បុរស៥នាក់ ជាប់ពាក់ព័ន្ឋលួចសម្ភារៈរបស់ជនបរទេស ត្រូវប៉ូលិសចាប់ខ្លួន
ខេត្តព្រះសីហនុ៖ ក្រុមកម្មករសំណង់រួមជាមួយនឹងសន្តិសុខឯកជន PSA ចំនួន៥នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាល សង្កាត់លេខ៤ ដឹកនាំដោយលោកអនុសេនីយ៍ទោ លុយ ហាង ឃាត់ខ្លួនជាបន្តរបន្ទាប់ ចាប់តាំងពីម៉ោង១៤ រហូតដល់ម៉ោង២២យប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥នេះ នៅចំណុចផ្សេងគ្នា ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
លោកអនុសេនីយ៍ទោ លុយ ហាង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ បានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ SAKIP CATAL ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិទួរគី កាន់លិខិតឆ្លងដែនលេខ១០៤៧៨៩៧៦ មានមុខរបរបើក ហាង លុយ ភេជ្ជៈយីហោ REGA ថា មានមនុស្សចូលលួចយកនូវសម្ភារៈក្នុងហាងដែលកំពុងធ្វើការជួសជុល នាចន្លោះម៉ោង៧ព្រឹកទៅម៉ោង១១ថ្ងៃត្រង់ ដោយបាត់បង់សម្ភារៈមួយចំនួនរួមមាន៖ -ម៉ាស៊ិនបោកខោអាវ -ទូទឹកកក -ម៉ាស៊ិន -ភ្លើងអាំវើទឺ និង -ធុងក្លាសស្សេចំនួន០១។
លោកអនុសេនីយ៍ទោ លុយ ហាង បន្តថា ក្រោយពីបានទទួលព័ត៌មានភ្លាមលោកបានចាត់កម្លាំងចុះធ្វើការស្រាវជ្រាវភ្លាម ដោយឃាត់ខ្លួនបានជនសង្ស័យទី១ឈ្មោះ ស៊ុង សុភី ភេទ ប្រុស អាយុ៤៩ឆ្នាំ មុខរបរសន្តិសុខឯកជន PSA មានទីលំនៅក្រុម៣៤ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ជាជនដៃដល់ក្នុងការលួចសម្ភារៈ។ បន្ទាប់មកឃាត់ខ្លួនទី២ឈ្មោះ គង គឺមឡុង ភេទ ប្រុស អាយុ២៣ឆ្នាំ មានមុខរបកម្មករសំណង់ មានទីលំនៅក្រុម១២ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ (ជាអ្នកចូលរួមធ្វើសកម្មភាព) ទី៣ឈ្មោះ ស៊ិន ស៊ុំ ភេទប្រុស អាយុ៣៣ឆ្នាំ មានមុខរបកម្មករសំណង់ មានទីលំនៅក្រុម១២ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ទី៤ឈ្មោះ ណុប សំបូ ភេទ ប្រុស អាយុ៥២ឆ្នាំមានមុខរបកម្មករសំណង់ មានទីលំនៅក្រុម១២ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ(ដៃដល់ធ្វើសកម្មភាព) និងទី៥ ឈ្មោះ អូច សុធីន ភេទ ប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅក្រុមទី៦ ភូមិ៤ សង្កាត់លេខ៤ មានមុខរបរលក់នំប័ង្ក(បទទទួលផលចោរកម្ម)។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញសម្ភារៈមួយចំនួនរួមមានៈម៉ាស៊ិនបោកខោអាវ -ទូទឹកកក -ម៉ាស៊ិន -ភ្លើងអាំវើទឺ ។ បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់លេខ៤បញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមផ្លូវច្បាប់៕ ដោយ សមុទ្រខៀវ
http://ift.tt/1Pxduj7