Insurance

728x90

ពិរុទ្ធជន ថោង សារ៉ាត់ ប្រឈមជាប់គុកមួយ ជីវិតក្នុងសំណុំ រឿងបញ្ជាឱ្យ ឃាតករបាញ់ សម្លាប់ លោកឧកញ៉ា អ៊ឹង ម៉េងជឺ

ភ្នំពេញ ៖ ពិរុទ្ធជន ថោង សារ៉ាត់ ដែលជាមេខ្លោងនៃអំពើឃាតកម្មគិតទុកជាមុន បញ្ជាឱ្យ ឃាតករបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺយ៉ាងសាហាវព្រៃផ្សៃកណ្តាលរាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួន និង ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេច បញ្ជូនទៅឃុំខ្លួន ក្នុងពន្ឋនាគារព្រៃស កាលពីវេលាម៉ោង១៧និង៣០នាទី ល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥ ក្រោមការចោទប្រកាន់ពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន ។ លោក លី សុខលេង ចៅក្រមស៊ើបសួរ បានចំណាយពេលជាង៣ម៉ោង ក្នុងការសាកសួរ មុននឹងចេញដីកាបង្គាប់ឱ្យឃុំខ្លួន ថោង សារ៉ាត់ ។

ឯកឧត្តមឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិបានមានប្រសាសន៍ថា ថោង សារ៉ាត់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅភូមិមួយក្នុងខេត្តស្វាយរៀង ក្បែរព្រំដែនប្រទេសវៀតណាម កាលពីព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥ ។

ពិរុទ្ធជន ថោង សារ៉ាត់ ត្រូវបានចាប់ខ្លួនតាមដីការបស់តុលាការ ដោយចោទប្រកាន់ពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា២៨និង២០០ នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមមុខនឹងការជាប់ពន្ឋនាគារអស់មួយជីវិត ពាក់ព័ន្ឋនឹងការបញ្ជាឱ្យអង្គរក្សបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ កាលវេលាម៉ោង ៧ និង ១៨នាទី យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈដែលលោកឧកញ៉ា អ៊ឹង ម៉េងជឺ ចុះពីរថយន្តឡិចស៊ីស ៥៧០ ដើម្បីទៅទិញផ្លែឈើ នៅមុខហាងលក់ផ្លែឈើ ឡោ តិចសេង ស្ថិតនៅផ្លូវលេខ ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ។

នៅឯតុលាការនោះដែរក៏មានវត្តមានលោក ឱម យ៊ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការសាកសួរ ថោង សារ៉ាត់ ផងដែរ ។ ក្នុងសំណុំរឿងនេះ ក្រៅពីថោង សារ៉ាត់ នៅមានអង្គរក្ស៤នាក់ទៀតរបស់ ថោង សារ៉ាត់ កំពុងជាប់ពន្ឋនាគារ ។

អង្គរក្សទាំង៤នាក់នេះមាន ឈ្មោះ សៀង វាសនា អាយុ៤៤ឆ្នាំ ជាជនដល់ដល់ មុខរបរយោធា បម្រើការងារនៅ ង៧០ មានស្រុកកំណើតសង្កាត់លេខ៥ ក្រុងភ្នំពេញ និង មានទីលំនៅបច្ចុប្បន្ន ផ្ទះគ្មានលេខ ផ្លូវលំ ភូមិផ្លៀត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានកូន២នាក់ ។ ឈ្មោះ មាស សម្បត្តិ ហៅទូច អាយុ២៧ឆ្នាំ មុខរបរយោធា បម្រើការងារនៅ ង៧០ មានស្រុកកំណើត ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ និង មានទីលំនៅបច្ចុប្បន្ន ផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ មានកូនម្នាក់ ។ ជនត្រូវចោទទាំងពីរនាក់ ត្រូវបានតុលាការចោទប្រកាន់ពីបទ “ ឃាតកម្មគិតទុកជាមុន ”។ ឈ្មោះ កូយ ចាន់ថុល អាយុ២៩ឆ្នាំ ( អ្នកមើលផ្លូវ ) មុខរបរអង្គរក្ស មានស្រុកកំណើត ភូមិគោកព្រីង ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និង មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅផ្ទះថោង សារ៉ាត់ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មានកូនម្នាក់និងឈ្មោះ លី សៅ ហៅវី អាយុ២៨ឆ្នាំ (អ្នកឌុបជនដៃដល់) មានស្រុកកំណើត ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងមានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៤៧ ផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មានកូនម្នាក់ ។ ជនត្រូវចោទទាំងពីរនាក់ ត្រូវបានតុលាការ ចោទប្រកាន់ពីបទសមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន ។

យោងតាមមាត្រា២០០ និង ២៩ នៃក្រមព្រហ្មទណ្ឌ ឃើញថា ក្រុមជនត្រូវចោទទាំងអស់អាច ប្រឈមមុខនឹងការជាប់ពន្ឋនាគារអស់មួយជីវិត ប្រសិនបើតុលាការរកឃើញថាមានពិរុទ្ឋភាពដូច ការចោទប្រកាន់មែន ៕


ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ


TS-18-April-2015-08-17-24-51710






from Khmernote - The best entertainment website in Cambodia http://ift.tt/1aHbfGO
ពិរុទ្ធជន ថោង សារ៉ាត់ ប្រឈមជាប់គុកមួយ ជីវិតក្នុងសំណុំ រឿងបញ្ជាឱ្យ ឃាតករបាញ់ សម្លាប់ លោកឧកញ៉ា អ៊ឹង ម៉េងជឺ ពិរុទ្ធជន ថោង សារ៉ាត់ ប្រឈមជាប់គុកមួយ ជីវិតក្នុងសំណុំ រឿងបញ្ជាឱ្យ ឃាតករបាញ់ សម្លាប់ លោកឧកញ៉ា អ៊ឹង ម៉េងជឺ Reviewed by yim PH on 10:46 AM Rating: 5

Entertainment

ads
Powered by Blogger.