សម្លាប់យុវជនម្នាក់ យកទៅ បោះចោល ក្រោមស្ពាន S2 ស្រុកបាធាយ នគរបាល កំពុងស្វែងរក សាច់ញាតិ
កំពង់ចាម ៖ សពយុវជនម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់នៅក្រោមស្ពាន S2 ក្នុងភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ដោយមានស្នាមកាប់នៅលើក្បាលចំនួន ៣កន្លែង កាលពីវេលា ម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥ ដែលករណីនេះត្រូវបាន សមត្ថកិច្ចអះអាងថា ជនរងគ្រោះត្រូវគេសម្លាប់ពីកន្លែងផ្សេង ហើយយកមកបោះចោលនៅក្រោមស្ពាន។
អធិការនគរបាលស្រុកបាធាយ លោកវរសេនីយ៍ត្រី សំ ណាល់ បានបញ្ជាក់នៅក្នុងរបាយការណ៍ របស់ខ្លួនថា សពជនរងគ្រោះត្រូវបានលោក ឈឿន ស៊ាវ អាយុ ៤៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ជាអ្នក ឃ្វាលពពែល បានប្រទះឃើញ រួចហើយរាយការណ៍ជូននគរបាលមូលដ្ឋាន។
លោក សំ ណាល់ បានបន្តទៀតថា ក្រោយពីទទួលបានព័ត៌មានរួចមក មន្រ្តីនគរបាលរបស់លោក សហការជាមួយនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្ត ចុះទៅកាន់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ។
អធិការស្រុកបាធាយ បានបញ្ជាក់ថា ក្រោយការវិភាគនិងពិនិត្យរួចមក សពជនរងគ្រោះមានកម្ពស់ ១.៧០ សម្បុរស សក់ស្លូត ស្លៀកសម្លៀកបំពាក់ ខោខឺប៊យ ពណ៌ទឹកប៊ិច អាវយឺតដៃខ្លី ពណ៌ស្លែ ហើយមានស្នាម កាប់លើក្បាលចំនួន៣កន្លែង និងមិនមានអ្វីបន្សល់ទុកនៅកន្លែង សាកសពនោះឡើយ ។
យោងតាមរបាយការណ៍ របស់អធិការស្រុកបាធាយ បានសន្និដ្ឋានថា ជនរងគ្រោះដែលស្លាប់នេះ មិនស្គាល់អត្តសញ្ញាណ ហើយក៏មិនមែនស្លាប់នៅ នឹងកន្លែងកើតហេតុនេះទេ ពោលត្រូវជនមិនស្គាល់មុខ សម្លាប់នៅកន្លែងផ្សេង ហើយយកមកទម្លាក់ចោលនៅក្រោមស្ពាន។
ជុំវិញការប្រទះឃើញសព ជនរងគ្រោះខាងលើនេះ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន សូមអំពាវនាវ ទៅដល់ប្រជាពលរដ្ឋទាំងឡាយណា ដែលបាត់សមាជិក និងឃើញភិនភាគសព ដូចនៅក្នុងបណ្តាញ សារព័ត៌មាន សូមមកទំនាក់ទំនងនៅអធិការដ្ឋាននគរបាលស្រុកបាធាយ ខេត្ត កំពង់ចាម ដើម្បីធ្វើការ សួរនាំ និងស្រាវជ្រាវតាមចាប់ជនដៃដល់ ដែលសម្លាប់ជនរងគ្រោះនោះ ។
បច្ចុប្បន្ននេះសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុកជាបណ្តោះអាស្ន ទម្រាំអាចស្វែងរក សាច់ញាតិនិងក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល
from Khmernote - The best entertainment website in Cambodia http://ift.tt/1J4BUw1