម្លោះកាប់ចាក់គ្នានោះបណ្តាលឲ្យមានអ្នករបួសធ្ងន់ស្រាលបែកក្បាលហូរឈាមរៀងៗខ្លួន។ ហេតុការណ៍ស្ទាវជនបទប្រយុទ្ធគ្នាក្នុងវង់រាំកម្សាន្តនេះបានកើតឡើងកាលពីវេលាម៉ោង១៧ និង៣០នាទី នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥ នៅចំណុចភូមិកោះតេជោ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ឃុំគគីរធំ បានឲ្យដឹងថា នៅចំណុចវត្តកោះតេជោ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥ មានពិធីរាំធុងបាសគឺចាប់ពីម៉ោង១៣ និង០០នាទី ថ្ងៃត្រង់រហូតដល់ម៉ោង ១៧ និង០០នាទី ធុងបាសក៍បានបិទ ក្នុងពិធីនេះដែរកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ចំនួន០២នាក់ បានប្រចាំការ ការពារ នៅទីនោះរហូតដល់ចប់ ។ ក្រោយពីចប់ធុងបាសកម្លាំងនគរបាល បានដកមកវិញ។ លុះដល់ម៉ោង១៧ និង១៥នាទីស្រាប់ធុងបាស បានចាក់បន្តទៀតដោយបានការអនុញ្ញាត ពីព្រះចៅអធិការ។ ក្រោយពី ឭធុងបាសកម្លាំងបានវិលមកគោលដៅវិញ តែ មិនទាន់មកដល់ផង ស្រាប់តែផ្ទុះហិង្សាវាយតប់គ្នាពេញបន្ទុក។
សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ឃុំគគីរធំបានឲ្យដឹងថា បន្ទាប់ពីកើតហេតុកម្លាំងប៉ុស្ដិ៍បានសហការជាមួយកម្លាំងអាវុធហត្ថ ចុះមកអន្តរាគមន៍ ហើយបានពិនិត្យឃើញអ្នករបួសជាក់ស្ដែងចំនួន០៦នាក់៖ ១.ឈ្មោះឈុំ បូរិន ភេទប្រុស អាយុ២៨ឆ្នាំ, ២.ឈ្មោះមាស បូរិត ភេទប្រុស អាយុ២៥ឆ្នាំ, ៣.ឈ្មោះភី សីុណាភេទប្រុស អាយុ២៩ឆ្នាំ, ៤.ឈ្មោះ អ៊ឹម គឺមសួរ ភេទប្រុស អាយុ២៩ឆ្នាំ, ៥.ឈ្មោះ ហេង សុខលី ភេទប្រុស អាយុ២៥ឆ្នាំ, ៦.ឈ្មោះ ផាន់ សុវុនភេទស្រី អាយុ៥១ឆ្នាំ។ជនរងរបួសត្រូវបានចាត់ចែងបញ្ជូនទៅព្យាបាលរបួស។ ចំណែកអ្នកពាក់ព័ន្ធដែលកំពុងរត់គេចខ្លួននោះសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវចាប់ខ្លួន៕
http://ift.tt/1bapkNZ