ឃុំខ្លួនស្ត្រីជាថៅកែហាខារ៉ាអូខេម្នាក់ ពីបទសញ្ចាកម្ម និងវាយបង្ខំនារីខារាអូខេម្នាក់ឲ្យរួមភេទជាមួយភ្ញៀវ ខណៈនាងមានរដូវ ដើម្បីកាត់យកប្រាក់ថ្លៃបន្ទប់ និងថ្លៃរកភ្ញៀវឲ្យ
ខេត្តកំពង់ឆ្នាំង៖ សាលាដំបូងខេត្តកំពង់ឆ្នាំង បានសម្រេចឃុំខ្លួនស្ត្រីជាថៅកែខាអូរខេម្នាក់ ផ្ទះខារាអូខេគ្មានយីហោកាលពី រសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៥ ដោយចោទប្រកាន់ពីបទ “ សញ្ចាកម្ម ” និងប្រើអំពើហិង្សា ទៅលើនារីខារាអូខេម្នាក់ ខណៈនាងបានប្រកែក ព្រោះមានរដូវ ស្រាប់តែត្រូវថៅកែហាងរូបនោះ ចាប់បោចសក់ទះកំភ្លៀង វាយក្បាលនឹងទូរស័ព្ទ និងធាក់ខ្នងមួយជើង បណ្តាលអោយចុកដួលទៅដី ដែលបានប្រព្រឹត្តឡើងកាលពីវេលាម៉ោង ១១ និង៣០នាទី ថ្ងៃត្រង់ថ្ងៃទី១២ ខែមេសា នៅក្នុងហាងខារាអូខេមួយ ស្ថិតក្នុងភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ។
លោក កេត យ៉ុង នាយការិយាល័យនគរបាលប្រឆាំងការជួញដូមនុស្ស និងការពារអនីតិជន របស់ ស្នងការនគរបាលខេត្ត បាននិយាយអោយដឹងថា៖ ស្ត្រីជាថៅកែហាងខារ៉ាអូខេ គ្មានយីហោរូបនោះមាន ឈ្មោះ ហេង ស្រីម៉ាច អាយុ៤២ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។ ចំណែកនារីរងគ្រោះជាស្រី ខារាអូខេ មាន ឈ្មោះ គ.ម.ល អាយុ២២ឆ្នាំ ។ លោកបានបន្តអោយដឹងថា៖ នៅវេលាម៉ោង១១ និង៣០ នាទី ថ្ងៃត្រង់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៥ មានភ្ញៀវចូលច្រៀងខារាអូខេ និងបន្ទាប់មកភ្ញៀវត្រូវការស្រីទៅដេក ពេលនោះម្ចាស់ហាងខារាអូរខេ ឈ្មោះ ហេង ស្រីម៉ាច បានបង្ខំអោយនារីខារាអូខេ ខាងលើទៅរួមភេទជាមួយ ភ្ញៀវ តែនាងបានប្រកែក ព្រោះមានរដូវ ស្រាប់តែត្រូវថៅកែហាងរូបនោះ ចាប់បោចសក់ទះកំភ្លៀង វាយក្បាលនឹងទូរស័ព្ទ និងធាក់ខ្នងមួយជើង បណ្តាលអោយចុកដួលទៅដី។
ក្រោយពេលកើតហេតុនារីរងគ្រោះបានដាក់ ពាក្យ ប្តឹងថៅកែស្រីរូបនោះតែម្តង និងបានប្រាប់សមត្ថ កិច្ចថា កន្លងមកថៅកែហាងតែងបង្ខំអោយនារីរងគ្រោះទៅរួមភេទជាមួយភ្ញៀវ ក្នុងម្តងៗតម្លៃ៣០ដុល្លារ ដោយថៅកែកាត់យកថ្លៃបន្ទប់៥ដុលា្លថ្លៃដេក៥ដុល្លាទៀត។ ដោយឡែកនារីខារាអូខេដទៃទៀតដែលមានគ្នា៤-៥នាក់ក៏ត្រូវថៅកែរូបនោះអោយដេកជាមួយភ្ញៀវ និងកាត់យកលុយដែរ ។
លោកប្រធានការិយាល័យបានបញ្ជាក់ថា ពាក្យ “សញ្ចាកម្ម” ក្នុងច្បាប់ប្រឆាំងការជួញដូរមនុស្ស គឺ មានន័យថា អ្នកទាញយកផលចំណេញពីស្ត្រីបេស្យាចារ្យ គឺត្រូវមានទោស ដូចករណីស្ត្រីម្ចាស់ហាងខាងលើ នេះមិនទាន់គិតការប្រើអំពើហិង្សាបង្ខំអោយនារីទៅរួមភេទជាមួយភ្ញៀវផង ហេតុនេះទើបតុលាការសម្រេចឃុំខ្លួន ដើម្បីជំនុំជម្រះផ្តន្ទាទោសតាមផ្លូវច្បាប់៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1JjsyJs