កុមារឯកកោ៤នាក់បងប្អូនកំពុងស្រេចឃ្លានដោយក្រុមគ្រួសារបោះបង់ចោល បានទទួលអំណោយ
ខេត្តកំពង់ឆ្នាំង៖ លោកស្រី កែ ចន្ន័មុន្នី អ្នកដំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងលោកស្រី តុង ណារីសមាជិកក្រុមប្រឹក្សាខេត្ត និងតំណាងសប្បុរសជននានា នៅព្រឹកថ្ងៃទី០១ខែមេសា ឆ្នាំ២០១៥ បានចុះ នាំយកអំណោយជូនដល់កុមារកំព្រាឯកកោ៤នាក់បងប្អូនដែលកំពុងរស់នៅតែលតោលលំបាកវេទនាដោយគ្រួសារបោះបង់ចោល ក្នុងភាពស្រេកឃ្លាន នៅក្នុងខ្ទមដ៏តូចមួយ ក្នុងភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស។
លោកស្រី កែ ច័ន្ទមុនី្ន បាននិយាយអោយដឹងថា៖ ក្រោយពីបានឃើញសារព័ត៌មាន ចុះផ្សាយតាមគេហទំព័រ ក៏ដូចជាទូរទស្សន៍ក្នុងស្រុក អំពីជីវិតក្មេងកំព្រាទាំង៤នាក់ ដែលត្រូវបានឪពុកបោះបង់ចោលទៅមានប្រពន្ធថ្មី ម្តាយទៅទីឆ្ងាយបាត់ដំណឹងឈឹងជាង៣ឆ្នាំហើយ ចំណែកបងៗ បែកទៅមានប្តីពុំដែលគិតគូរដល់ប្អូនៗ ទាំង៤នាក់ ក្នុងនោះកូនស្រីប្អូនអាយុ៩ឆ្នាំ បានធ្លាក់ខ្លួនពីការ ដោយសារពស់ចឹក លោកស្រី មានសេចក្តីសង្វេគអាណិតដល់ក្មួយៗ ទើបនាំគ្នាមកក្នុងថ្ងៃនេះ ដើម្បីអោយឃើញដោយផ្ទាល់ភ្នែក គឺពិតជាគួអោយអាណិតខ្លាំងណាស់ ។ លោកស្រី សំណូមពរអោយអាជ្ញាធរមូលដ្ឋាន ជួយរកឈើមកជួសជុលខ្ទមក្មេងនេះឡើងវិញ ព្រោះសង្ក័សីប្រក់ដំបូល មានអ្នកជួយហើយ និងសូមអោយអាជ្ញាធរជួយសម្រួលអោយកុមារនេះបានចូលរៀនឡើងវិញ ព្រោះកង់សម្រាប់ក្មេងជិះមានខាងអង្គការគេជួយហើយ ដែរ។ លោកជំទាវក៏បានផ្តាំផ្ញើដល់កូនច្បងសូមខិតខំជួយមើលប្អូនៗ និងជួយជូនពួកគេទៅរៀនផង ។
អំណោយដែលត្រូវបានចែកជូននៅថ្ងៃនោះមាន លោកស្រី កែ ច័ន្ទមុនី ទឹកប្រាក់២០ម៉ឺនរៀល, អ៊ីទឹក ដោះគោ U.S.A ទឹកប្រាក់៥០ដុល្លា ,សប្បុរសជននៅរាជធានីភ្នំពេញ ទឹកប្រាក់១០ម៉ឺនរៀល ,សាខាកាក បាទក្រហមខេត្តកំពង់ឆ្នាំងប្រាក់ចំនួន១០ម៉ឺនរៀល ,សប្បុរសជនខេត្តកំពង់ឆ្នាំងតាមរយៈ លោកសុខ ឧត្តម ប្រធានស្ថានីយ៏វិទ្យុឫទ្ធិសែន FM.99.75 ប្រាក់២២ម៉ឺនរៀល ,លោក សោម ភិរុណ នាយខណ្ឌ័រដ្ឋ បាលជលផលកំពង់ឆ្នាំង១០ម៉ឺនរៀល ,លោកជា សុខា មកពីស្រុកបរិបូរណ៍ ទឹកប្រាក់១៥ម៉ឺនរៀល ។ សប្បុរសជនទាំងអស់ខាងលើនូវមានសម្ភារៈ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតមាន អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា សាប៊ូ ឆ្នាំងបាយ ឆ្នាំងសម្ល កំសៀវដាំទឹក មុង ភួយ សារ៉ុង ខោអាវ នំ ទឹកក្រូច ទឹកសុទ្ឋ មី ត្រីងៀត សាច់ក្រក ពងទា ខ្ទឹម ប៊ីចេងនិង សម្ភារៈជាច្រើនទៀតផងដែរ ។
លោក អ៊ូ ហួត មេភូមិ ក្រាំងស្គារត្បូង និងលោក គង់ សំអ៊ីម ក្រុមប្រឹក្សាឃុំក្រាំងស្គារ បាននិយាយ អោយដឹងថា ម្សិលម៉ិញ (ថ្ងៃ៣១ ខែមិនា)ក៏មានសប្បុរសជនមកផ្តល់អំណោផងដែរ។ លោកបានបញ្ជាក់ ពីប្រវត្តិគ្រួសារថា កុមារទាំងនេះមិនមែនកំព្រាទេ ជាកុមារដែលឪពុកម្តាយបោះបង់ចោលពួកគេមាន គ្នា៤នាក់ ក្នុងនោះកូនប្រុសបងឈ្មោះ ស៊ឺ គឹមសាន ១៧ឆ្នាំ ជាអ្នកមើលការខុសត្រូវនិងចញ្ចឹមប្អូនៗ ដោយការស៊ីឈ្នួលឃ្វាលគោអោយគេ ឈ្មោះ ស៊ឺ កំសត់ អាយុ១១ឆ្នាំភេទប្រុស ឈ្មោះ ស៊ឺ ស្រីនាថ អាយុ១០ឆ្នាំ ភេទស្រី និង ស៊ឺ ស្រីណៃ អាយុ៩ឆ្នាំ ភេទស្រី ពិការជើងដោយពស់ចឹកដំបៅរលួយ ត្រូវពេទ្យកាត់ ។
ពួកគេមាន ឪពុកឈ្មោះញឹម សៃ អាយុ៤៥ ឆ្នាំ ទៅមានប្រពន្ធចុងមិនដែលគិតគូរកូនទេ រីឯម្តាយឈ្មោះ យ៉ុន នី អាយុ៤២ ឆ្នាំ ទៅរកស៊ីនៅខេត្តមណ្ឌលគីរីបាត់ដំណឹងឈឹង ។ ពួកគេនៅមានបងប្អូន៣នាក់ទៀត ម្នាក់ទៅធ្វើការនៅភ្នំពេញ ម្នាក់មានប្តី និងម្នាក់ទៀតទៅស៊ីឈ្នួលលាងចានអោយគេ មិនដែលបានជួយ មកដល់ ពួកគេប្អូនទាំង៤នាក់នេះឡើយ។ អាជ្ញាធរមូលដ្ឋាន និងកុមារកំព្រាខាងលើ សូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ និងសូមជូនពរ លោកជំទាវ លោក លោកស្រី សូមជួបតែសេចក្តីសុខនិងរកស៊ីទទួលទានមានបានជារៀងរហូត៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1Ce9kQd