កាមរីគូថហើមរបស់មន្ត្រីយោធា បុកបង្គោលភ្លើងខ្ទេចមួយកំណាត់មុខព្រោះតែគេចពីម៉ូតូមួយគ្រឿង
ខេត្តកំពង់ឆ្នាំង៖ រថយន្តកាមរីគូថហើមរបស់មន្ត្រីយោធាម្នាក់មានឋានៈថ្នាក់វរសេនីយ៍ទោបានបើកទៅបុកបង្គោលភ្លើងមុខវត្តខ្សាម បណ្តាលអោយរថយន្តខូចខ្ទេចមួយកំណត់មុខ ដោយបានប្រាប់សមត្ថកិច្ចថាគេចពីម៉ូតូ១គ្រឿង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៩១ និងលេខ៩២ ស្ថិតក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននិយាយអោយដឹងថា៖ មុនពេលកើតហេតុ គេឃើញរថយន្តខាងលើពណ៌ត្រាវ ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 2A .0786 បើកបរដោយមន្ត្រីយោធាខាងលើ បានបើកក្នុង ដំណើរពីជើងមកត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរ៉េចង្កូតទៅស្តាំដៃ រួចទៅបុកបង្គោលភ្លើងធំមួយដើម បណ្តាលអោយខ្ទេចមុខមួយកំណាត់សំណាងល្អអ្នកជិះក្នុងរថយន្តដែលមានមនុស្ស២នាក់រួមទាំងអ្នកបើកបរផងមិនមានរងរបួសនោះទេ ចំណែកបង្គោលភ្លើងគ្រាន់តែរង្គើរតែប៉ុណ្ណោះ។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបាននិយាយថា មន្ត្រីយោធាមានឋានៈថ្នាក់វរសេនីយ៍ទោរូបនោះ ជាជំនួយការផ្ទាល់របស់មន្ត្រីជាន់ខ្ពស់ម្នាក់ ដោយគាត់បានប្រាប់សមត្ថកិច្ចថា គាត់បានគេចពីម៉ូតូមួយ គ្រឿងទើបបណ្តាលអោយទៅបង្គោលភ្លើងបែបនេះ ។
ក្រោយពេលកើតហេតុគេឃើញមេការក្រុមហ៊ុន អគ្គីសនីទៅពិនិត្យមើលបង្គោលភ្លើងឃើញរងការខូចខាតតិចតួច ទើបមិនទៀមទារសំណងអ្វី ហើយសមត្ថកិច្ចនគរបាលក៏មិនបានឃាត់រថយន្តខាងលើនេះដែរ ដោយជួយរករថយន្តមកជួយស្ទូចរថយន្ត ខាងលើទៅជួសជុលដោយខ្លួនឯង ៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1Itl5Yq