ក្មេងទំនើង ឌួង ឧត្តមឆវិន ហៅ ឌួង ឆាយ កូនប្រុសរបស់លោកឧកញ៉ា ឌួង ងៀប សមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ បន្ទាប់ពីវាយ និងគម្រាមបាញ់សម្លាប់ ទៅលើកូនប្រុស លោកឧកញ៉ាមហាសេដ្ឋី ទ្រី ភាព
ភ្នំពេញ៖ ឈ្មោះ ឌួង ឧត្តមឆវិន ហៅ ឌួង ឆាយ (អ្នកភ្នំពេញហៅថាអាម៉ាប់បឹងព្រលឹត)ជាកូនប្រុស លោកឧកញ៉ា ឌួង ងៀប ដែលសម្បូរលុយមានឋានៈជាអនុប្រធានាយដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ និងជាថៅកែប្រមូលភាស៊ីប៉ាណូផ្សាយពាណិជ្ជកម្ម ស្លាកយីហោហាងលក់ដូរនៅក្នុងទីក្រុងភ្នំពេញ។ ឌួង ឧត្តមឆវិន ហៅ ឌួង ឆាយ ដែលទើបតែចេញពីគុកថ្មីៗ បានចេញមកអង្រួនក្រុងភ្នំពេញសារជាថ្មី ដោយបង្កហិង្សាវាយតប់ ទះកំភ្លៀង និងគម្រាមបាញ់សម្លាប់ ទៅលើកូនប្រុសឧកញ៉ា ទ្រី ភាព ដ៏មានអំណាចទឺកប្រាក់ ក្នុងរបរប្រមូលឈើម្នុងស្រុកខ្មែរ យកទៅលក់ឲ្យវៀតណាម និងចិន ឈ្មោះ ទ្រី ដាលុច ព្រោះតែគេមើលចំមុខ កាលពីវេលាម៉ោងប្រមាណជិត ២០ និង០០នាទី យប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ នៅក្នុងហាងចាក់សាក់ មួយ កន្លែង ឈ្មោះ RSD 2nd ផ្ទះលេខ២៦ ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន តាមបណ្តោយផ្លូវ ព្រះសីហនុ។
ឌួង ឧត្តមឆវិន ហៅ ឌួង ឆាយ ជាក្មេងទំនើងដ៏ល្បីឈ្មោះក្នុងរាជធានីភ្នំពេញ ធ្លាប់ប្រព្រឹត្តបទល្មើសបង្កអំពើហិង្សា និងបាញ់បោះសេរី និងជំនួញឈើខុសច្បាប់ ដែលទើបតែចេញពីគុក មិនទាន់បាត់ក្លិនផង បានប្រព្រឹត្តអំពើហិង្សាវាយនិងគំរាមបាញ់សម្លាប់ទៅលើកូនឧកញ៉ា ទ្រី ភាព ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពញ កាលពីរសៀល ម៉ោង២ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៥ នេះ។ ជនបង្កត្រូវស្ថិតក្រោមការសាកសួរពីតំណាងអយ្យការ លោក កុល បុន ដោយ ចោទប្រកាន់ទោសចំនួន ២ករណី ទី១- បទហិង្សាដោយចេតនា និងទី២- បទគំរាមថានឹងបាញ់សម្លាប់។
សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កមានឈ្មោះ ឌួង ឆាយ ភេទប្រុស អាយុ២៨ឆ្នាំ ត្រូវជាកូនលោកឧកញ៉ា ឌួង ងៀប ជូនរូបនេះទើបនឹងចេញពីគុក PJ ពាក់ព័ន្ធប្រើអំពើហិង្សា ស្ថានទម្ងន់ទោស បំផ្លិតបំផ្លាញទ្រព្យ សម្បត្តិអ្នកដ៏ទៃ និងបាញ់បោះសេរី។ ដោយឡែកជនរងគ្រោះមានឈ្មោះ ទ្រី ដាលុច ភេទប្រុស អាយុ ២១ឆ្នាំ ត្រូវជាកូនមហាសេដ្ឋីអ្នកឧកញ៉ា មេជំនួញឈើដ៏ល្បីល្បាញនៅកម្ពុជា ឈ្មោះ ទ្រី ភាព ដែលស្ទើរតែ ផ្តាច់មុខក្នុងការទទួលទិញឈើល្មើសច្បាប់ នាំចេញទៅវៀតណាមតាមច្រកព្រំដែនគោគ និងទៅប្រទេស ចិនតាមកំពង់ផែក្រុងព្រះសីហនុ។
សូមរំឭកថា មុនពេលកើតហេតុ កូនឧកញ៉ា ទ្រី ភាព ឈ្មោះ ទ្រី ដាលុច និងប្អូនប្រុសម្នាក់ទៀត រួមជាមួយនឹងមិត្តភក្តិ បានទៅចូលរួមក្នុងកម្មវិធីមួយ ក្រោយមកក៏ត្រលប់ចូលអង្គុយលេង ហាងសាក់រូប ស្ថិតក្នុងខណ្ឌចំការមន។ គ្រានោះ ឈ្មោះ ឌួង ឆាយ ត្រូវជាកូនឧកញ៉ា ឌួង ងៀប ក៏បានដើរចូលទៅក្នុងហាងសាក់រូបនោះផងដែរ ដើរដោយដំណើរស្ទីលជើងកាងធ្វើឫកក្អេងក្អាង ទើបអ្នកនៅក្នុងហាង រួមទាំងកូនឧកញ៉ា ទ្រី ភាព ផងដែរភ្ញាក់ផ្អើលមើលមុខ ទើបធ្វើឲ្យ ឌួង ឆាយ ដែលមានអត្តចរិតជាអ្នកលេងស្រាប់ផងនោះ ខឹង ហើយស្របពេលដែលកូនឧកញ៉ា ទ្រី ភាព ដើរចូលទៅជិត យកទូរស័ព្ទទៅដោតព្រីសាកថ្មក្បែរទៀតនោះ ជនបង្ក ឌួង ឆាយ ក៏បានស្រែកសំឡុតថាអ្ហែងមិនស្គាល់អញជាអ្នកណាទេ ព្រមទាំងទះមួយកំភ្លៀង មិនអស់ចិត្តទេ ដោយភាពទំនើងនៅពេញខ្លួន ក៏បានស្ទុះទៅវាយដំណំបន្ថែមទៀត ត្រូវចំក្រោមស្និតផ្កា បណ្តាលឲ្យបែកឈាមប្រុយៗ។
សមត្ថកិច្ចបន្តថា ជនរងគ្រោះ មិនបានតបតជាមួយនឹងជនបង្កនោះទេ ប៉ុន្តែ ឌួង ឆាយ នៅតែធ្វើសកម្ម ភាព វាយបន្ថែម និងបញ្ជាឲ្យអង្គរក្សយកកាំភ្លើង ថាគំរាម និងបាញ់សម្លាប់ចោល ប៉ុន្តែក្រុមអង្គរក្សមិនបានស្តាប់បទបញ្ជា ទើបម្ចាស់ហាងស្ទុះទៅសម្របសម្រួល។ ភ្លាមៗនោះ ឌួង ឆាយ ក៏បានចូលរថយន្តបើកចេញ ក្នុងគោលបំណងគេចខ្លួច ប៉ុន្តែធ្វើដំណើរដល់ចំនុចម្តុំនាគបាញ់ទឹក ស្ថិតនៅក្នុងខណ្ឌដូនពេញ ក៏ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនបាន។
ខណៈ ក្មេងទំនើង ឌួង ឧត្តមឆវិន ហៅ ឌួង ឆាយ ត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្ននេះ មិនថា ឈ្មោះ ទ្រី ដាលុច ជាពិសេសឧកញ៉ា ទ្រី ភាព និងក្រុមគ្រួសារអបអរសាទរនោះទេ សូម្បីតែអ្នកក្រុងភ្នំពេញជាពិសេសក្រុមអ្នកលេងហ្វេសប៊ុកក៏ពេញចិត្តនឹងចំណាត់ការរបស់សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងភ្នំពេញ និង តុលាការដែលមិនអនុញ្ញាតឲ្យជនទំនើងដែលព្យាយាមអុកឡុកសង្គមប្រព្រឹត្តតាមក្បាលចិត្តយ៉ាងដូច្នេះ ហើយបានអំពាវនាវឲ្យដាក់ទោសជននេះឲ្យបានកំរឹតទ្វេគុណ ព្រោះជននេះធ្លាប់ជាប់គុកម្តងរួចមកហើយ ដែលគេមិនព្រមរាងចាល និងកែខ្លួនធ្វើជាពលរដ្ឋល្អ៕ យុវតីភ្នំពេញ
http://ift.tt/1DhkBD8