កូនប្រសាជាទាហានស្រវឹងខួប ទាញកាំភ្លើងអាកាបាញ់សម្លាប់ម្ដាយក្មេក និងប្អូនថ្លៃស្រីម្នាក់ ដោយសារទំនាស់រាលដាលចេញពីរឿងប្រចណ្ឌប្រពន្ធ
ខេត្តកំពង់ស្ពឺ៖ មន្ត្រីយោធាប្រមឹកស្រាម្នាក់នៅកងពលលេខ៣១ នៃបន្ទាយស្រែខ្លុង បាបយកកាំភ្លើងអាកា (AK) បាញ់ស្ត្រីចំណាស់ម្នាក់ជាម្ដាយក្មេក និងប្អូនថ្លៃស្រីម្នាក់ក្នុងស្ថានភាពក្រីក្រផងនោះស្លាប់យ៉ាងអាណោចអាធ័មដោយសារទំនាស់ពាក្យសំដីបន្តិបន្ទួច ប៉ុន្តែដោយសារជនបង្កញៀនស្រាស្រវឹងខួប និងតែងតែឈ្លោះជេរប្រមាថ ហើយវាយធ្វើបាបប្រពន្ធរបស់ខ្លួនជាញឹកញាប់ ហើយខណៈពេលនេះបានរត់គេចខ្លួនចេញពីផ្ទះដោយខ្លាចធ្វើបាប និងសម្លាប់ចោលនោះ ទើបធ្វើឲ្យមន្ត្រីយោធាប្រមឹកស្រារូបនោះមួម៉ៅបង្កជម្លោះ បាញ់សម្លាប់ម្ដាយក្មេក និងប្អូនថ្លៃស្រីគ្មានញញើតដៃ។ ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង ៩ និង២០ នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៥ នៅភូមិព្រះខែ ឃុំដំបូករូង ស្រុកភ្នំស្រួចស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ជនបង្ក បន្ទាប់ពីធ្វើសកម្មភាពបាញ់ប្រហារបានរត់គេចខ្លួនបាត់ដោយយកកាំភ្លើងទៅជាមួយ ។
ក្រោយកើតហេតុកម្លាំងអាជ្ញាធរមានសមត្ថកិច្ចខេត្តកំពង់ស្ពឺបានចេញទៅអន្តរាគមន៍ ដោយបញ្ជូនកម្លាំងដេញតាមប្រមាញ់ហើយបានកំពុងព័ទ្ធស្វែងរកចាប់ជនដៃដល់ដែលគេសង្ស័យថា បានសំងំលាក់ខ្លួននៅលើភ្នំមួយឋិតនៅភូមិព្រះខែ ឃុំដំបូករូង ស្រុកភ្នំស្រួច បន្ទាប់ពីធ្វើសកម្មភាពបាញ់ប្រហារបណ្ដាលហើយបានគេចខ្លួនទៅទីនោះ។
អាជ្ញាធរមូលដ្ឋានបានប្រាប់ឲ្យដឹងថា ក្រោយពីក្រុមបច្ចេកទេសបានធ្វើកោសល្យវិច័យរកឃើញថា ជនរងគ្រោះឈ្មោះ គង់ ហាវ អាយុ ៧០ឆ្នាំ ជាម្ដាយក្មេកជនសង្ស័យ បានស្លាប់ដោយត្រូវគ្រាប់កាំភ្លើង ១គ្រាប់ចំគល់ក្លៀកខាងស្ដាំ និងស្ត្រីឈ្មោះ សាំ ស្រីវិត អាយុ៣១ឆ្នាំ ជាប្អូនថ្លៃជនសង្ស័យ បានស្លាប់ដោយត្រូវ ២គ្រាប់ចំដើមទ្រូងខាងស្ដាំ នាងបានស្លាប់បន្សល់ទុកកូនតូចៗចំនួន ៣នាក់ឲ្យកំព្រា។ ចំណែកជនសង្ស័យដែលកម្លាំងសមត្ថកិច្ចកំពុងស្វែងរកមានឈ្មោះ សំ សាវ៉ាន់ អាយុ ៤៨ឆ្នាំ ជាទាហានកងពលលេខ៣១ នៃបន្ទាយស្រែខ្លុង។ ក្រោយពេលដែលបាញ់សម្លាប់ម្ដាយក្មេក និងប្អូនថ្លៃ ហើយ ជនសង្ស័យដេញបាញ់សម្លាប់កូនប្អូនថ្លៃទៀត តែមិនបានសម្រេចត្រូវក្មេងតូចនោះរត់គេចខ្លួនផុត។
ទាក់ទងបញ្ហានេះ លោកស្រី គង់ ស្រីម៉ៅ អាយុ ៣៥ឆ្នាំ ជាប្រពន្ធជនសង្ស័យបានរៀបរាប់ថា ប្ដីរបស់គាត់បានស្រវឹងស្រារករឿងជេរប្រមាថ រួចវាយធ្វើបាបគាត់ចំនួន ២ថ្ងៃមកហើយ ដោយសារតែរឿងប្រច័ណ្ឌ។ គាត់បន្តថា នៅថ្ងៃកើតហេតុ គាត់បានគេចខ្លួនទៅភូមិផ្សេងតាំងពីព្រឹកព្រលឹម ដោយសារគាត់ខ្លាចប្ដីដែលមានអាវុធជាប់ខ្លួន ប៉ុន្តែនៅថ្ងៃដដែល អ្នកជិតខាងប្រាប់ដំណឹងថា ប្ដីរបស់គាត់បាញ់សម្លាប់ម្ដាយ និងប្អូនស្រីនៅឯផ្ទះ ដែលគាត់មិនបានដឹងទេថាមកពីបញ្ហាអ្វីនោះ។ គាត់បានទទូចឲ្យសមត្ថកិច្ចចាប់ខ្លួនប្តីកំណាចនោះឲ្យបាន។
លោកស្រី គង់ ស្រីម៉ៅ ជាប្រពន្ធបានឲ្យដឹងទៀតថា ជនសង្ស័យជាប្ដីក្រោយដែលគាត់ទើបរស់នៅជាមួយគ្នាបាន៥ឆ្នាំ គេតែងតែស្រវឹងប្រើហិង្សាមកលើគាត់។ ចំណែកសពម្ដាយ និងប្អូនស្រីគាត់ បានរៀបចំធ្វើបុណ្យនៅវត្តទឹកថ្លា ឋិតនៅក្នុងឃុំដំបូករូង មិនហ៊ានធ្វើបុណ្យនៅផ្ទះឡើយ ព្រោះខ្លាចជនសង្ស័យមករករឿង។ ស្ត្រីរងគ្រោះឈ្មោះ សាំ ស្រីវិត បានស្លាប់បន្សល់ទុកកូនតូចៗចំនួន ៣នាក់៕
http://ift.tt/1yHecmn